កំពង់ធំ៖ កសិករតាមភូមិមួយចំនួនក្នុងខេត្តកំពង់ធំដែលរងគ្រោះដោយសារទឹកជំនន់បានត្អូញត្អែរថា ក្រៅពីជួបការលំបាកផ្នែកសេដ្ឋកិច្ចដោយសារបញ្ហាទឹកជំនន់ហើយ ឥឡូវត្រូវជួបការលំបាករកស្មៅឱ្យគោស៊ីថែមទៀត។ ទាក់ទងរឿងនេះប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំឆ្លើយតបថា មន្រ្តីពាក់ព័ន្ធបានចុះជួយចាក់ថ្នាំបង្កនិងព្យាបាលជំងឺដល់សត្វចិញ្ចឹមពិសេសសត្វគោដល់ប្រជាពលរដ្ឋដែលរងទឹកជំនន់ តែរឿងចំណីសត្វគោប្រធានមន្ទីរកសិកម្មខេត្តដាស់តឿនដល់កសិករត្រូវត្រៀមចំណីបម្រុងទុកជាមុនសម្រាប់សត្វចិញ្ចឹមរបស់ខ្លួន។
អត្ថបទដោយ យឿន ស៊ីឌី រាយការណ៍ដោយកញ្ញា កែវ សុជាតា
ប្រជាកសិកររងគ្រោះដោយសារទឹកជំនន់តាមភូមិមួយចំនួនក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលក្រុមសិក្ខាកាមរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បានចុះសម្ភាសន៍ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេលំបាកទៅស្វែងរកស្មៅឱ្យគោស៊ីខ្លាំងណាស់បន្ទាប់ពីរងទឹកជំនន់។
ការលើកឡើងនេះ ខណៈដែលបណ្តាលខេត្តក្រុងមួយចំនួន ពិសេសខេត្តកំពង់ធំតែម្តងត្រូវរងទឹកជំនន់ និងជំនន់ទឹកភ្លៀង។
លោក យូ ដែលរស់នៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនិយាយថា ដោយសារតែទឹកជំនន់ជន់លិចវាលស្រែ ប្រការនេះធ្វើឱ្យប្រជាកសិករលំបាកក្នុងការរកស្មៅផ្តល់ចំណីដល់សត្វគោ។ លោក យូ បន្តថា រាល់ថ្ងៃលោកត្រូវចំណាយពេលនិងថវិកាលើថ្លៃប្រេងសាំងជិះទូទៅរកស្មៅនៅតាមប្រឡាយ វាលស្រែ និងចំការនៅកន្លែងឆ្ងាយៗច្រូតស្មៅឱ្យគោ។ ជាងនេះទៀត លោកថាការច្រូតស្មៅក៏មានការលំបាកជាងមុន ព្រោះស្មៅលិចក្នុងទឹកពេលចុះច្រូតម្តងៗពេលខ្លះត្រូវឈ្លើងទាមនិងរមាស់ស្បែកទៀតផង។
ឆ្លើយតបក្នុងរឿងនេះលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំប្រាប់វិទ្យុស្រ្តីថា ក្នុងគ្រាប្រជាពលរដ្ឋជួបប្រទះគ្រោះទឹកជំនន់នេះ អាជ្ញាធរខេត្តបានចុះជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយបានចែកសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ចែកពូជស្រូវ ពូជបន្លែ និងចុះចាក់ថ្នាំព្យាបាលបង្កជំងឺលើសត្វពាហនៈរបស់ប្រជាកសិករដល់ទីកន្លែងផងដែរ។ ចំណែក ការលំបាករបស់ប្រជាកសិករទាក់ទងការរកស្មៅឱ្យគោនេះ លោកសូមឱ្យប្រជាកសិករត្រូវចេះត្រៀមរៀបចំទុកជាមុន សម្រាប់ចំណីសត្វចិញ្ចឹមពិសេស គោ ក្របី ដោយត្រូវរកចំប៉ើងទុកបម្រុងឱ្យគោស៊ីពេលទឹកជន់លិចពិបាករកស្មៅ។
តាមរបាយការណ៍ដែលរាយការណ៍ដោយលោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានឱ្យដឹងថា ទឹកជំនន់បានជន់លិចផ្ទះប្រជាពលរដ្ឋក្នុងស្រុកចំនួន ៤ ធ្វើឱ្យប្រជាពលរដ្ឋជាង១ម៉ឺន ៥ពាន់គ្រួសារ ត្រូវរងផលប៉ះពាល់។ ដោយឡែកស្រូវស្រែដែលខូចខាតមានចំនួនប្រមាណ ១ម៉ឺន ២ពាន់ហិកតា។បច្ចុប្បន្នតាមរយៈកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលប្រជាកសិករដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ប្រមាណ៧ពាន់គ្រួសារបានទទួលពូជស្រូវ និងបន្លែ សម្រាប់ដាំដុះឡើងវិញពេលទឹកសម្រក់វិញ៕
អត្ថបទខ្លីនេះសរសេរដោយ យឿន ស៊ីឌី ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។