ភ្នំពេញ៖ សមាគមអ្នកសាងសង់កម្ពុជា រៀបចំពិព័រណ៍ឧស្សាហកម្មសំណង់លោកទី៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែធ្នូ ឆ្នាំ២០១៥នេះ វេលាម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង ៧យប់។
ពិព័រណ៍នេះមានការឧបត្ថម្ភគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងក្រសួងពាណិជ្ជកម្មផងដែរ។ លើសពីនេះក៏មានការគាំទ្រពីសហព័ន្ធអ្នកសាងសង់អាស៊ាន និងសហព័ន្ធអ្នកសាងសង់អាស៊ីប៉ាស៊ីហ្វិក ដែលមាន១៦ប្រទេសក្នុងនោះ។
ក្នុងពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំនេះ មានរៀបចំជាស្ដង់តាំងបង្ហាញផលិតផលសំណង់ អគារខ្ពស់ៗនិងទំនើបៗ និងពីស្ថាប័នពាក់ព័ន្ធនឹងវិស័យសំណង់ ចំនួនប្រមាណជាង ២៥០ ស្ដង់ ដោយស្ដង់ដែលមកពីបណ្ដាសាលលនិងក្រសួងមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យសំណង់ គឺផ្ដល់ជូនដោយមិនគិតប្រាក់ តែចំណែកខាងក្រុមហ៊ុនវិញគឺគ្រាន់តែគិតថ្លៃដែលទូទាត់រៀបចំពិព័រណ៍នេះតែប៉ុណ្ណោះ ហើយព្រមទាំងបានរៀបចំអាហារជូនដល់បណ្ដាម្ចាស់ស្តង់ទាំងនោះដោយឥតគិតថ្លៃផងដែរ។ នេះបើតាមការប្រាប់ឱ្យដឹងពីជំនួយការម្នាក់របស់អ្នកឧកញ៉ា ពង់ ឃាវសែ និងក៏ជាលេខាធិការនៃសមាគមអ្នកសាងសង់កម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះ។
បើតាមលេខាធិការដដែលនោះ បានប្រាប់ពីគោលបំណងចំពោះការរៀបចំពិព័រណ៍នេះថា៖ «គឺយើងចង់ផ្សព្វផ្សាយពីវិស័យសំណង់នៅព្រះរាជាណាចក្រកម្ពុជាហ្នឹងថារីកចម្រើនដល់កម្រិតណា ដោយសារឃើញថាសំណង់យើងរាល់ថ្ងៃកំពុងរីកដុះដាលខ្លាំងណាស់ ដែលមានអគារខ្ពស់ៗ ហើយឆ្លៀតក្នុងឱកាសហ្នឹង យើងក៏ចង់ឱ្យប្រជាពលរដ្ឋយើងដឹងថាតើសម្ភារៈសំណង់នៅស្រុកខ្មែរដែលមាននៅទីផ្សារហ្នឹងមានស្អីខ្លះ មានបច្ចេកទេសយ៉ាងម៉េចខ្លះ ហើយជាបទពិសោធ ជាការយល់ដឹងរបស់ខ្ញុំគឹថាពិភពលោកមានអី កម្ពុជាមានហ្នឹង»។
នៅក្នុងពិព័រណ៍នេះក៏បានរៀបចំឱ្យមាននូវសិក្ខាសាលាស្ដីពីការអភិវឌ្ឍវិស័យសំណង់ នីតិវិធីពីការស្នើសុំលិខិតអនុញ្ញាតនៃការសាងសង់ នីតិវិធីពីការស្នើសុំវិញ្ញាបនបត្រប្រកបអាជីវកម្មសំណង់ជាដើម។
ចំពោះលោក ទឹម សុភា ដែលជាមន្ត្រីរបស់ទីភ្នាក់ងារមុខរបរ និងការងារ និងជាអ្នកមកទស្សនាពិព័រណ៍នេះបានយល់ឃើញថា នេះជាពិព័រណ៍សំណង់ដែលមានលក្ខណៈដ៍ធំមួយនៅកម្ពុជា ហើយក្រុមហ៊ុនភាគច្រើនដែលមកតាំងពិព័រណនេះគឺទាក់ទងនឹងវិស័យសំណង់នេះឯង។
