ភ្នំពេញ៖ យុវជនចំនួនជាង ២០ នាក់មកពីខេត្តក្រុងចំនួន ៤ ក្នុងប្រទេសកម្ពុជានៃគម្រោងយុវជនមានសារៈសំខាន់បានមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីចែករំលែកបទពិសោធន៍និងបញ្ហាប្រឈមនានា ក្នុងការសរសេរព័ត៌មានខ្លីឈានទៅពង្រឹងសមត្ថភាពបន្ថែមដល់អ្នកចូលរួម។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
យុវជនមកពីខេត្តកំពង់ធំ ខេត្តបាត់ដំបង សៀមរាប និងរាជធានីភ្នំពេញប្រមាណ ២០នាក់មកបានជួបជុំគ្នានៅភោជនីយ៍ដ្ឋានមួយកន្លែងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីមានឱកាសសាងនូវទំនាក់ទំនងគ្នាកាន់តែស្និតស្នាល ពិសេសបានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកនូវរបៀបផលិតព័ត៌មាន និងបញ្ហាជាឧបសគ្គនានាដែលធ្លាប់ជួបប្រទះនាពេលក្លងមកផងដែរ។
ជាងនេះ ជំនួបដែលរៀបចំឡើងកាលពីថ្ងៃទី២២ និងទី២៣ខែតុលាឆ្នាំ២០២២ ក៏បានបែងចែកយុវជនអនុវត្តការសរសេរព័ត៌មានតែម្តងដោយក្រុមការងារសម្របសម្រួលបែងចែកយុវជនជា ៥ ក្រុមចុះទៅផលិតព័ត៌មាននូវគោលដៅចំនួន ៥ ដោយឡែកពីគ្នា។ ក្នុងនោះមាននៅរមយនីដ្ឋានវត្តភ្នំ ស្ថានីយ៍រថភ្លើង មុខព្រះបរមរាជវាំង កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងផ្សារធំថ្មី។
ក្នុងបេសសកម្មចុះផលិតព័ត៌មាននៅ ៥ ទីតាំងនោះ អ្នកសម្របសម្រួលក្រុមបានបែងចែកតួនាទីសមាជិកក្រុមជា ៤ ផ្នែកខុសៗគ្នា ដោយចាត់តាំងឱ្យមានអ្នកថតរូបពីសកម្មភាពអនុវត្តការងារ ថតវីដេអូ(Vox pop)ថតរូបពីទីតាំងដែលចុះផលិតព័ត៌មាន និងការសរសេរអត្ថបទខ្លីចំនួន ៣ ពីទីតាំងដែលចុះទៅនោះ។
ជាលទ្ធផលក្រុមនីមួយៗបានសហការគ្នាយ៉ាងល្អដោយបានផលិតនូវផលិតផលល្អៗត្រូវត្រឹមតាមវិធីសាស្រ្តនិងវិជ្ជាជីវៈដែលគ្រូបង្គោលនៃអង្គការមណ្ឌលព័ត៌មានស្រ្តី(WMC)និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)ធ្លាប់បានបណ្តុះបណ្តាលកន្លងមក។ទាំងនេះជាសកម្មភាពដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃសៅរ៍ទី២២ ខែតុលាឆ្នាំ២០២២។
ដោយឡែកនៅព្រឹកថ្ងៃអាទិត្យទី២៣ ខែតុលាឆ្នាំ២០២២ ក្រុមយុវជនទាំងបួនខេត្តក្រុងត្រូវបានដឹកនាំដោយលោក សរ ចាន់ដារ៉ា ប្រធានគម្រោង DW Akademie ប្រចាំកម្ពុជា បាននាំយុវជនទៅទស្សនកិច្ចសិក្សានៅទីស្នាក់ការកាសែតភ្នំពេញប៉ុស្តិ៍ ដែលជាស្ថាប័នសារព័ត៌មានបោះពុម្ភដ៏ល្បីល្បាញមួយក្នុងប្រទេសកម្ពុជា។
