ប្រេងឆៅដែលបូមបានពីអណ្ដូងប្រេងក្នុងទឹកដីកម្ពុជា លក់បានចំណូលសរុបជាង25លានដុល្លា កាលពីខែកញ្ញា បន្ទាប់ពីចរចាររឿងដឹកត្រឡប់មកវិញ ក្រោយក្រុមហ៊ុន KrisEnergy បានក្ស័យធន និងនាវា Strovolos បានលួចដឹកចេញពីទឹកដីកម្ពុជា។ រដ្ឋលេខាធិការក្រសួងរ៉ែបានឱ្យដឹងថា ចំណូលនេះ ជួយឱ្យកម្ពុជាអាចបន្ដរុករកប្រេងកាតនៅប្លុកផ្សេងបន្ដទៀត ក្នុងអណ្ដូងប្រេងទាំង៥។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ការលក់ប្រេងឆៅរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីខែកញ្ញា ២០២២ កន្លងនេះ បានទឹកប្រាក់សរុបជាង ២៥លានដុល្លា ដែលជាប្រាក់ចំណូលពីដំណក់ប្រេងដំបូងជាប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ នេះបើយោងទៅតាមលោក ម៉េង សក្ដិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបង្ហោះក្នុងហ្វេសប៊ុករបស់លោក។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ប្រេងឆៅរបស់កម្ពុជាដែលផលិតបានទាំងអស់ មិនមានការបាត់បង់ទេ។ ឆ្លងកាត់ការតស៊ូតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិ និងការចរចារពាណិជ្ជកម្មដ៏ស្វិតស្វាញ បានរក្សាការពារបាននូវកម្មសិទ្ធ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជាបានយ៉ាងពេញលេញ ក្នុងនាមជាម្ចាស់ធនធាននេះ។
តែយ៉ាងណា ក្នុងទឹកប្រាក់សរុប ជាង២៥លានដុល្លានេះ លោក ម៉េង សក្ដិធារ៉ា បានរៀបរាប់ថា ត្រូវកាត់កងថ្លៃឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេងអស់ជាង ៣លានដុល្លា។ ចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរផ្ទង់ និងសេវាជំនាញការអន្តរជាតិផ្សេងៗ មានចំនួនជាង១លានដុល្លា។ ក្រោយការទូទាត់ថ្លៃខាងលើ ចំណូលលក់នៅសល់សម្រាប់ការបែងចែកដល់ភាគីពាក់ព័ន្ធ មានចំនួនជាង 20លានដុល្លា។
លោករំលេចបន្ថែមថា ភាគីរាជរដ្ឋាភិបាលត្រូវទទួលបាន ៧០ភាគរយ នៃចំណូលលក់នៅសល់ខាងលើ ស្មើនិងជាង១៤ លានដុល្លា។ ក្រៅពីចំណែកជាសាច់ប្រាក់ដែល រដ្ឋបានទទួលពីការលក់ប្រេងឆៅខាងលើ ភាគីរដ្ឋាភិបាលទទួលបានបន្ថែមចំណូលថវិកា ៥លានដុល្លា ពីការរឹបអូសប្រាក់តម្កល់ធានាកាតព្វកិច្ចរបស់ក្រុមហ៊ុន KrisEnergy ដែលបានតម្កល់ពីមុនពេលប្រកាសក្ស័យធន និង ស្ថាបនភ័ណ្ឌ និងកប៉ាល់ផលិតកម្មប្រេង ដែលមានស្រាប់នាពេលបច្ចុប្បន្ន នៅទីតាំងផលិតកម្មនៅក្នុងតំបន់ផ្លាតហ្វម A នៅប្លុក A នាពេលបច្ចុប្បន្ននេះ។ នេះបើតាមការបញ្ជាក់ពីលោក ម៉េង សក្ដិធារ៉ា ដដែល។
សូមរម្លឹកថា បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការចាកចេញរបស់កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានមតិភាគច្រើនចាត់ទុកថា ជាបរាជ័យមួយនៅក្នុងដំណើរផលិតកម្មប្រេងរបស់ខ្លួន ហើយបានបាត់បង់ធនធានទាំងនេះទាំងស្រុង។ តែបែបនេះក្ដី ក្រសួងរ៉ែ និងថាមពលធ្លាប់បានចេញមុខបកស្រាយ ថារាជរដ្ឋាភិបាលបានចរចារ ក្នុងការយកត្រឡប់មកវិញ។ ចំណូលពីការលក់ប្រេងឆៅនេះ គឺជាបច្ចុប្បន្នភាពសម្រេចចុងក្រោយនៃបញ្ហានេះ។
ទន្ទឹមនេះដែរ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy ទេ។ ជាមួយប្រព័ន្ធស្ថាបនភ័ណ្ឌ ដែលមានរួចហើយ និងទុនដំបូងដែលបានពីការលក់ប្រេងខាងលើ រដ្ឋអាចបន្តដំណើរការផលិតប្រេង ដែលនៅសល់តាមអណ្តូងប្រេងទាំងប្រាំ ប្រមាណ ជាង ១០ម៉ឺនបារែលបន្តទៀត និងអាចខួងអណ្តូងប្រេងកាតបន្ថែម ដើម្បីផលិតប្រេងនៅតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លាតហ្វម A នេះបន្តទៀត៕