MC: សៀមរាបជាខេត្តដែលមានសក្ដានុពលផ្នែកទេសចរណ៍ ទាំងតំបន់វប្បធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ធម្មជាតិកែច្នៃ និងកន្លែងកម្សាន្តពេលរាត្រី។ បើនិយាយពីតំបន់កម្សាន្តរាត្រីក្នុងខេត្តនេះ គេប្រាកដជានឹកឃើញដល់ ផាប់ស្ត្រីប ជាក់ជាមិនខាន។ ផាប់ស្ត្រីប មុនផ្ទុះកូវីដ១៩ គេតែងបានឃើញមនុស្សម្នាកកកុញចម្រុះជាតិសាសន៍ ឮសំឡេងកងរំពង សើចហ៊ោ ប្រណាំងនឹងសំឡេងដន្ត្រី។ ទិដ្ឋភាពក្រោមពន្លឺភ្លើងចម្រុះពណ៌ពីមុន វាគ្រាន់តែជាអតីកាលប៉ុននោះ។ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ មិនសូវមានភ្ញៀវដើរចូលដូចពីមុនដែរ ខណៈដែលហាងខ្លះបានបិទទ្វារ។ តើអាជីវករទាំងនោះ បន្តជួបបញ្ហាអ្វីខ្លះ? តើអ្វីគួរតែជាដំណោះស្រាយ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច អាជីវករក្នុងតំបន់ផាប់ស្ត្រីប? កញ្ញា លន់ សុបិន បានរៀបចំនូវបទយកការណ៍ជូនលោកអ្នកជ្រាបដូចតទៅ៖
ម៉ោងជាង៩យប់ពេលនេះ មិនដូចម៉ោងជាង៩យប់កាលពីជាងពីរឆ្នាំមុននោះទេ។ ថ្វីត្បិត វិបត្តិកូវីដនៅកម្ពុជាបានធូរស្រាលច្រើនជាងមុន តំបន់ផាប់ស្ត្រីប បានបើកដំណើរការកន្លះឆ្នាំហើយក្ដី។ ក្រោមពន្លឺអគ្គិសនីភ្លឺស្ទើរដូចថ្ងៃ អាជីវករ ព្រាម ស្រីតូច ចាប់ផ្ដើមរៀបចំអីវ៉ានទុកបណ្ដើរៗ ព្រោះស្ទើរអស់មនុស្សដើរដែរហើយ។ ស្រីតូចបានប្រាប់វិទ្យុស្ត្រីថា បើបៀបធៀបការលក់ដូរកាលពីមុនផ្ទុះកូវីដ-១៩ និងឥឡូវនេះខុសឆ្ងាយដូចមេឃនិងដី ខណៈដែលចំណូលបានត្រឹមតែតិចតូចប៉ុណ្ណោះ។ កញ្ញាបានសង្កត់ធ្ងន់ថា មានពេលខ្លះសឹងតែមិនអាចផ្គត់ផ្គង់ប្រាក់ខែបុគ្គលិក និងកន្លែងជួលក៏មានដែរ។កញ្ញាស្រីតូចលើកឡើងថា៖«ការរកចំណូលពីមួយថ្ងៃទៅមួយថ្ងៃបានតែពី ៣០ដុល្លាទៅ៥០ដុល្លាប៉ុណ្ណោះ ក្នុងរយៈពេលបើកពីម៉ោង៨ព្រឹកដល់ម៉ោង១១យប់ [រាងរាល់ថ្ងៃ]។ ដូច្នេះ នាងមានសង្ឃឹមថា ភ្ញៀវនឹងមានឡើងវិញ១០០ភាគរយ[បើស្ថានភាពកូវីដ-១៩មានភាពស្ងប់ស្ងាត់ជាងពេលបច្ចុប្បន្ន]»។
ស្រីតូច បន្តថា ភ្ញៀវអាចមានកំណើនខ្លះសម្រាប់រាត្រីថ្ងៃសុក្រ សៅរ៍ និងអាទិត្យ និងថ្ងៃបុណ្យ ថ្ងៃផ្សេងពីនោះ គឺស្ងាត់។ សម្រាប់ពេលរាត្រី ស្ថានភាពភ្ញៀវមិនល្អប្រសើរឡើយពេលនេះ។ តើពេលថ្ងៃ អាចមានភ្ញៀវដើរទិញវត្ថុអនុស្សាវរីយ៍ច្រើនទេ?
