en     km
en     km

អន្ដរក្រសួង៖ ១០ខែឆ្នាំ២០២២ កម្ពុជារកឃើញជនអន្ដោប្រវេសន៍សខុសច្បាប់ជាង២ពាន់នាក់

Share

យោងទៅតាមរបាយការណ៍ពីអគ្គនាយកដ្ឋានអន្ដោប្រវេសន៍របស់ក្រសួងមហាផ្ទៃ និងក្រសួងការងារ  ដែលចេញនៅថ្ងៃទី២១ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងរយៈពេល ១០ខែ ចាប់ពីខែមករារហូតដល់ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញជនអន្តោប្រវេសន៍ធ្វើការខុសច្បាប់ ដែលគ្មានបណ្ណការងារ ចំនួនជាង២ពាន់នាក់។

របាយការណ៍នេះ ជាការរួមបញ្ចូលគ្នារវាងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើការប្រតិបត្តិការចុះពិនិត្យជនបរទេសទូរទាំងប្រទេស លើគោលដៅជាង៣ពាន់កន្លែង ក្នុងចំណោមជនបរទេសជាង៣ម៉ឺន ៨រយនាក់​។

បើផ្អែកតាមអគ្គនាយកដ្ឋានអន្ដោប្រវេសន៍នៅថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២២ថ្មីៗនេះ អគ្គនាយកដ្ឋានបានធ្វើការ បណ្តេញជនបរទេសចំនួន ២៦៣នាក់ មាន៤សញ្ជាតិ មានជនជាតិបង់ក្លាដេសចំនួន២នាក់ ជនជាតិ ចំនួន១៦នាក់ ជនជាតិចិនចំនួន៧៤នាក់ ក្នុងនោះមានតៃវ៉ាន់០៩នាក់ និងជនជាតិវៀតណាមចំនួន១៧១នាក់ ចេញពីកម្ពុជា ដោយអនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងត្រពាំងផ្លុង។

ជនបរទេសចំនួន២៦៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ដែលល្មើសនឹងច្បាប់ស្តីពីអន្តប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជា រយៈពេល៣ឆ្នាំ។

 

សូមជម្រាបថា នៅក្នុងខែកញ្ញា កន្លងទៅ អាជ្ញាធរកម្ពុជាបានផ្ដល់បណ្ណស្នាក់នៅអចិន្ដ្រៃដល់ជនបរទេសទេសដែលរស់នៅកម្ពុជា យ៉ាងតិចជាង៦ម៉ឺននាក់ ខណៈជាង១ម៉ឺននាក់ផ្សេងទៀតមិនទាន់បានធ្វើបណ្ណស្នាក់ស្របច្បាប់នោះទេ។

យ៉ាងណា អន្តរក្រសួងដែលធ្វើការលើរឿងនេះ បានអំពាវនាវដល់គ្រប់ក្រសួង  ស្ថាប័នពាក់ព័ន្ធចូលរួមសហប្រតិ្តបត្តិការ ដើម្បីធានាដល់ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិឱ្យទទួលបានផលល្អប្រសើរ៕

Share

ព័ត៌មានទាក់ទង

Image