តាមរយៈសេចក្ដីថ្លែងការណ៍រួមរបស់គណបក្សភ្លើងទៀន ដែលចេញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីនេះគណបក្សភ្លើងទៀន បានថ្កោលទោសចំពោះបុគ្គលទាំងឡាយណាដែលមានចេតនាប្រមាថ ឬរំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។
តាមរយៈសេចក្តីថ្លែងការរបស់ខ្លួន គណបក្សភ្លើងទៀន ប្រកាសគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។
ការចេញសេចក្ដីថ្លែងការណ៍រួមនេះ គឺឆ្លើយតបទៅនឹងការអំនាវនាវរបស់នាយករដ្ឋមន្ដ្រីកម្ពុជា កាលពីថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២២ ម្សិលមិញ ដែលបានហៅឈ្មោះអ្នកនយោបាយគណបក្សភ្លើងទៀនចំនួន ៣រូប មានលោក ទាវ វណ្ណុល លោក ស៊ុន ឆ័យ និងលោក ថាច់ សេដ្ឋា ឱ្យបកស្រាយរឿងលោក សម រង្ស៊ី ដែលសម្ដេចហៅថា ជនក្បត់ជាតិពាក់ព័ន្ធរឿងប៉ះពាល់ដល់ព្រះចេស្ដា ព្រះមហាក្សត្រ។
តែយ៉ាងណា លោក សម រង្ស៊ី អតីតប្រធានស្តីទីគណបក្សសង្រ្គោះជាតិនៅតែបង្ហោះទស្សនៈរបស់លោកលើទំព័រហ្វេសប៊ុកជារឿយៗតាមរយៈការផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន។
យ៉ាងណាគណបក្សភ្លើងទៀន បានបញ្ជាក់ថា ដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានា ដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ៕