ភ្នំពេញ៖ សមាជិករដ្ឋសភាសរុបទាំង ១១១ រូបបានបោះឆ្នោតគាំទ្រជាឯកច្ឆ័នផ្តល់សេចក្តីទុកចិត្តលើបេក្ខភាព លោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាជាតិកម្ពុជានៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០២២នេះ។
ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលមានវត្តមានចូលរួមពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសមាជិករដ្ឋសភាសរុប១១១រូប។
សូមរំលឹកថា លោក ឌិត ទីណា ត្រូវបានសម្តេច ហ៊ុន សែន ស្នើបោះឆ្នោតទុកចិត្តជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោក វេង សាខុន ត្រូវបានព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅ។
សម្តេច ហ៊ុន សែន ធ្លាប់ពន្យល់បកស្រាយឆ្លើយតបទៅកាន់អ្នកវិគាគជុំវិញចម្ងល់នៃការបញ្ចប់មុខតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្មពីលោក វេង សាខុន ថា ការបញ្ចប់តួនាទីនេះព្រោះលោក វេង សាខុន មិនអាចបំពេញភារកិច្ចការឆ្លើយតបតាមតម្រូវការរបស់រដ្ឋាភិបាលបាន។ មួយទៀត ការស្នើឱ្យមានរដ្ឋមន្រ្តីថ្មីនៅក្រសួងកសិកម្មនេះ ដើម្បីជំរុញវិស័យនេះឱ្យមានការអភិវឌ្ឍរីកចម្រើនជាងមុន។
ជាការកត់សម្គាល់ ក្នុងតួនាទីជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា ធ្លាប់បានចូលរួមដឹកនាំលុបបំបាត់អាជីវកម្មបូមខ្សាច់អនាធិបតេយ្យតាមដងទន្លេ។ ជាងនេះលោក ធ្លាប់ដឹកនាំក្រុមការងាររៀបចំតាក់តែងគោលនយោបាយជាតិ និងការងារតាក់តែងច្បាប់មួយចំនួនផងដែរ៕