ភ្នំពេញ៖ អង្គការ ហេឡែន ខេលល័រ (Helen Keller) តាមរយៈគម្រោង MUSEFO បានសហការមួយម្ចាស់រោងចក្រសហគ្រាសនិងមន្រ្តីក្រសួងពាក់ព័ន្ធ រៀបចំកិច្ចប្រជុំគម្រោងមួយក្នុងគោលបំណងជំរុញឱ្យមានការបំបៅដោះម្តាយទៅកូននៅតាមរោងចក្រសហគ្រាសកាន់តែច្រើន។
គោលបំណងនេះ កើតឡើងក្នុងកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយគម្រោង និងពិភាក្សាលើផែនរបស់គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការជាមួយថ្នាក់គ្រប់គ្រងរោងចក្រនិងសហគ្រាសនៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលាឆ្នាំ២០២២នេះ។
ការជំរុញបង្កើនឱ្យមានការបំបៅកូនដោយទឹកដោះម្តាយតាមរោងចក្រសហគ្រាសបែបនេះ បើតាមអ្នកពាក់ព័ន្ធ គឺដើម្បីលើកកម្ពស់ និងបញ្ជ្រាសការយល់ដឹងពីគុណប្រយោជន៍នៃទឹកដោះម្តាយនិងរបៀបបន្ថែមអាហារដល់កុមារ។ ជាងនេះ ក៏ដើម្បីបង្កើនកិច្ចសហការជាមួយម្ចាស់រោងចក្រជំរុញបង្កើតកន្លែងឬបន្ទាប់បំបៅកូនដោយទឹកដោះម្តាយ ព្រោះធ្វើឱ្យកម្មករអាចមានលទ្ធភាពបង្កើនផលិតភាពការងារកាន់តែល្អប្រសើរ និងកាត់បន្ថយបានការលាឈប់ពីការងារដោយសារការលំបាកមើលថែកូន។ មួយទៀតដែរកិច្ចប្រជុំ បានលើកយកបញ្ហាប្រឈមរបស់កម្មាការិនីជាម្តាយដែលមិនបំបៅកូនដោយទឹកដោះម្តាយផងដែរ។
អ្នកស្រី វង្ស សំរិទ្ធិ រដ្ឋបាលរោងចក្រ OLIVE HR ប្រាប់វិទ្យុស្រ្តីថា នៅរោងចក្ររបស់អ្នកស្រីមានបន្ទប់បំបៅកូនដោយទឹកម្តាយ និងទារកដ្ឋាន ដែលជាផ្នែកមួយបង្កភាពងាយស្រួលដល់កម្មការិនីអាចនាំកូនតូចរបស់ខ្លួនមករោងចក្រជាមួយបាន។ តែយ៉ាងណារដ្ឋបាលរោងចក្ររូបនេះសង្កេតឃើញថា រោងចក្ររបស់ខ្លួនមិនសូវមានកម្មករយកកូនតូចមកផ្ញើនៅទារកដ្ឋាននោះទេ ព្រោះលំបាកនាំកូនតូចជិះឡានធ្វើដំណើរផ្លូវឆ្ងាយដែលមានកម្មករជិះណែនពេញរថយន្តនោះ។
តែយ៉ាងណា តាមរយៈកិច្ចប្រជុំដែលមានសមាភាពតំណាងម្ចាស់រោងចក្រ និងសហគ្រាសចំនួន ១៨ តំណាងទាំងនោះសន្យាថានឹងបង្កើនការផ្សព្វផ្សាយបន្តដល់កម្មករឱ្យមកទទួលយកការបំបៅដោះកូនក្នុងបន្ទាប់បំបៅកូននៅតាមរោងចក្រ។
តាមរយៈការណ៍ដែលបានដាក់បង្ហាញក្នុងកម្មវិធី រកឃើញថាអត្រានៃការបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជាធ្លាក់ចុះពី៧៤%នៅឆ្នាំ២០១០ ទៅ៦៥%នៅឆ្នាំ២០១៤។ផ្ទុយមកវិញការបំបៅកូនដោយទឹកដោះគោម្ស៉ៅចំពោះកុមារអាយុពី០ខែដល់៦ខែកើនឡើងពី ៧%នៅឆ្នាំ២០០៥ ដល់៤៣%នៅឆ្នាំ២០១៣។
ក្នុងនោះស្រ្តីចំនួន៧០%មានការងារធ្វើនៅក្នុងប្រព័ន្ធការងារផ្លូវការ ហើយស្រ្តីជាម្តាយបានប្តូរមកបំបៅកូនដោយទឹកគោម្សៅពេលត្រឡប់មកធ្វើការវិញ។ បន្ថែមលើសពីនេះរបាយការណ៍ពិនិត្យឃើញថា ជាទូទៅកម្មការិនីរោងចក្រមានបញ្ហាស្លេកស្លាំង ទម្ងន់ទាបជាងស្តង់ដារ និងកង្វះជាតិដែក៕