ក្រុមការងារវិទ្យុស្ត្រីបានដើរសំដៅតូបមួយគួរជាទីចាប់អារម្មណ៍ ទីនោះមានតាំងលក់ខោអាវរូបអង្គរ និងចម្លាក់ផ្សេងៗយ៉ាងណែនតាន់តាប់ សឹងរកកន្លែងដើរគ្មាន។ អាជីវករវ័យក្មេងបានស្វាគមន៍យ៉ាងរួសរាយទាក់។ ពួកយើងបានជជែកគ្នាពីការលក់ដូររបស់នាង។ អ្នកស្រី តឿម ស្រីយ៉ា ថា សម្រាប់ថ្ងៃចុងសប្ដាហ៍ មានភ្ញៀវគួរសមដែរ ប៉ុន្តែភ្ញៀវហាក់មិនសូវចាប់អារម្មណ៍ទិញរបស់របរនោះទេ។ ឯភ្ញៀបរទេស ដែលនាងអះអាងថា លក់បានតម្លៃល្អគ្រាន់បើនោះ លែងមានវត្តមានដូចពីមុនហើយ។ និយាយដល់ចំណុចនេះ នាងធ្លាក់ទឹកមុខបន្តិច។
«យ៉ាប់មែនទែន តឹងលក់អត់ដាច់។ រាល់ថ្ងៃបរទេសអត់ច្រើនដូចមុន ចឹងខ្មែរមកពីភ្នំពេញអ្នកទិញ តែខ្មែរយើងលក់អត់ចំណេញអីទេ [ដោយសារតែលក់អត់បានថ្លៃ ដូចលក់ឱ្យជនបរទេស] គ្រាន់ចំណេញក្បាលកាក់»។
ស្រីយ៉ា បន្តទៀតថា បន្ទាប់ពីបិទអាជីវកម្មអស់មួយរយៈធំ នាងទើបតែសម្រេចចិត្តសាកល្បងបើកលក់ឡើងវិញនាពេលថ្មីៗនេះប៉ុណ្ណោះ ដោយសង្ឃឹមថា អាចរកចំណូលបានប្រហាក់ប្រហែលមុន ប៉ុន្តែជាក់ស្ដែងគឺផ្ទុយស្រឡះ។
«[តូបលក់ដូរ]ទើបបើកបាន ០៣ខែ [ក្រោយពី]បិទពីរឆ្នាំហើយ។ កាលមុន [កូវីដ-១៩] វត្ថុវអនុស្សាវរីយ៍១០ទៅ៣០មុខ របស់របរចម្រុះដូចគ្រឿងចម្លាក់ ក្រណាត់ មួយថ្ងៃ[លក់បាន]៥០០ដុល្លារទៅ១០០០ដុល្លារ ដល់ឥឡូវមួយថ្ងៃ[លក់]៥០ដុល្លារមិនចង់បាន»។
ជុំវិញបញ្ហារកចំណូលធ្លាក់ចុះយ៉ាងគំហុកបណ្ដាលឱ្យថៅកែភាគច្រើនសម្រេចចិត្តកាត់បន្ថយប្រាក់ខែបុគ្គលិក បើទោះបីពួកគេធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃក៏ដោយ។ អ្នកស្រី ស្រីយ៉ាបានឱ្យដឹងថា បច្ចប្បន្ននេះបុគ្គលិកភាគច្រើនអាចទទួលបានប្រាក់ខែតែ១០០ដុល្លារប៉ុណ្ណោះក្នុង១ខែ បើប្រៀបកាលពីមុនបាន២០០ដុល្លារ។ បញ្ហានេះបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងររបស់ពលរដ្ឋមួយចំនួនដែលតែងតែពឹងអាស្រ័យលើមុខរបរស៊ីឈ្នួលទាំងនោះ។
កញ្ញា សាយ ម៉ៃ (ពាក់អាវដៃវែងប្រផះឈរបែរខ្នង)
ក្រឡេកមកមើល អាជីវករដែលមានទឹកមុខរួសរាយរាក់ទាក់ម្នាក់ទៀត កញ្ញា សាយ ម៉ៃ ដែលកំពុងរៀបចំឥវ៉ាន់លក់ឱ្យភ្ញៀវ ដែលចូលមករកទិញនៅក្នុងតូបរបស់ខ្លួនជាប់នឹងផ្លូវធំចូលតំបន់ផាប់ស្រ្តីប បានលើកឡើងថា កញ្ញាបានចាប់ផ្ដើមបើកលក់វត្ថុអនុស្សាវរីយ៍តាំងពីដើមខែកុម្ភៈ ប៉ុន្តែមិនសូវមានអតិថិជនទិញច្រើននោះទេ គេអាចទិញត្រឹមតែវត្ថុអនុស្សាវរីយ៍តិចតួចប៉ុណ្ណោះ ភាគច្រើន អ្នកដែលមកទស្សនានៅតំបន់នេះគ្រាន់តែដើរមើលកម្សាន្តប៉ុណ្ណោះ។
លាយឡំជាមួយទេសចរខ្មែរដែលដើរមួយៗ មានទេសចរជនជាតិអាមេរិកម្នាក់គឺ អ៊ីរីក ឡែមប៊ឺត បានឱ្យដឹងថា លោកចូលចិត្តទិញវត្ថុអនុស្សាវរីយ៍នៅតំបន់ ផាប់ស្រ្តីប ជារឿយៗ ពេលណាដែលលោកបានមកលេងនៅខេត្តសៀមរាប ដោយសារ របស់របរលក់នៅទីនេះមានតម្លៃសមរម្យ។ បុរស ច្រមុះស្រួច សក់ពណ៌ទង់ដែង រាងខ្ពស់ស្រឡះ លើកឡើងដូច្នេះ ៖
