ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានហៅឈ្មោះអ្នកនយោបាយគណបក្សភ្លើងទៀនចំនួន ៣រូប មានលោក ទាវ វណ្ណុល លោក សុន ឆ័យ និងលោក ថាច់ សេដ្ឋា ឱ្យបកស្រាយរឿងលោក សម រង្ស៊ី ដែលសម្ដេចហៅថា ជនក្បត់ជាតិ៣ជំនាន់ ពាក់ព័ន្ធរឿងប៉ះពាល់ដល់ព្រះចេស្ដា ព្រះមហាក្សត្រ។ នេះបើតាមការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តីក្នុងឱកាសចុះចែកជូនស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៣ពាន់គ្រួសារ នៅខេត្តកំពង់ឆ្នាំងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ។
ការនិយាយចំឈ្មោះរបស់បុគ្គលនយោបាយនៃបក្សប្រឆាំងទាំងបីរូបនេះ ដោយសម្ដេចបានបញ្ជាក់ថា ពួកគេត្រូវបានសង្ស័យមានជាប់ពាក់ព័ន្ធជាមួយលោក សម រង្ស៊ី ដែលកំពុងមានទោសទណ្ឌ។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីបក្សភ្លើងទៀន កុំបារម្ភរឿងដេញចេញពីតំណែងចំពោះការនិយាយថ្កោលទោស ជនក្បត់ជាតិ សម រង្ស៉ី រឿងប្រមាថព្រះមហាក្សត្រ។
វិទ្យុស្រ្តីព្យាយាមអ្នកនយោបាយទាំងបីនាក់ខាងលើតែពួកគេមិនទទួលទូរសព្ទ។
ក្នុងឱកាសនោះដែរសម្តេច ហ៊ុន សែន បានអំពាវនាវដល់កម្លាំងប្រដាប់អាវុធ និងសមាជិកបក្សប្រជាជន ក៏ដូចជាបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម និងរាជបល្លង្កពីជនក្បត់ជាតិ លោក សម រង្ស៊ី ឲ្យបាន៕