en     km
en     km

សម្ដេច ស ខេង និងឯកអគ្គរដ្ឋទូតអូស្ដ្រាលីជជែកគ្នាលើបញ្ហាជួញដូរមនុស្ស

Share

សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានពិភាក្សាគ្នា លើបញ្ហាការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ដោះស្រាយបញ្ហាទាំងនេះ។

ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជជែកគ្នាជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា។ ផ្អែកតាមផេកហ្វេសប៊ុកសម្ដេច ស ខេង បានឱ្យដឹងថា ភាគីទាំងពីរ កម្ពុជា និងអូស្ដ្រាលី បានពិភាក្សាគ្នាលើក្របខណ្ឌអនុស្សរណៈ ក្នុងកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗមួយចំនួន ដូចជាការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម។

លោក ផាប់លូ កាង បានលើកនូវចំណុចមួយចំនួនផ្សេងទៀត ដូចជា បញ្ហា​ជួញដូរ​មនុស្ស​តាមអ៊ីនធឺណិត បញ្ហាគ្រឿងញៀន អន្តោប្រវេសន៍ និងការលាងលុយកខ្វក់ ព្រមទាំងវិវាទការងារណាហ្គាវើលដ៍ និងការទាមទារចង់ឃើញការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ ប្រព្រឹត្តឡើងដោយសេរី និងយុត្តិធម៌ រួមទាំងសំណុំ​​រឿងលោក​ កឹម សុខា និងលោក សុន ឆ័យ ផងដែរ។ នេះបើផ្អែកតាមកាលលើកឡើងក្នុង twitterរបស់លោក។

យ៉ាងណា បើតាមប្រភពពីសម្ដេច ស ខេងបានបន្ថែមថា លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃក្នុងការបង្កើននូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដោយលោកក៏បានជម្រាបជូនដែរថា អូស្ត្រាលីត្រៀមខ្លួនផ្ដល់ការគាំទ្រដល់កម្ពុជាទៅលើកិច្ចការងារនេះ។

 

លោកបន្តថានគរបាលអូស្ត្រាលី បាននិងកំពុងដំណើរការវគ្គបណ្ដុះបណ្ដាលមួយចំនួនទៀត ជូនដល់កងកម្លាំងនគរបាលកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ បទល្មើសបច្ចេកវិទ្យា ការធ្វើកោសល្យវិច្ច័យឌីជីថល។

 

ចំពោះការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក ផាប់លូ កាង បានប្រាប់ទៅសម្ដេច ស ខេងថាបញ្ហានេះជាបញ្ហាសាកល និងជាបញ្ហាតំបន់ មិនមែនជាបញ្ហាសម្រាប់តែកម្ពុជានោះទេ ដូច្នេះលោក ក៏សង្ឃឹមថានឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញនេះ។

សម្ដេច ស ខេង ក៏បានឯកភាព និងបញ្ជាក់ទៅកាន់ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីដែរថា ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាកិច្ចការដែលទាមទារឱ្យមានការសហការជិតស្និតជាមួយបណ្ដាប្រទេសពាក់ព័ន្ធ ទាំងក្នុងតំបន់ និងសាកលោក។

សម្ដេច បន្តថាដោយផ្អែកលើបទពិសោធន៍កន្លងមក ប្រទេសសាម៉ីដែលមានពលរដ្ឋរងគ្រោះក៏មានកាតព្វកិច្ចក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបក្រុមឧក្រិដ្ឋជនក្នុងប្រទេសខ្លួនដែរ ធ្វើយ៉ាងណាទប់ស្កាត់ប្រភពនាំ ឬជួញដូរមនុស្សឆ្លងដែននេះ ខណៈកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ បង្ការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋជន ដែលប្រព្រឹត្តអំពើនេះនៅកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image