«ខ្ញុំធ្លាប់បានទិញ[វត្ថុអនុស្សាវរីយ៍នៅទីនេះ]។ ខ្ញុំកំពុងពាក់វាឥឡូវនេះ [ខ្សែដៃ និងអាវយឺត]។ ក្នុងមួយខែខ្ញុំទិញអាវយឺត ៤ ហើយនេះគឺជាអ្វីដែលខ្ញុំត្រូវការ។ […] វត្ថុអនុស្សាវរីយ៍ទាំងនោះ គឺស្អាត និងគួរឱ្យស្រឡាញ់ ហើយទាក់ទងនឹងតម្លៃវិញ គឺសមរម្យ។ [ចំណែក] អ្នកលក់ គឺរួសរាយរាក់ទាក់ និងមិនមានការបង្ខំភ្ញៀវឱ្យទិញដូចនៅប្រទេសថៃនោះទេ»។
ក្នុងដំណើរកម្សាន្តពេលព្រឹកដែលក្រុមការងារយើងបានជួបដោយចៃដន្យ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ហួត រិទ្ធី មិនបានឆ្លើយនឹងការត្អូញត្អែរជុំវិញការរកចំណូលធ្លាក់ចុះរបស់អាជីវករនោះទេ តែលោកថា ជាបច្ចុប្បន្ននេះមានភ្ញៀវទេសចរមកលេងខេត្តសៀមរាបកាន់តែច្រើន ដែលធ្វើឱ្យអាជីវករភាគច្រើនអាចរកចំណូលបានឡើងវិញ បើបៀបធៀបអំឡុងពេលកូវីដ-១៩បានផ្ទុះឡើង។ លោកបានអះអាងថា អាជ្ញាធរពាក់ព័ន្ធនឹងពង្រឹងវិធានការ និងស្ដារឡើងវិញឱ្យបានល្អនាពេលឆាប់ៗនេះ ក្នុងការទាក់ទាញភ្ញៀវជាតិអន្តរជាតិ។
«ដោយសារតែជាកន្លែងកំសាន្តរីករាយសប្បាយ គាត់ជួបជុំមិត្តភក្តិ បងប្អូន និង ក្រុមគ្រួសាររបស់គាត់ដើម្បីអង្គុយពិសារអាហារភេសជ្ជៈដែលជាចំណូលចិត្តរបស់គាត់ ដោយសារតែនៅកន្លែងនឹងគឺមានសេវាកម្មគ្រប់ គាត់ចង់រាំលេងកំសាន្ត ចង់ម៉ាស្សារ ដៃជើង ដោយមានត្រីជាអ្នកម៉ាស្សារ ក្រៅពីនោះគាត់ក៏អាចរីករាយជាមួយការទិញវត្តុអនុស្សារីយ៍គឺបានប្រមូលផ្តុំនៅទីនោះ នេះគឺជាការទាក់ទាញក្នុងពេលរាត្រី»។
ក្នុងបទសម្ភាសតាមទូរស័ព្ទ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហានៃការធ្លាក់ចុះចំណូលរបស់អាជីករលក់ដូរវត្ថុអនុស្សាវរីយ៍នៅតំបន់ទេសចរណ៍ពេលរាត្រីឱ្យបានល្អ អាជ្ញាធរពាក់ព័ន្ធត្រូវតែគិតគូរឱ្យបានត្រឹមត្រូវជុំវិញបញ្ហាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងរក្សាស្ថិរភាពនៃលំហូរភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយពីតំបន់វប្បធម៌ និងការកំសាន្តផ្សេងៗឱ្យមានភាពទាក់ទាញខ្ពស់ជាងមុន។
«រដ្ឋត្រូវធ្វើការប្រមូលសិន(ផ្សព្វផ្សាយលើកម្ពស់អ្វីដែលជាសក្ដានុពលសម្រាប់ទាក់ទាញដល់ភ្ញៀវទេសចរណ៍) អាចរៀបចំសេវាតម្លែទំនិញ ផ្ទះសំណាក សណ្ឋាគារ [រួមនឹង]ការបញ្ចុះតម្លៃសំបុត្រចុះទស្សនាប្រាសាទបូរាណប្រាសាទអង្គរវត្តជាដើម។ ហើយរដ្ឋត្រូវតែធានានូវស្ថេរភាពសេដ្ឋកិច្ច និងលើកកម្ពស់ការលក់ដូររបស់ប្រជាពលរដ្ឋឱ្យមានភាពទាក់ទាញ ទើបអាចជួយសម្រួលដល់អាជីវករបានល្អនៅពេលខាងមុខ»។
ប្រិយមិត្តទើបបានស្ដាប់បទយកការណ៍ ដែលរៀបចំកញ្ញា លន់ សុបិន ស្ដីពី អាជីវករនៅតំបន់ផាប់ស្រ្តីប ខេត្តសៀមរាបបន្តអស់សង្ឃឹម ដែលលោកអ្នកទើបបានស្ដាប់អម្បាញ់មិញនេះ ចប់តែប៉ុននេះ។
អ្នកស្រី តឿម ស្រីយ៉ា
កញ្ញា ព្រាន ស្រីតូច (កំពុងអង្គុយលើកៅអីក្នុងតូប)