en     km
en     km

លោក សម រង្ស៊ី កំពុងរងការចោទប្រកាន់ថាបានប្រមាថព្រះមហាក្សត្រ

Share

នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន សែន នៅថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២២ បានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្រោកឈរប្រឆាំងលោក​ សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិដែលប្រមាថព្រះមហាក្សត្រខ្មែរថា មិនមានមនសិការជាតិ និង ក្បត់ជាតិ

សម្តេចបានបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ លោក សម រង្ស៊ីមិនត្រឹមតែជេរសម្ដេចនោះទេ ថែមទាំងជេរប្រមាថដល់ព្រះមហាក្សត្រយើងទៀតផង។​ នៅថ្ងៃទី២៤ ខែ តុលា ម្សិលមិញ ក្រសួងយុត្តិធម៌បានចេញញត្តិថ្កោលទោស ចំពោះសហស្ថាបនិកគណបក្សសង្គ្រោះជាតិរូបនេះ លើរឿងប្រមាថព្រះមហាក្សត្រ។ ញត្តិរបស់ក្រសួងយុត្តិធម៌ថ្កោលទោសបានសរសេរថា  ទណ្ឌិតជាប់ទោសក្បត់ជាតិ សម រង្ស៊ី ថ្លើមពាសមេឃ ហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា។ លើសពីនេះ ក្រសួងយុត្តិធម៌បានអំពាវនាវឱ្យអាធ្ញាធរមានសមត្ថកិច្ចចាត់វិធានការលើលោក សម រង្ស៊ីផងដែរ។

សូមជម្រាបថា ការអំពាវនាវរបស់ សម្ដេច ហ៊ុន សែន និងញត្តិថ្កោលទោសរបស់ក្រសួងយុត្តិធម៌ ធ្វើឡើងក្រោយមានការបង្ហោះវិដេអូ លោក សម រង្ស៊ី រយៈពេល២០នាទីលើកបបណ្ដាញសង្គម ដោយនិយាយថា ព្រះមហាក្សត្រសព្វថ្ងៃមិនមានមនសិកាជាតិ និងក្បត់ជាតិ បន្ទាប់ពីសម្ដេច ហ៊ុន សែន។

បើតាមមាត្រា៧ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។ ទន្ទឹមមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រម្មទណ្ឌស្តីពីការកំណត់ពីបទប្រមាថព្រះមហាក្សត្រក៏ត្រូវបានលើកមកនិយាយផងដែរ។

កាលពីថ្ងៃទី២០ខែតុលា កន្លងទៅថ្មីៗនេះ គណៈនាយកសង្ឃនៃព្រះរាជណាចក្រកម្ពុជា បានចេញញត្តិថ្កោលទោសលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំងផងដែរ ចំពោះការអំពាវនាវឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ប៉ះបោរប្រឆាំង និងផ្ដួលរំលំរដ្ឋាភិបាល។ តែមានអ្នកវិភាគមួយចំនួន ថាអាចប៉ះពាល់ដល់បាវចនាជាតិ។

សូមរម្លឹកដែរថា លោក សម រង្ស៊ីធ្លាប់ត្រូវបានសាលាដំបូងកាត់ទោសឱ្យជាប់ពន្ធធនាគាររយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់២០ លានរៀល កាលពីឆ្នាំ២០១៩កន្លងទៅ ក្រោយលោករងបណ្ដឹងលើបទប្រមាថព្រះមហាក្សត្រដូចគ្នា។

យ៉ាងណាសម្ដេច ហ៊ុន សែន បានប្រកាសក្ដែងៗនៅឯខេត្តពោធិ៍សាត់ថា សូមប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរក្រោកឡើងប្រឆាំង និងលោក សម រង្ស៊ី ដែលសម្ដេចចាត់ទុកជា ជនក្បត់ជាតិ៣ជំនាន់ និង មិនត្រូវឱ្យជនក្បត់ជាតិនេះ បំផ្លាញជាតិ បំផ្លាញសាសនា និងព្រះមហាក្សត្រនោះឡើយ៕

Share

ព័ត៌មានទាក់ទង

Image