en     km
en     km

៩ខែឆ្នាំ២០២២ ក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទបាន៧០២ ករណី

Share

នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទបានចំនួន៧០២ ករណី ចំណែកការបង្ក្រាបដោយអនុវត្តវិធានរដ្ឋបាលមានចំនួន ៦០៧ ករណី និងការបង្រ្កាបដោយវិធានការច្បាប់ មានចំនួន ៩៩ករណី។ នេះបើយោងទៅតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ កន្លងមករបស់ក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរូបនេះបានបន្ដឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨ រហូតដល់៩ខែ ឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសងជារួមចំនួន ៥១២១ ករណី។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញបញ្ជាទៅកាន់អគ្គស្នងការនគរបាលរាជធានី ខេត្ត ត្រូវបង្ក្រាបករណីល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេសឱ្យមានប្រសិទ្ធិភាព ខណៈល្បែងនេះកំពុងកើនឡើងយ៉ាងអនាធិបតេយ្យក្នុងសង្គម។ វិធានការរបស់រាជរដ្ឋាភិបាលដ៏ម៉ឹងម៉ាត់បានព្រមានដកតំណែងមន្ដ្រីអភិបាលខេត្ត ស្រុក ខណ្ឌ ក្រុង  ដែលមិនអើពើនិងការបង្ក្រាបល្បែងស៊ីសងនេះ។

អ្នកធ្វើការផ្នែកសង្គមស៊ីវិល លោក សន ជ័យ ប្រធានអង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជាធ្លាប់លើកឡើងថា លោកគាំទ្រចំពោះវិធានការបង្ក្រាបល្បែងស៊ីសងនេះរបស់រាជរដ្ឋាភិបាល ថែមទាំងស្នើឱ្យស៊ើបអង្គេតរកអ្នកនៅពីក្រោយខ្នង មកផ្ដន្ទាទោសផងដែរ៕

Share

Image
Image
Image