ពេលយុវជនទៅដល់ទីស្នាក់ការកាសែតភ្នំពេញ អ្នកគ្រប់គ្រងនិងបុគ្គលិកនៅកាសែតភ្នំពេញប៉ុស្តិ៍បានទទួលស្វាគមន៍ក្រុមយុវជនយ៉ាងរាក់ទាក់ និងបានតបនឹងសំនួររបស់ក្រុមយុវជនដែលបានសាកសួរពីរបៀបផលិតព័ត៌មានដែលច្បាស់លាស់ អព្យាក្រឹត្យ មិនលម្អៀង និងទាក់ទាញ ជាមួយរបៀបដោះស្រាយបញ្ហាបញ្ជៀសហានិភ័យដែលជួបប្រទះពេលចុះយកព័ត៌មាន។
បន្ទាប់ពីបានសំណេះសំណាលនិងឆ្លើយតបសំនួរជាមួយក្រុមយុវជនរួចមក អ្នកគ្រប់គ្រងកាសែតភ្នំពេញប៉ុស្តិ៍បានដឹកនាំយុវជនចូលទៅទស្សនកិច្ចសកម្មភាពបុគ្គលិកកំពុងធ្វើការងារ ដែលអ្នកគ្រប់គ្រងបានបង្ហាញពីសង្វាក់ផលិតកម្មរបស់កាសែតភ្នំពេញប៉ុស្តិ៍ផងដែរ។
សកម្មភាពពេលនេះដែរ យុវជនក៏មានឱកាសបានសំណេះសំណាលជាមួយអ្នកកាសែតភ្នំពេញប៉ុស្តិ៍ផ្ទាល់តែម្តង ដែលនេះធ្វើយុវជនកាន់តែមានភាពកក់ក្តៅនិងបានដឹងពីរបៀបធ្វើការរបស់អ្នកសារព័ត៌មានអាជីពកាន់តែច្បាស់។
ក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ចសិក្សានៅទីស្នាក់ការកាសែតភ្នំពេញប៉ុស្តិ៍រួចមក ក្រុមការងារបានដឹងនាំយុវជនមកកន្លែងបណ្តុះបណ្តាលនៅកោះពេជ្រវិញ ដោយឱ្យយុវជនធ្វើការងារជាក្រុមចូលរួមមតិយោបល់ពីសារៈសំខាន់និងចំណងចំណូលចិត្តនៃប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងនោះដែលយុវជនបានចូលរួមមតិយោបល់ពីបញ្ហានៃរីកសាយភាយពីព័ត៌មានមិនពិត ហើយយុវជនបានផ្តល់ជាគន្លឹះដោះស្រាយមួយចំនួនផងដែរ។ ជាងនេះទៀត ក្នុងវគ្គនោះដែលយុវជនបានបង្ហាញចំណាប់អារម្មណ៍ពីការប្រើប្រាស់បណ្តាញសង្គមដែលពួកគេនិយមប្រើប្រាស់ផងដែរ។
ជាចុងក្រោយនៃកម្មវិធីយុវជនបានឡើងថ្លែងពីចំណាប់អារម្មណ៍និងសារៈប្រយោជន៍ដែលពួកគេបានចូលរួមវគ្គបណ្តុះបណ្តាលនៃគម្រោងសំឡេងយុវជនមានសារៈសំខាន់នាពេលកន្លងទៅ និងការទទួលបាននៅទី២២ និងទី២៣ តុលានេះ។ យុវជនបានលើកឡើងថា ពួកគេបានទទួលចំណេះដឹងយ៉ាងច្រើននិងបានបង្កើនភាពសិ្នតស្នាលរវាងយុវជនតាមបណ្តាលខេត្តជាមួយយុវជននៅរាជធានីភ្នំពេញ។
អ្វីជាការកត់សម្គាល់យុវជននិយាយថា ខ្លួនមានការផ្លាស់ប្តូរយ៉ាងច្រើនក្រោយពីបានចូលរួមព្រោះពួកគេមានភាពក្លាហានជាងមុន ហ៊ានបញ្ចេញមតិជាសាធារណៈ ក្លាហានក្នុងការចូលសម្ភាសន៍ប្រភពជាងមុន ពិសេសពួកគេរីករាយនឹងរំភើបដែលយុវជនបានបង្ហាញភាពរាក់ទាញនិងមានការរើសអើងគ្នា។
