នាយករដ្ឋមន្ដ្រីកម្ពុជាបានព្រមានខ្លាំងៗទៅកាន់អ្នកគាំទ្រ លោក សម រង្សី ថានឹងជួបផលលំបាក បើភ្ជាប់ខ្លួនទៅនឹងប្រធានអតីតគណបក្សសង្គ្រោះជាតិ ក្នុងការចូលរួមតាមការអំពាវនាវឱ្យមានការផ្លាស់ប្ដូរនៅឆ្នាំ២០២៣ របស់លោក សម រង្ស៊ី។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍
នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន សែន នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២២នេះ បានព្រមានខ្លាំងៗទៅកាន់អ្នកគាំទ្រលោក សម រង្ស៊ី ប្រធានអតីតគណបក្សសង្គ្រោះជាតិ ថាបើហ៊ានភ្ជាប់ខ្លួននឹងលោក សម រង្ស៊ី នឹងជួបផលលំបាក។
ការព្រមានក្ដែងៗនៅមុខនិស្សិតជាង៦ពាន់នាក់ នាថ្ងៃទទួលសញ្ញាប័ត្រនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ ហាក់ឆ្លើយតបទៅនិង សេចក្តីថ្លែងការណ៍ និងគម្រោងថ្មី ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ ដែលនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទទួលបាន។
យោងតាមផេកហ្វេសប៊ុក លោក សម រង្ស៊ី ដែលបង្ហោះនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោកបានអំពាវនាវប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធ ដោយសរសេរថា “ត្រូវតែមានការផ្លាស់ប្តូរ នៅកម្ពុជា ក្នុងឆ្នាំ២០២៣”។ ប្រធានអតីតគណបក្សសង្គ្រោះជាតិថា នៅឆ្នាំ២០២៣ នឹងមានព្រឹត្តិការណ៍សំខាន់ចំនួន២ ទី១មួយគឺការបោះឆ្នោតថ្នាក់ជាតិ និងទី២ គឺការផ្ទេរតំណែងនាយករដ្ឋមន្ដ្រីទៅកាន់កូនប្រុសរបស់នាយករដ្ឋមន្ដ្រី លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពបន្ដវេនពីសម្ដេច។ តែយ៉ាងណាលោកថា មិនអាចទៅរួមទេ ព្រោះសូម្បីគណបក្សកាន់អំណាចខ្លួនឯងក៏មានការជំទាស់ការផ្ទេរតំណែងនេះដែរ។
បែបនេះក្ដី លោកបន្ថែមថា នៅឆ្នាំ២០២៣ លោកនឹងចូលមកប្រទេសកម្ពុជាជាថ្មីម្ដងទៀត ដើម្បីជំរុញក្នុងព្រឹត្តិការណ៍ទាំងពីខាងលើឱ្យក្លាយជាការពិត។ នេះបើយោងទៅតាមសេចក្ដីអំនាវរបស់លោកដដែល។ លោកសម រង្ស៊ី ធ្លាប់ប្រកាសថា ចូលក្នុងស្រុកជាច្រើនដងមកហើយ តែមិនទាន់អាចឈានជើងចូលមាតុកំណើតបាននៅឡើយទេ កាលពីប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ ខណៈលោកកំពុងជាប់ឈ្មោះជាទណ្ឌិតផងដែរ។
នៅក្នុងរឿងនេះ លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជាយល់ឃើញថា ដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅឆ្នាំ២០២៣ ហាក់គ្មានផ្លូវទៅរួចទេ ដោយលោកថាគ្រាន់តែភាសាឃោសនាបែបនយោបាយតែប៉ុណ្ណោះ។ ជាងនេះ លោកបណ្ឌិត មាស នី យល់ថា អ្នកគាំទ្រគណបក្សភ្លើងទៀនរាប់លាននាក់ក៏នឹងអាចប្រឈមបញ្ហាធំៗនៅពេលខាងមុខដែរ។
ទន្ទឹមគ្នានេះដែរ នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសក្នុងកម្មវិធីចែកសញ្ញាប័ត្រដល់និស្សិតនៅថ្ងៃ ច័ន្ទ ទី១៧ ខែ តុលា នេះថាសម្ដេច នឹងដាក់គោលនយោបាយកម្ចាត់លោក សម រង្ស៊ីឱ្យទាល់តែបាន តាមរយៈការព្រមានទៅកាន់អ្នកគាំទ្រលោក៕