កំពង់ធំ៖ នៅក្នុងរោងជាងចាស់តូចមួយមានដំបូងដាច់រហែកដោយអន្លើៗស្ថិតនៅភូមិច្រាំងក្រហម ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទីនេះហើយជាតូបជួលជុលគ្រឿងអេឡិចត្រូនិចរបស់លោក សំណាង ដែលមានពិការភាពត្រង់ជើង។
លោក សំណាង និយាយថា លោកមានពិការភាពជើងទាំងពីរនេះតាំងពីកំណើតមកម្ល៉េះដោយត្រូវពឹងលើរទេះនិងម៉ូតូកញ្ចាស់ដើម្បីធ្វើដំណើរ។
ថ្លែងប្រាប់សិក្ខាកាមរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាក្នុងគម្រោងសំឡេងយុវជនមានសារៈសំខាន់លោក សំណាង និយាយថា លោកមិនដែលបាក់ទឹកចិត្តនិងអស់សង្ឃឹមក្នុងជីវិតឡើយ ទោះបីខ្លួនមានពិការភាពក៏ដោយ។ ជាងជួសជុលគ្រឿងអេឡិចត្រនិចរូបនេះបានបន្ថែមទៀតថា ទោះបីជាលោកមិនអាចធ្វើអ្វីបានងាយស្រួលដូចមនុស្សដទៃដែលមិនមានពិការភាពក៏ដោយ ក៏លោកមិនផ្តេកផ្តួលរមួលផ្សំគ្រេចហើយដើរសុំប្រាក់(ទៀន)អ្នកដទៃដែរ។
លោកឱ្យដឹងបន្តទៀតថា លោកបានរៀននឹងមានជំនាញជួសជុលគ្រឿងអេឡិចត្រូនិចមួយចំនួនដូចជា ម៉ាញ៉េ ទូរទស្សន៍ កង្ហារ ឆ្នាំងដាំបាយអគ្គិសនី កំសៀវអគ្គិសនី និងធុងបាសជាដើម។ ដោយឡែកប្រាក់ចំណូលវិញលោកថា លោកអាចទទួលបានចំនួនចន្លោះពី ២ ម៉ឺនរៀលដល់ ៤ ម៉ឺនរៀលក្នុងមួយថ្ងៃៗ។
ទោះបីជាជាងម៉ាញ៉េរូបនេះពិការជើងមែនតែលោក សំណាង មិនដែលរង់ចាំឱ្យអតិថិជនយកសម្ភារៈមកឱ្យលោកជួសជុលនោះទេ គឺលោកតែងជិះម៉ូតូតាមភូមិសួរនាំប្រជាពលរដ្ឋជានិច្ច។
មួយទៀតដែល តាមការសាកសួរពីសិក្ខាកាមរបស់WMCលោក សំណាង បញ្ជាក់ថាលោកមានមហិច្ឆិតាចង់ពង្រីកតូបរបស់លោកឱ្យធំជាងនេះ តែបច្ចុប្បន្នលោកមិនទាន់មានលទ្ធភាពគ្រប់គ្រាន់។
តាមរយៈព័ត៌មាននេះលោក សំណាង រំពឹងថា បងប្អូនដែលបានទទួលព័ត៌មាននេះនឹងចូលរួមចំណែកជាថវិកាតាមលទ្ធភាពជួយផ្ចុងដើមឱ្យលោកអាចមានឱកាសពង្រីកតូបឱ្យធំជាងមុនដើម្បីបន្តមុខរបរចិញ្ចឹមជីវិតតទៅមុខទៀត៕
អត្ថបទខ្លីនេះសរសេរដោយ យឿន ស៊ីឌី ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។