en     km
en     km

ស្រ្តីនិងកុមារយេម៉ែន​កំពុងជួបគ្រោះទុរភិក្សខណៈ​ប្រទេសនេះ​ត្រឡប់​ទៅ​រក​សង្រ្គាមជាថ្មី

Share

 

 

យោងតាម AP ភាពអត់ឃ្លានបានគំរាមកំហែងដល់អាយុជីវិតកុមារយេម៉ែនរាប់លាននាក់។បច្ចុប្បន្ននេះ សង្រ្គាមរវាងក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ និងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត កំពុងគំរាមកំហែងកាន់តែខ្លាំងឡើង បន្ទាប់ពីមានបទឈប់បាញ់ជាច្រើនខែ។ យេម៉ែន និងក្រុមជំនួយអន្តរជាតិព្រួយបារម្ភថា ស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗ។​

លោកស្រី Joyce Msuya ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បាននិយាយថានៅក្នុងទីក្រុង Hodeida ដែលមានប្រជាជនប្រហែល 3 លាននាក់ មន្ទីរពេទ្យ al-Thawra ទទួលអ្នកជំងឺចំនួន 2,500 នាក់ជារៀងរាល់ថ្ងៃ រួមទាំងកុមារ “ខ្វះអាហារូបត្ថម្ភ” ។កុមារយេម៉ែនប្រហែល 2.2 លាននាក់ដែលមានអាយុក្រោម 5 ឆ្នាំកំពុងស្រេកឃ្លាន ខ្វះអាហាររូបត្ថម្ភ។ ជាងកន្លះលាននាក់ ខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ អង្គការសហប្រជាជាតិបាននិយាយថា ស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូនប្រមាណ 1.3 លាននាក់ កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅឆ្នាំនេះ។

លោកស្រីMsuya បាននិយាយនៅក្នុងវីដេអូមួយដែលចេញផ្សាយដោយ UN ថា “នេះគឺជាដំណើរទស្សនកិច្ចដ៏ក្រៀមក្រំបំផុតមួយដែលខ្ញុំមិនធ្លាប់ជួបនៅក្នុងជីវិតការងាររបស់ខ្ញុំ” “មានតម្រូវការដ៏ធំធេងណាស់។ ពាក់កណ្តាលនៃមន្ទីរពេទ្យយេម៉ែនមិនដំណើរការទេ ឬត្រូវបានបំផ្លាញទាំងស្រុងដោយសង្រ្គាម។ យើង​ត្រូវ​ការ​ជំនួយ​បន្ថែម​ទៀត​ដើម្បី​សង្គ្រោះ​ជីវិត​កុមារ ស្ត្រី និង​បុរស​នៅ​យេម៉ែន»។សង្គ្រាម​នៅ​អ៊ុយក្រែន​កំពុង​ធ្វើ​ឲ្យ​ស្ថានការណ៍នៅយេនម៉ែន​កាន់តែ​ធ្ងន់ធ្ងរ។របបអាហារយេម៉ែនពឹងផ្អែកយ៉ាងខ្លាំងលើស្រូវសាលីនាំចូលពីអ៊ុយក្រែន​ប្រហែល ៤០%។ នៅប្រទេសយេម៉ែន តម្លៃអាហារកើនឡើង60% ប្រៀបធៀបនឹងឆ្នាំមុន។

លោក Peter Salisbury អ្នកជំនាញយេម៉ែននៅ International Crisis Group បាននិយាយថា “យេម៉ែនបានរងការផលប៉ះពាល់ចំនួន៣យ៉ាងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន” ។ “ទីមួយ ដោយការបាត់បង់ការផ្គត់ផ្គង់ស្បៀងអាហារពីអ៊ុយក្រែន និងតម្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិ។ទី២គឺតម្លៃប្រេងឥន្ធនៈឡើងខ្ពស់។ ហើយ​ទី​បី​គឺ​ដោយ​ការ​ផ្លាស់​ប្តូរ​គោលនយោបាយអន្តរជាតិរបស់ប្រទេសធំៗ»។

សង្គ្រាម​នៅយេម៉ែនបាន​អូសបន្លាយ​អស់​រយៈពេល​ប្រាំបី​ឆ្នាំ​រវាង​ក្រុម​ឧទ្ទាមនិកាយ​ស៊ីអ៊ីត Houthi និង​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ក្រុមចម្រុះនិកាយ​ស៊ុននី​នៃ​ប្រទេស​អារ៉ាប់។ ក្រុម Houthis ដែលគាំទ្រដោយអ៊ីរ៉ង់បានវាយលុកចុះពីលើភ្នំក្នុងឆ្នាំ 2014 កាន់កាប់ភាគខាងជើងប្រទេសយេម៉ែន និងរដ្ឋធានីសាណារបស់ប្រទេសនេះ ហើយបានបង្ខំឱ្យរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិឱ្យនិរទេសខ្លួនទៅ ទៅប្រទេសអារ៉ាប៊ីសាអូឌីត។ចាប់​តាំង​ពី​ពេល​នោះ​មក មនុស្ស​ជាង 150.000 នាក់(១៥ម៉ឺននាក់)​ត្រូវ​បាន​សម្លាប់​ហើយ 3លាន​នាក់​ត្រូវ​បាន​ភៀស​ខ្លួន។ រៀងរាល់ 10 នាទីមានកុមារយេម៉ែនម្នាក់បានស្លាប់ដោយជំងឺដែលអាចការពារបាន។

 ប្រភព៖ AP ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២២

 

Share

Image
Image
Image