en     km
en     km

ស្ថាប័ន DW ចងក្រងបណ្តាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឈានទៅអនុវត្តគម្រោងនាពេលអនាគត

Share

ភ្នំពេញ៖ ស្ថាប័ន DW Akademie ដែលជាស្ថាប័នសារព័ត៌មានដ៏ធំមួយរបស់ប្រទេសអាឡឺម៉ង់ បានបើកសន្និសីទមួយ ជួបជុំជាមួយអ្នកដែលធ្លាប់អនុវត្តគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)កន្លងទៅ ដើម្បីស្វែងរកធាតុចូលឈានទៅអនុវត្តគម្រោង MIL នៅពេលបន្ទាប់ជាមួយដៃគូរពាក់ព័ន្ធឱ្យកាន់តែល្អប្រសើរ។

អត្ថបទដោយ លោក កែវ សុខា រាយការណ៍ដោយ កញ្ញា កែវ សុជាតា

 

សន្និសីទស្តីពីបណ្តាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានកម្ពុជានេះ រៀបចំនូវសណ្ឋាគារហ៊ីម៉ាវ៉ារីរាជធានីភ្នំពេញនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីបណ្តាលអង្គការស្ថាប័នដៃគូរប្រមាណជាង ២០ ស្ថាប័នដែលធ្លាប់អនុវត្តគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)កាលពីពេលកន្លងទៅ។

សកម្មភាពនៃសន្និសីទបណ្តាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ។

 

លោក ស ច័ន្ទដារ៉ា ប្រធានគម្រោង DW Akademie ប្រចាំកម្ពុជាឱ្យដឹងថា សន្និសីទនេះជាជំនួបមួយធ្វើឡើងក្នុងគោលបំណងប្រមូលអ្នកធ្លាប់ធ្វើការងារផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)មកជួបជុំគ្នាឈានទៅចងក្រងជាបណ្តាញផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ មួយវិញទៀតលោកបន្ថែមថា សមាជិកក្នុងបណ្តាញនេះនឹងមានឱកាសស្វែងយល់ព័ត៌មានគ្នា ឈានទៅចាប់យកឱកាសអនុវត្តគម្រោងតាមគោលដៅដែលខ្លួនចង់អនុវត្ត ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយដល់យុវជនក្នុងប្រទេសកម្ពុជា។

លោក ស ច័ន្ទដារ៉ា ៖ «អង្គការមួយចំនួន គាត់បានធ្វើការលើផ្នែកប្រព័ន្ធផ្សព្វផ្សាយហើយ អង្គការមួយចំនួនក៏គាត់នឹងមានគម្រោងចង់ធ្វើសកម្មភាពបន្ថែមទៀតទាក់ទងនឹងtopicអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនឹងដែរ។ អ្វីដែលយើងបានសិក្សាពីគាត់ គឺយើងបានដឹងបន្ថែមទៀតថាគោលដៅ សកម្មភាពគោលដៅ ឬក៏ខេត្តគោលដៅរបស់គាត់នៅកន្លែងណាខ្លះ។ អ‌៊ីចឹង យើងអាចធ្វើវាជាផែនទីមួយ ថាតំបន់ណាខ្លះត្រូវបានយើងបានធ្វើសកម្មភាពហើយ តំបន់ណាខ្លះដែលយើងមិនទាន់ធ្វើសកម្មភាព ផ្នែកណាដែលគេធ្វើសកម្មភាពរួចមកហើយ ផ្នែកណាដែលគួរតែយើងពង្រឹងបន្ថែម ហើយយើងធ្វើសកម្មភាពបន្ត»។

លោក ស ច័ន្ទដារ៉ា ប្រធានគម្រោងDW Akademie ប្រចាំកម្ពុជា ឡើងធ្វើបទបង្ហាញក្រោយបញ្ចប់កិច្ចភាពិក្សាក្រុម។

 

ក្នុងវគ្គសនិ្នសីទនេះដែរ ក្រុមការងារ DW Akademie បានរៀបចំការងារជាក្រុម ស្វែងយល់ពីគោលបំណងនិងគំនិតយោបល់ដែលជាធាតុចូលរបស់ពួកគេ ដើម្បីឱ្យការអនុវត្តគម្រោងពេលអនាគតកាន់តែល្អប្រសើរ។

សម្រាប់លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ថ្លែងក្នុងកម្មវិធីនោះថា តាមរយៈបទពិសោធន៍ដែលអង្គការ WMC អនុវត្តកន្លងមក ឃើញថា គម្រោងនេះពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ព្រោះយុវជនដែលបានចូលរួមវគ្គបណ្តុះបណ្តាលអាចមានសមត្ថភាពយល់ដឹងពីព័ត៌មានពិត ឬ ក្លែងក្លាយ ខណៈព័ត៌មានក្លែងក្លាយកាន់តែបង្កភាពរងគ្រោះដល់អ្នកប្រើប្រាស់បណ្តាញសង្គមកាន់តែច្រើន។ លោកស្រីបណ្ឌិតបន្ថែមទៀតថា គម្រោង MILនេះ ក៏បានពង្រឹងនិងបង្កើនសមត្ថភាពដល់យុវជនឱ្យហ៊ានសម្តែងមតិយោបល់ ហើយយុវជនហ៊ានលើកឡើងនូវចំណុចខ្វះខាតដែលកើតមានក្នុងមូលដ្ឋានរាយការណ៍ដល់អាជ្ញាធរដើម្បីស្វែងរកដំណោះស្រាយ។

លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល ៖ «ពេលដែលយើងបង្រៀនហើយ ក្មេងសរសេរអត្ថបទសម្រាប់សហគមន៍របស់គេ ឬក៏ក្មេងនឹងឬក៏យុវជននឹងទៅបង្រៀនអ្នកដទៃទៀត។ ដូច្នេះ វាមានផលជះច្រើន ហើយប្រសិនណាយើងអាចធ្វើអ‌៊ីចឹងឱ្យបានច្រើន ព្រោះខ្ញុំយល់ឃើញថា វាស្ថិតនៅក្នុងកម្រិតតិចតួចនៅឡើយដែលធ្វើនៅស្រុកខ្មែរយើង យើងគួរធ្វើឱ្យបានច្រើនទៀត ហើយធ្វើឱ្យបានច្រើនខេត្តក្រុង និងមានការផ្លាស់ប្តូរប្រសើរឡើង ប្រសិនណាជាយុវជនរបស់យើង មានការយល់ដឹង ហើយមានការចូលរួមចំណែកនៅក្នុងទាមទារឱ្យមានការដោះស្រាយបញ្ហារបស់ពួកគេ ឬក៏ការពារផលប្រយោជន៍របស់គេ ។ ជាពិសេស គេអាចឈរឡើងខ្លួនឯងដើម្បីទាមទារសិទិ្ធសេរីរបស់គេ ហើយអ្វីដែលគេចង់បានសម្រាប់សហគមន៍របស់គេ»។​

លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ថ្លែងក្នុងកម្មវិធីសន្និសីទ។

 

ដោយឡែកលោកស្រី ឆន សុគន្ធា  នាយិកានៃនាយកដ្ឋានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)បានលើកឡើងថា អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនេះ ជាផ្នែកមួយជួយលើកស្ទួយការយល់ដឹងបន្ថែមផ្នែកច្បាប់ ដោយអាចឱ្យយុវជនបញ្ចេញមតិប្រកបដោយសុវត្ថិភាពជៀសផុតពីការផ្តន្ទាទោសផ្នែកច្បាប់។ ការលើកឡើងបែបនេះ ក៏ព្រោះលោកស្រីព្រួយបារម្ភពីច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលអាចមានចំណុចខ្លះដាក់បម្រាមដល់ការបញ្ចេញមតិតាមរយៈការដាក់ទោសទណ្ឌផ្លូវច្បាប់។

លោកស្រី ឆន សុគន្ធា ៖ «ក្រុមយុវជនដែលជាអ្នកប្រើប្រាស់ social media គឺជាក្រុមដែលងាយរងគ្រោះ រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួន ឬក៏បងៗអ្នកសារព័ត៌មាន ដូចនាងខ្ញុំបានលើកពីខាងដើមអ‌៊ីចឹង ដោយសារពួកគាត់អត់ដឹងអំពីបញ្ហាច្បាប់ដែលរឹងត្បិតមួយចំនួន ឬក៏ពាក់ព័ន្ធនឹងរឿង media and information literacy។ ពួកគាត់ក្លាយទៅជា Trap ឬក៏ក្លាយទៅជា victim of social media users ដែលវាមានលក្ខណៈរឹងត្បិតនៅក្នុងប្រទេសកម្ពុជានៅក្នុងពេលបច្ចុប្បន្ននេះ»។

លោកស្រី ឆន សុគន្ធា នាយិកានៃនាយកដ្ឋានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)ថ្លែងក្នុងសន្និសីទ។

 

តាមលោក ស ច័ន្ទដារ៉ា ឱ្យដឹងថាគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនេះបានចូលមកដល់កម្ពុជាប្រមាណជាង ៧ ឆ្នាំហើយ។ ហើយស្ថាប័នធំៗដែលបានអនុវត្តគម្រោងនេះមានអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ​ និងមជ្ឈណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ដែលបានផ្តល់វគ្គបណ្តុះបណ្តាលនានាដល់យុវជននិងអង្គការដៃគូតាមបណ្តាលខេត្តក្រុងនិងភ្នំពេញ។

លោក សរ ចាន់ដារ៉ា ដឹកនាំយុវជនជាសិក្ខាកាមវគ្គបណ្តុះបណ្តាលMILមកទស្សនកិច្ចនៅទីស្នាក់ការកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២២។

 

ឆ្លងកាត់ការបណ្តុះបណ្តាលកន្លងមក យុវជនដែលទទួលបានការបណ្តុះបណ្តាលពីMILនេះ ធ្លាប់បានលើកឡើងថា វគ្គសិក្សាស្តីពី MIL នេះ ធ្វើឱ្យយុវជនបានយល់ដឹងកាន់តែច្បាស់និងស៊ីជម្រៅនូវប្រព័ន្ធផ្សព្វផ្សាយ។ ធ្វើឱ្យយុវជនមានមូលដ្ឋានពិចារណាពីព័ត៌មានដែលបង្ហោះលើបណ្តាញសង្គមថាមួយណាពិតមួយណាក្លែងក្លាយ ពិសេសធ្វើឱ្យយុវជនបានសាងទំនាក់ទំនងល្អ និងមានភាពក្លាយហានហ៊ានធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលមានក្នុងសហគមន៍ដើម្បីឱ្យមានការឆ្លើយតបជាវិជ្ជមាន៕

Share

ព័ត៌មានទាក់ទង

Image