en     km
en     km

អាមេរិកថាមានទាហានអ៊ីរ៉ង់នៅ Crimea ដើម្បីជួយរុស្ស៊ី

Share

 

(វ៉ាស៊ីនតោន)៖ យោងតាម AP បានផ្សាយថាសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអ៊ីរ៉ង់ “បានចូលរួមដោយផ្ទាល់នៅលើដី” នៅតំបន់គ្រីមៀ និងបានគាំទ្រការវាយប្រហាររបស់រ៉ុស្ស៉ីដោយយន្តហោះគ្មានមនុស្សបើកទៅលើស្ថានីយ៍ថាមពលអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។សេតវិមានអះអាងថា ខ្លួនមានភស្តុតាងជាក់លាក់អំពីតួនាទីដ៏ស៊ីជម្រៅរបស់ទីក្រុងតេហេរ៉ង់ ក្នុងការជួយដល់ប្រទេសរុស្ស៊ី។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា អ៊ីរ៉ង់បានបញ្ជូនបុគ្គលិកជំនាញ “មួយចំនួនតូច” ទៅកាន់តំបន់គ្រីមេ ដើម្បីជួយដល់កងទ័ពរុស្ស៊ីក្នុងការប្រើប្រាស់ដ្រូនផលិតដោយអ៊ីរ៉ង់ប្រឆាំងនឹងអ៊ុយក្រែន។ យោង​តាម​រដ្ឋាភិបាល​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ​កងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​កងកម្លាំង​រុស្ស៊ី​ក្នុង​ការ​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក។ការលាតត្រដាងការសម្ងាត់របស់សហរដ្ឋអាមេរិកកើតឡើងនៅពេលដែលរដ្ឋបាលលោក Biden ស្វែងរកការដាក់សម្ពាធអន្តរជាតិលើទីក្រុងតេអេរ៉ង់បន្ថែមទៀត ខណៈដែលរុស្ស៉ីបានទម្លាក់គ្រាប់បែកលើជនស៊ីវិលអ៊ុយក្រែន ដោយមានជំនួយពីយន្តហោះគ្មានមនុស្សបើកដែលផលិតនៅប្រទេសអ៊ីរ៉ង់។ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយនៅសប្តាហ៍នេះថា កងកម្លាំងរុស្ស៊ីបានបំផ្លាញស្ថានីយ៍ថាមពលចំនួន 30% របស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃទី 10 ខែតុលា។

លោក Kirby បាននិយាយថា “ព័ត៌មានដែលយើងទទួលបានគឺអ៊ីរ៉ង់បានបញ្ជូនគ្រូបណ្តុះបណ្តាល និងជំនួយផ្នែកបច្ចេកទេសទៅតំបន់ Crimea ប៉ុន្តែកងទ័ពរុស្ស៊ីជាអ្នកបញ្ជាយន្តហោះដ្រូនទាំងនោះដោយខ្លួនឯង”។លោកបានបន្ថែមថា រដ្ឋបាលលោក Biden កំពុងសម្លឹងមើលការដាក់ទណ្ឌកម្មថ្មីលើទីក្រុង Tehran និងស្វែងរកមធ្យោបាយទប់ស្កាត់អ៊ីរ៉ង់កុំអោយលក់អាវុធបែបនេះទៅឱ្យរុស្ស៊ី។សហរដ្ឋ​អាមេរិក​បាន​លាតត្រដាង​ជា​លើក​ដំបូង​​ថា រុស្ស៊ី​កំពុង​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​ដើម្បី​​ប្រឆាំង​អ៊ុយក្រែន។ តែអ៊ីរ៉ង់​បាន​បដិសេធ​ថាមិនបាន​លក់​អាវុធ​ឲ្យ​រុស្ស៊ីទេ។

ឧត្តមសេនីយ Pat Ryder លេខាធិការព័ត៌មានរបស់មន្ទីរបញ្ចកោណ បានប្រាប់អ្នកសារព័ត៌មានថា ប្រសិន​​បើរុស្ស៊ីរកទិញយន្តហោះគ្មានមនុស្សបើកបន្ថែមទៀតពីអ៊ីរ៉ង់ មន្ត្រីយោធាអាមេរិក “នឹងមិនភ្ញាក់ផ្អើលទេ” ។ លោកប្រធានាធិបតីអ៊ុយក្រែនZelenskyy បាននិយាយកាលពីសប្តាហ៍មុនថា រុស្ស៊ីបានបញ្ជាទិញដ្រូន​ចំនួន 2,400គ្រឿងពីអ៊ីរ៉ង់។មន្ត្រីអាមេរិកជឿជាក់ថា អ៊ីរ៉ង់អាចនឹងដាក់ពង្រាយបុគ្គលិកយោធា ដើម្បីជួយដល់រុស្សីក្នុងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់។ នៅអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ អ៊ុយក្រែនបានចោទប្រកាន់អ៊ីរ៉ង់ថាបានរំលោភលើការហាមឃាត់របស់ក្រុមប្រឹក្សាសន្តិសុខលើការលក់យន្តហោះគ្មានមនុស្សបើកដែលមានសមត្ថភាពហោះហើរបានចម្ងាយ 300 គីឡូម៉ែត្រ។  រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទាំងនេះ គឺជាទង្វើនៃការអស់សង្ឃឹម” ។ «តាមរយៈការវាយប្រហារទាំងនេះ បុគ្គល និងក្រុមហ៊ុនផលិតអាវុធបានធ្វើឱ្យប្រជាជនអ៊ុយក្រែនរងទុក្ខដោយមិនដឹងខ្លួន។ យើង​​ធានា​ថាពួក​គេ​នឹងត្រូវ​​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ពួក​គេ»។

ប្រភព៖ AP ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២២

Share

ព័ត៌មានទាក់ទង

Image