នៅក្នុងប្រទេសកម្ពុជាមានច្បាប់ យន្តការ និងផែនការជាតិ សម្រាប់ការពារនិងលើកស្ទួយសិទ្ធិជនពិការ ប៉ុន្តែមានការកត់សម្គាល់ថា ជនពិការនៅកម្ពុជា នៅតែមានបញ្ហាប្រឈម ក្នុងនោះបញ្ហាកាត់បន្ថយភាពក្រីក្រ បញ្ហាមូលនិធិអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសុខមាលភាពរបស់ជនពិការនៅតែចោទជាប្រចាំ។
អង្គការសង្គមស៊ីវិលលើកឡើងថា គោលដៅអភិវឌ្ឍន៍និរន្តភាព (SDG) នឹងផ្ដល់ឱកាសដល់ជនពិការបានប្រសើរជាងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDG)។
នាយកប្រចាំប្រទេសនៃអង្គការ ADD អន្តរជាតិ លោក ស្រី វណ្ណថុន បានមានប្រសាសន៍ នៅក្នុងកម្មវិធីទិវាជនពិការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣ នាថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញថា ប្រទេសកម្ពុជាដែលបានដើរតាមគោលដៅអភិវឌ្ឍសហស្សវត្សរ៍ (MDG) មិនបានបញ្ជាក់ច្បាស់លាស់ពីពិការភាពនៅក្នុងសូចនាការសហស្សវត្សរ៍ទេ ជាហេតុធ្វើឲ្យជនពិការនៅតែរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។
លោក ស្រី វណ្ណថុន បានបន្តទៀតថាជនពិការ ដែលជាយុវជនមានលើសពី ៥០ ភាគរយ ហើយអ្នកដែលមានអាយុក្រោម៣៥ឆ្នាំមាន ៧០ ភាគរយ ដែលពួកគាត់ជួបបញ្ហាប្រឈមដូចជា ការអប់រំនៅមានកម្រិត ឱកាសការងារតិច ជាហេតុធ្វើឲ្យជនពិការទាំងនោះនៅតែរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ លោក ស្រី វណ្ណថា បានមានប្រសាសន៍បន្តថា៖ «បច្ចុប្បន្ននេះ ដូចជាខ្ញុំបញ្ជាក់ជូនអញ្ចឹង គឺដោយសារពិការភាពមិនបានរំលេចនៅក្នុងសូចនាករនៅ MDG ដូច្នេះធ្វើឲ្យមានការសិក្សាឃើញថា ជនពិការនៅតែនៅក្នុងភាពក្រីក្រនៅទ្បើយ ….»។
នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន បានមានប្រសាសន៍ទាក់ទងនឹងបញ្ហាប្រឈមរបស់ជនពិការថា ជនពិការកំពុងតែជួបការលំបាកទាក់ទងនឹងការសិក្សា នឹងឱកាសការងារ។ លោកបន្តថា ជនពិការមួយចំនួនពុំមានលទ្ធភាពបន្តការសិក្សា មួយវិញទៀត ជនពិការនៅតែមិនទទួលបានឱកាសការងារ បើទោះបីជាពួកគេបានបញ្ចប់ការសិក្សាក៏ដោយ។
លោក ងិន សៅរ័ត្នបានបញ្ជាក់ថា ប្រសិនបើយុវជន រាប់ម៉ឺននាក់ជាជនពិការ មិនទទួលបានឱកាសការងារធ្វើទេនោះ ពួកគាត់នឹងជាបន្ទុកទៅដល់រដ្ឋាភិបាល និងជាបន្ទុកទៅដល់ក្រុមគ្រួសារ ហើយក៏ជារឿងមួយដែលមិនអាចទទួលយកបានទេ ថាការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា ដោយមិនបានបញ្ចូលជនពិការនៅក្នុងករណីមានគ្រោះថា្នក់ សម្រាប់ការប្រកួតប្រជែងនៅក្នុងអាស៊ាន និងការប្រកួតប្រជែងនៅក្នុងប្រទេស។
លោក ងិន សៅរ័ត្ន បានបញ្ជាក់ផងដែរថា នៅក្នុងគោលដៅ អភិវឌ្ឍនិរន្តរភាព ដែលនឹងអនុវត្តនៅពេលខាងមុខនេះ នឹងអាចបញ្ចប់ភាពក្រីកក្ររបស់ជនពិការ។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា «វាអាចនឹងបញ្ចប់ដែរ ប្រសិនបើគេមានសូចនាករច្បាស់លាស់ ហើយជំរុញឲ្យរដ្ឋាភិបាលអនុវត្តច្បាស់លាស់។ តែប្រសិនបើមិនមានការអនុវត្ត គ្រាន់តែមាននៅក្នុងសូចនាករ វាហាក់ដូចជាមានតែនៅលើក្រដាសអញ្ចឹង ជនពិការនៅតែរស់នៅក្រោមបន្ទាត់ភាពក្រីក្រ…»។
ឮទាក់ទងនឹងការលើកទ្បើងនៃគោលដៅអភិវឌ្ឍនិរន្តរភាពនេះដែរ អគ្គលេខាធិការរងនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា លោក នេត អ៊ុន បានប្រាប់វិទ្យុស្ត្រីថា លោកមិនទាន់អាចឆ្លើយតប ថាតើក្រសួងសង្គមកិច្ចនឹងចូលរួមធ្វើអ្វីខ្លះនោះទេ នៅក្នុងផែនការគោលដៅអភិវឌ្ឍនិរន្តរភាព ដោយសារតែផែនការនេះមិនទាន់បានទៅដល់ដៃក្រសួងសង្គមកិច្ចនៅទ្បើយ។ «ផែនការនេះបើមិនទាន់បានផ្សព្វផ្សាយជ្រួតជ្រាប យើងមិនទាន់ដឹងថា តើយើងនឹងអនុវត្តយ៉ាងម៉េចឲ្យបានទូលំទូលាយ ឲ្យបានប្រសិទ្ធភាពទេ។ លើកលែងតែផែនការរបស់ SDG ហ្នឹងបានដល់ដៃហើយ យើងបានសិក្សា ហើយយើងបានផ្សព្វផ្សាយ ហើយបើយើងដឹងថាត្រូវធ្វើយ៉ាងម៉េច…»។
សូមបញ្ជាក់ថា វេទិកាស្តីពីជនពិការកម្ពុជាលើកទី១៧នេះ មានគោលបំណងសំខាន់រួមបី ៖ទីមួយ អបអរសាទរទិវាជនពិការអន្តរជាតិ និងជនពិការកម្ពុជា៣ធ្នូ ទីពីរ ផ្តល់ឱកាសដល់ជនពិការគ្រប់ប្រភេទ មកពីបណ្តាខេត្តលើកទ្បើងពីក្តីកង្វល់ និងបញ្ហាប្រឈមរបស់ខ្លួនទៅដល់អ្នកពាក់ព័ន្ធ និងទីបី បង្កើនការយល់ដឹងដល់ជនពិការស្តីពីសិទ្ធិ ច្បាប់ ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ និងគោលដៅអភិវឌ្ឍដើម្បីនិរន្តរភាព(SDG)។
សូមជម្រាបដែរថា អង្គការជនពិការកម្ពុជាត្រូវបានង្កើតទ្បើងនៅក្នុងឆ្នាំ ១៩៩៤ ហើយបច្ចុប្បន្ន អង្គការជនពិការកម្ពុជាមានសមាជិកជាជនពិការនៅទូទាំង២៥រាជធានីខេត្តប្រមាណជា ១ ម៉ឺន ៥ពាន់នាក់៕