លោកមានចំណាប់អារម្មណ៍ថា៖ «វាមានលក្ខណៈអំណោចផលដល់សិស្សទាំងឡាយណាដែលរៀនជំនាញ Engineering [វិស្ចកម្ម] ឬក៏ទាក់ទងការសាងសង់ គាត់អាចដឹងថាតើក្រុមហ៊ុននិមួយៗមានសក្ដានុពលយ៉ាងម៉េចដែរ ហើយសង្ឃឹមថាការរៀបចំហ្នឹងវាអាចចូលរួមចំណែកក្នុងការពង្រីក និងការអភិវឌ្ឍក្នុងការសាងសង់ឱ្យកាន់តែច្រើនទៀត»។
ជាទស្សនៈផ្ទាល់ខ្លួនរបស់លោក សុភា យល់ឃើញថាកម្ពុជាកំពុងតែវិវឌ្ឈទៅមុខ ជាក់ស្ដែងសំណង់អគារធំៗ ស្ពានអីក៏ចាប់ផ្ដើមរីកចម្រើន។ លោកបញ្ជាកើថា៖ «ខ្ញុំគិតថាវិនិយោគក៏ចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅលើការសាងសង់ច្រើន ចឹងខ្ញុំគិតថានេះជាឱកាសទាក់ទាញក្រុមហ៊ុនបរទេសភាគច្រើន ដែលក្រុមហ៊ុនខ្លះនឹងមានគម្រោងមកសាងសង់នៅស្រុកខ្មែរ»។
ពាក់ព័ន្ធនឹងវិស័យសំណង់នៅកម្ពុជាសព្វថ្ងៃ លោក ញាណ ច័ន្ទគ្រឹស្នា ដែលជាអ្នកសម្របសម្រួលផ្នែកលក់ របស់ក្រុមហ៊ុនវឌ្ឍនៈ និងជាអ្នកចូលរួមតាំងពិព័រណ៍ ដែក posco របស់ក្រុមហ៊ុននេះដែរ បានយល់ឃើញថាវិនិយោគិនមកវិនិយោគនៅស្រុកយើងច្រើន ជាពិសេសទៅលើវិស័យសំណង់ដែលមានការលូតលាស់លឿនតែម្ដង ពិសេសទៅលើគម្រោងសាងសង់ខុនដូ (Condo) អឹផាតមឹនត៍ (Apartment) ដូចជា Vatanac Capital, Canadia Tower, De Casle, The Riviera ជាដើម។
ដោយចុងឆ្នាំ ២០១៥ កម្ពុជាចូលសមាហរណកម្មអាស៊ាន លោក គ្រឹស្នា យល់ថាវាល្អសម្រាប់អ្នកវិនិយោគបរទេសដែលបង់មកដាក់ទុនវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់៖ «យើងគិតថាការតាំងពិព័រណ៍បែបនេះ គឺជាការបង្ហាញឱ្យឃើញពីការរីកចម្រើនទៅលើវិស័យសំណង់ ហើយវាជាពិព័រណ៍មួយសំខាន់ណាស់សម្រាប់អ្នកសាងសង់ ក្រុមហ៊ុនសាងសាង់ ឬវិនិយោគិនដែលមានបំណងចង់ចូលរួមពិព័រណ៍យើង។ ដូច្នេះគឺត្រូវការណាស់នូវការសហការ និងការប្រើប្រាស់នូវផលិតផលដែលទាក់ទងនឹងវិស័យសំណង់»។
សូមបញ្ជាក់ផងដែរថា សមាគមអ្នកសាងសង់កម្ពុជាធ្លាប់បានរៀបចំពិព័រណ៍នេះ៣ដងរួចមកហើយ ដោយលើកទី១ ធ្វើនៅក្នុងឆ្នាំ២០១៣ ជាលក្ខណៈតូចដោយមានស្ដង់ពិព័រណ៍ប្រហែល ២០ ប៉ុណ្ណោះ ហើយឆ្នាំ២០១៤ គឺមានប្រហែលជាង ១៥០ ស្ដង់ ដែលមកពីស្ដាប័ននិងក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យសំណង់នេះ ហើយមានអ្នកចូលរួមទស្សនាប្រមាណ ៦០០០ ទៅ ៧០០០ នាក់។ ចំណែកឆ្នាំនេះ សមាគមរំពឹងទុកថានឹងមានអ្នកចូលរួមប្រមាណជាង ១០ ០០០ អ្នកផងដែរ៕