ទីក្រុងប៉េកាំង៖ លទ្ធផលនៃសមាជបក្សកុម្មុយនិស្តចិនមិនបានបង្ហាញនូវតុល្យភាពយេនឌ័រនៅក្នុងមេដឹកនាំកំពូលនោះទេ។ នៅក្នុងការិយាល័យនយោបាយបក្សកុំមុយនីស្តចិនដែលមានសមាជិក24រូបមិនមានឈ្មោះស្ត្រីណាម្នាក់ឡើយ។នេះជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនៃការរៀបចំក្បាលម៉ាស៊ីនដឹកនាំរបស់ប្រទេសចិន។
ខណៈដែលលោក Xi Jinping និងមិត្តភក្តិជិតស្និតបានប្រមូលក្ដាប់អំណាច មេដឹកនាំស្ត្រីដែលមានឋានៈខ្ពស់បំផុតរបស់បក្សបានចូលនិវត្តន៍។អ្នកនយោបាយជើងចាស់លោកស្រី Sun Chunlan ដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយសុខភាពរបស់ប្រទេសចិនមិនមានឈ្មោះក្នុងបញ្ជីគណៈកម្មាធិការកណ្តាលបក្សកុំមុយនីស្តចិនទេ។
នៅក្នុងគណបក្សនយោបាយដ៏ធំបំផុតរបស់ពិភពលោក ដែលមានសមាជិកសកម្មចំនួន 96 លាននាក់ ស្ត្រីមិនដែលកាន់អំណាចធំដុំទេ ហើយឥឡូវនេះកាន់តិចជាងមុនទៅទៀត។គណៈកម្មាធិការអចិន្ត្រៃយ៍មានសមាជិកប្រាំពីររូបដែលជាមេដឹកនាំកាន់អំណាចកំពូលរបស់ប្រទេសចិនសុទ្ធតែបុរសទាំងអស់ដែលមានលោក Xi ជាប្រធាន។
លោកស្រីស៊ុន អាយុ 72 ឆ្នាំ ពីមុនជាស្ត្រីតែម្នាក់គត់នៅក្នុងការិយាល័យនយោបាយបក្សកុំមុយនីស្ដចិន ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តរបស់គណបក្ស។ជារឿយៗលោកស្រីត្រូវបានបញ្ជូនទៅត្រួតពិនិត្យទីក្រុងនានាដើម្បីទប់ទល់នឹងការរីករាលដាលនៃមេរោគ Covid-19 និងជាអតីតប្រធានបក្សនៃខេត្ត Fujian និងក្រុង Tianjin បានក្លាយជានិមិត្តរូបនៃគោលនយោបាយសូន្យ-COVID ដែលមានវិធានការតឹងរ៉ឹងគ្រប់ទីកន្លែងធ្វើឱ្យគេដាក់រហស្សនាមលោកស្រីថា “ស្ត្រីដែកថែប”។
អ្នកជំនាញនិយាយថា មេដឹកនាំស្រ្តីដូចជា លោកស្រីSun គឺកម្រមាននៅក្នុងឆាកនយោបាយចិន ដែលធ្វើអោយក្រុមគាំទ្របុរសរារាំងស្រ្តីដែលជាបេក្ខជនមានប្រជាប្រិយម្នាក់។ព្រឹត្តិការណ៍នេះវាជាការដើរផ្ទុយពីការសន្យារបស់បុព្វបុរសបក្សកុម្មុយនិស្តចិនគឺលោក ម៉ៅ សេទុង ដែលអះអាងថា “ស្ត្រីកាន់កាប់ពាក់កណ្តាលមេឃ”។លោកMinglu Chen សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យស៊ីដនីបាននិយាយថា “ការប្តេជ្ញាចិត្តរបស់បក្សកុម្មុយនិស្តចិនចំពោះសិទ្ធិស្ត្រី ខ្ញុំគិតថាវាដូចជាការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ចរបស់ស្ត្រី” ។លោក Chen បានបន្ថែមថា ជាធម្មតាបក្សកុម្មុយនិស្តចិន គឺជាស្ថាប័នបុរស តាំងពីដើម រហូតមកដល់សព្វថ្ងៃនេះ។
ប្រភព៖ C N A ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២