សូមជម្រាបជូនថា តាមរយៈគម្រោងសំឡេងយុវជនមានសារៈសំខាន់ដែលមានរយៈពេលអនុវត្តចំនួន ៣ឆ្នាំ ក្រុមគ្រូបង្គោលនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) និង មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) បានសហការរៀបចំជាមួយសមាគមយុវជនកម្ពុជា(KYA) និងក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) បានចុះរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងចំណេះដឹងស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងវគ្គបណ្តុះបណ្តាលកន្លងទៅក្រុមគ្រូបង្គោលបានផ្តល់ចំណេះដឹងដូចជា ការសរសេរព័ត៌មានខ្លី គុណភាពនៃព័ត៌មាន ចំណេះដឹងស្តីពីការផ្ទៀងផ្ទាត់ព័ត៌មានពិត និងក្លែងក្លាយ របៀបថតរូបនិងវីដេអូ(Voxpop) របៀបសម្ភាសន៍ ការយល់ដឹងពីប្រភព និងសុវត្ថិភាពពេលចុះបំពេញការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលផងដែរ។ ជាងនេះ គម្រោងនេះបានរៀបចំជាការបោះជំរុំប្រព័ន្ធផ្សព្វផ្សាយ(Barcamp)និងវេទិកាសាធារណៈ(RoadShow)ផងដែរ ដែលជាបង្កបរិយាកាសឱ្យយុវជនបានជួបជាមួយអាជ្ញាធរមូលដ្ឋាន លើកឡើងនូវមតិយោបល់ បញ្ហាក្នុងសហគមន៍ ដើម្បីឈានទៅរកដំណោះស្រាយរួម។ អាជ្ញាធរមូលដ្ឋានដែលបានចួលរួមបានលើកឡើងថា វេទិកានេះពិតជាមានសារៈសំខាន់នឹងជាផ្នែកមួយធ្វើឱ្យអាជ្ញាធរបានដឹងពីការលំបាករបស់ប្រជាពលរដ្ឋដែលអាចឱ្យអាជ្ញាធរយកក្តីកង្វល់ទាំងនោះជាធាតុចូលក្នុងការលើកផែនការអនុវត្តសហគមន៍ឆ្លើយតបឱ្យចំតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ។ ពិសេសគម្រោងក៏បានសម្ពោធនូវអេបឈ្មោះថា Actionbound ដែលជាអេបមួយជំនួយបន្ថែមដល់អ្នកចូលឱ្យបានយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយកាន់តែច្បាស់លាស់។
ជាការកត់សម្គាល់ដាច់ដោយឡែកមួយទៀត ក្នុងរយៈពេលអនុវត្តគម្រោងយុវជនដែលជាសិក្ខាកាមបានចុះប្រមូលព័ត៌មាននានាដែលកើតមានក្នុងសហគមន៍មកសរសេរជាព័ត៌មានដោយបានផ្សាយព័ត៌មានទាំងនោះលើប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) និង មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ក្រោយពីគ្រូបង្គោលបានពិនិត្យ និងកែសម្រួលរួចរាល់។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះស្ថិតនៅក្រោមគម្រោងសំឡេងយុវជនមានសារៈសំខាន់ ដែលទទួលបានការគាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU) និង DW Akademie រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) និង មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) សហការរៀបចំជាមួយសមាគមយុវជនកម្ពុជា(KYA) និងក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)៕