en     km
en     km

សត្វព្រៃរស់នៅលើដី ៦៧ ប្រភេទក្នុងចំណោម ១៥០ ប្រភេទរងការបរបាញ់ខុសច្បាប់

Share

ភ្នំពេញ៖ ក្នុងចំណោមសត្វព្រៃដែលរស់នៅលើដីចំនួន ១៥០ប្រភេទ  មាន៦៧ប្រភេទ ត្រូវបានគេបរបាញ់ដោយខុសច្បាប់ ហើយភាគច្រើនសម្រាប់យកសាច់។ នេះបើផ្អែកតាមប្រភពព័ត៌មានរបស់កម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ ដែលចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានកម្ពុជាកាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២២។

ក្រសួងបរិស្ថានកម្ពុជាបន្ថែមថា សត្វព្រៃក៏ត្រូវបានរងគ្រោះដោយការបរបាញ់ខុសច្បាប់ សម្រាប់ប្រើប្រាស់ជាឱសថ ការជួញដូរខុសច្បាប់ សកម្មភាពកីឡាប្រមាញ់កំសាន្ត និងការបរបាញ់សម្រាប់ផលិតសំលៀកបំពាក់។

រូបភាពពីទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។

 

របាយការណ៍លើទំព័រហ្វេសប៊ុកក្រសួងបរិស្ថានឱ្យដឹងថា គិតពីឆ្នាំ២០២១ ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ក្រុមអនុវត្តច្បាប់នៅក្នុងខេត្តមណ្ឌលគិរីរឹបអូសបានសាច់សត្វព្រៃសរុបចំនួន ១, ៣៥២គីឡូក្រាមកំពុងដាក់លក់ក្នុងទីផ្សារការជួញដូរ។ ក្នុងនោះ ភាគច្រើនជាសាច់សត្វឈ្លូស ជ្រូកព្រៃ និងត្រកួត។

ស្របពេលជាមួយគ្នានេះដែរ ការសិក្សាមួយរបស់ក្រសួងបរិស្ថាន និងអង្គការ WWFកម្ពុជា បានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០ ដល់ ឆ្នាំ២០២២ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាម បានថយចុះគួរឲ្យកត់សម្គាល់ នៅតំបន់ទេសភាពភាគខាងកើតក្នុងប្រទេសកម្ពុជា។ ក្នុងនោះ សត្វទន្សោងថយចុះ៨៩% ឈ្លូសថយចុះ៦៥% និងជ្រូកព្រៃថយចុះ១៥%៕

Share

ព័ត៌មានទាក់ទង

Image