យោងតាម AP ភាពអត់ឃ្លានបានគំរាមកំហែងដល់អាយុជីវិតកុមារយេម៉ែនរាប់លាននាក់។បច្ចុប្បន្ននេះ សង្រ្គាមរវាងក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ និងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត កំពុងគំរាមកំហែងកាន់តែខ្លាំងឡើង បន្ទាប់ពីមានបទឈប់បាញ់ជាច្រើនខែ។ យេម៉ែន និងក្រុមជំនួយអន្តរជាតិព្រួយបារម្ភថា ស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗ។
លោកស្រី Joyce Msuya ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បាននិយាយថានៅក្នុងទីក្រុង Hodeida ដែលមានប្រជាជនប្រហែល 3 លាននាក់ មន្ទីរពេទ្យ al-Thawra ទទួលអ្នកជំងឺចំនួន 2,500 នាក់ជារៀងរាល់ថ្ងៃ រួមទាំងកុមារ “ខ្វះអាហារូបត្ថម្ភ” ។កុមារយេម៉ែនប្រហែល 2.2 លាននាក់ដែលមានអាយុក្រោម 5 ឆ្នាំកំពុងស្រេកឃ្លាន ខ្វះអាហាររូបត្ថម្ភ។ ជាងកន្លះលាននាក់ ខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ អង្គការសហប្រជាជាតិបាននិយាយថា ស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូនប្រមាណ 1.3 លាននាក់ កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅឆ្នាំនេះ។
លោកស្រីMsuya បាននិយាយនៅក្នុងវីដេអូមួយដែលចេញផ្សាយដោយ UN ថា “នេះគឺជាដំណើរទស្សនកិច្ចដ៏ក្រៀមក្រំបំផុតមួយដែលខ្ញុំមិនធ្លាប់ជួបនៅក្នុងជីវិតការងាររបស់ខ្ញុំ” “មានតម្រូវការដ៏ធំធេងណាស់។ ពាក់កណ្តាលនៃមន្ទីរពេទ្យយេម៉ែនមិនដំណើរការទេ ឬត្រូវបានបំផ្លាញទាំងស្រុងដោយសង្រ្គាម។ យើងត្រូវការជំនួយបន្ថែមទៀតដើម្បីសង្គ្រោះជីវិតកុមារ ស្ត្រី និងបុរសនៅយេម៉ែន»។សង្គ្រាមនៅអ៊ុយក្រែនកំពុងធ្វើឲ្យស្ថានការណ៍នៅយេនម៉ែនកាន់តែធ្ងន់ធ្ងរ។របបអាហារយេម៉ែនពឹងផ្អែកយ៉ាងខ្លាំងលើស្រូវសាលីនាំចូលពីអ៊ុយក្រែនប្រហែល ៤០%។ នៅប្រទេសយេម៉ែន តម្លៃអាហារកើនឡើង60% ប្រៀបធៀបនឹងឆ្នាំមុន។
លោក Peter Salisbury អ្នកជំនាញយេម៉ែននៅ International Crisis Group បាននិយាយថា “យេម៉ែនបានរងការផលប៉ះពាល់ចំនួន៣យ៉ាងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន” ។ “ទីមួយ ដោយការបាត់បង់ការផ្គត់ផ្គង់ស្បៀងអាហារពីអ៊ុយក្រែន និងតម្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិ។ទី២គឺតម្លៃប្រេងឥន្ធនៈឡើងខ្ពស់។ ហើយទីបីគឺដោយការផ្លាស់ប្តូរគោលនយោបាយអន្តរជាតិរបស់ប្រទេសធំៗ»។
សង្គ្រាមនៅយេម៉ែនបានអូសបន្លាយអស់រយៈពេលប្រាំបីឆ្នាំរវាងក្រុមឧទ្ទាមនិកាយស៊ីអ៊ីត Houthi និងកងកម្លាំងគាំទ្ររដ្ឋាភិបាលដែលគាំទ្រដោយក្រុមចម្រុះនិកាយស៊ុននីនៃប្រទេសអារ៉ាប់។ ក្រុម Houthis ដែលគាំទ្រដោយអ៊ីរ៉ង់បានវាយលុកចុះពីលើភ្នំក្នុងឆ្នាំ 2014 កាន់កាប់ភាគខាងជើងប្រទេសយេម៉ែន និងរដ្ឋធានីសាណារបស់ប្រទេសនេះ ហើយបានបង្ខំឱ្យរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិឱ្យនិរទេសខ្លួនទៅ ទៅប្រទេសអារ៉ាប៊ីសាអូឌីត។ចាប់តាំងពីពេលនោះមក មនុស្សជាង 150.000 នាក់(១៥ម៉ឺននាក់)ត្រូវបានសម្លាប់ហើយ 3លាននាក់ត្រូវបានភៀសខ្លួន។ រៀងរាល់ 10 នាទីមានកុមារយេម៉ែនម្នាក់បានស្លាប់ដោយជំងឺដែលអាចការពារបាន។
ប្រភព៖ AP ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២២