en     km
en     km

សម្ដេច ហ៊ុន សែន សច្ចាកម្ចាត់មនោគមនយោបាយជ្រុលនិយមស្របពេលលោក សម រង្ស៊ី ត្រូវបានបិទសិទ្ធិធ្វើនយោបាយ

Share

សម្ដេច ហ៊ុន សែន សច្ចាកម្ចាត់មនោគមនយោបាយជ្រុលនិយម ដែលគាំទ្រលោក សម រង្ស៊ី ខណៈតុលាការកាលពីម្សិលមិញបានចេញសេចក្ដីសម្រេចឱសានវាទសិទ្ធិនយោបាយរបស់លោក សម រង្ស៊ី នៅថ្ងៃ១៩ ខែតុលាឆ្នាំ២០២២។ តែយ៉ាងណាមន្រ្តីសង្គមស៊ីវិល និងរូបលោក សម រង្ស៊ី ផ្ទាល់ ចាត់ទុកថាការ បញ្ចប់ឆាកនយោបាយនេះគឺជារឿងសងសឹក។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ភ្នំពេញ៖នាយករដ្ឋមន្រ្តីកម្ពុជាដែលកាន់អំណាចយូរជាងគេនៅអាស៊ីបានថ្លែងជាសាធារណៈថា សម្តេចត្រូវតែកម្ចាត់ចោលក្រុមមនោគមនវិជ្ជាជ្រុលនិយមដែលភ្ជាប់ខ្លួន និងទៅលោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិ។

ការថ្លែងរបស់សម្តេច ហ៊ុន សែន ដោយសច្ចាតាមបោសសំអាតក្រុមដែលមានសមានចិត្តគាំទ្រលោក សម រង្ស៊ីនេះ ធ្វើឡើងក្នុងឱកាសសម្តេចប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ថាក្រុមមនោគមនវិជ្ជាជ្រុលនិយមនេះ គឺសំដៅដល់អ្នកជាប់ពាក់ព័ន្ធទៅនឹងលោក សម រង្ស៊ី ដែលចង់ឱ្យសហស្ថានិកគណបក្សសង្គ្រោះជាតិរូបនេះត្រឡប់ចូលកម្ពុជាវិញ ដើម្បីជាជំហរធ្វើការប្រកួតប្រជែងជាមួយបក្សកាន់អំណាច។

សម្តេច ហ៊ុន សែន បានបង្ហាញខ្សែអាត់កិច្ចសន្ទនារបស់សមាជិកក្រុមបក្សប្រឆាំងជាមួយលោក សម រង្ស៊ី ហើយបានចាត់ទុកថា ជាទង្វើខុសច្បាប់។ តែយ៉ាងណានាយករដ្ឋមន្រ្តីមិនបង្ហាញអត្តសញ្ញាណជនដែលមានជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ប្រាប់អ្នកសារព័ត៌មាននោះទេ ដោយសម្តេចបញ្ជាក់ថា ធាតុផ្សំនៃបទល្មើសពុំគ្រប់គ្រាន់។

ជាការកត់សម្គាល់ បន្ទាប់ពីនាយករដ្ឋមន្រ្តីបានថ្លែងលើរឿងនេះ កាលពីពេលកន្លងទៅថ្មីៗមន្រ្តីរដ្ឋាភិបាលជាច្រើនបានបញ្ចេញសារគាំទ្រ ដោយប្ដេជ្ញាថា នឹងបង្រ្កាបនូវទង្វើក្បត់ ឬសកម្មភាពបះបោរណាមួយប្រឆាំងនឹងរាជរដ្ឋាភិបាល។

ស្របពេលនៃការប្រកាសកម្ចាត់ចោលក្រុមគាំទ្របក្សប្រឆាំងនេះដែល គឺកាលពីថ្ងៃទី១៩ ខែតុលា ម្សិលមិញនេះ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសឱ្យលោក សម រង្ស៊ី ដែលបាននិរទ្ទេសខ្លួនទៅរស់នៅលើទឹកដីប្រទេសបារាំងហើយនោះ ឱ្យជាប់ពន្ធធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយរបស់លោក ក្រោមហេតុផល ពាក់ព័ន្ធនឹងករណីប្រគល់ទឹកដីចំនួន៤ខេត្តឱ្យទៅជនជាតិដើមភាគតិច ម៉ុងតាញ៉ា ដើម្បីរស់នៅ។

ចំណែកប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះដែរ បានលើកឡើងពាក់ព័ន្ធនឹងការកាត់ទឹកដីនេះថា “កុំថាឡើយអ្នកឯងមិនកាន់អំណាច សូម្បីតែខ្ញុំកាន់អំណាចបើហ៊ានចុះហត្ថលេខាឱ្យទឹកដីទៅប្រទេសណាមួយ ខ្ញុំក៏នឹងជាប់ទោសធ្ងន់ធ្ងរដូចគ្នា”។ ការលើកឡើងររបស់រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រទៅនឹងការសម្រេចរបស់តុលាសាលាដំបូងរាជធានីភ្នំពេញ ថា ត្រឹមត្រូវបំផុត។

ជុំវិញរឿងនេះលោកបណ្ឌិត មាស នី ធ្លាប់បានប្រាប់វិទ្យុស្ដ្រីថា មិនត្រឹមតែអ្នកពាក់ពន្ធ័នឹងលោកសម រង្ស៊ីទេ ដែលប្រឈមនឹងបញ្ហា សូម្បីតែគណៈបក្សភ្លើងទៀត ដែលមានអ្នកគាំទ្ររាប់លាននាក់ ក៍អាចនឹងប្រឈមបញ្ហានាពេលខាងមុខផងដែរ។

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះដដែល លោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ហើយបង្ហោះលើហ្វេសប៊ុករបស់លោកថា  តុលាការផ្ដន្ទាទោសលោកអស់មួយជីវិត និងដកសិទ្ធិនយោបាយជាស្ថាពរ គឺជារឿងសងសឹកដូចគ្នា៕

Share

Image
Image
Image