en     km
en     km

ប្រធានអាស៊ានអំពាវនាវឱ្យសមាជិកអនុម័តរបបសន្ដិសុខសង្គមដល់ពលករចំណាកស្រុកក្នុងតំបន់

Share

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២នេះ អំពាវនាវឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់អនុម័តលើសេចក្ដីងថ្លែងការណ៍ស្ដីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្ដិសុខសង្គម សម្រាប់ពលករចំណាកស្រុកក្នុងតំបន់អាស៊ាន។ ជាមួយគ្នានេះ សង្គមស៊ីវិលដែលធ្វើការលើរឿងនេះ យល់ថាគំនិតផ្តួចផ្តើមនេះជាចំណុចចាប់ផ្ដើមដ៏ល្អសម្រាប់ពលករចំណាកស្រុក។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន សែន ក្នុងនាមកជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ សម្តេចបានបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨ នៅថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២២នេះ ដោយយកឱកាសនេះអំពាវនាវឱ្យសមាជិកអាស៊ានចូលរួមអនុម័ត នូវសេចក្ដីថ្លែងការណ៍អាស៊ាន ស្ដីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្ដិសុខសង្គម សម្រាប់ពលករចំណាកស្រុកក្នុងតំបន់អាស៊ាន។

នាយករដ្ឋមន្ដ្រីកម្ពុជាពន្យល់មូលហេតុនៃការអំពាវនាវនេះថា ដោយមានបទពិសោធន៍ក្នុងបរិបទកូវីដ១៩ ប្រទេសត្រូវចាំបាច់ពង្រឹងប្រព័ន្ធសន្ដិសុខសង្គមតំបន់ ដែលនឹងចូលរួមក្នុងការជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចតំបន់ ប្រកបដោយសមធម៌ និងបរិយាប័ន្ន។

នៅក្នុងរឿងលោក ឌី ថេហូយ៉ា ប្រធានផ្នែកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ យល់ឃើញថា នេះជាចំណុចចាប់ផ្ដើមដ៏ល្អសម្រាប់ពលករចំណាកស្រុក ព្រោះរបបសន្ដិសុខសង្គម និងប្រាក់អតីតភាពការងារ សុទ្ធតែចាំបាច់ចំពោះពលករ។

ចំពោះប្រទេសអាស៊ានទាំងអស់ លោក ឌី ថេហូយ៉ា មិនទាន់ដឹងច្បាស់ថា មានរបបសន្ដិសុខសង្គមឬអត់នោះទេ តែសម្រាប់ប្រទេសកូរ៉េ ពេលពលករបញ្ចប់កិច្ចសន្យាការងារគឺមានប្រាក់អតីតភាពរបស់ពួកគាត់។ តែយ៉ាងណា លោកថា ប្រសិនបើអាស៊ានអនុម័តតាមការអំពាវនាវរបស់ប្រធានអាស៊ាន នោះពលករនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ហើយនេះក៏ជាអ្វីដែលសង្គមស៊ីវិលធ្វើការរឿងនេះ ចង់ឃើញផងដែរ។

របបសន្ដិសុខសង្គមមានអត្ថប្រយោជន៍ដល់ការធានារ៉ាប់រងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដោយទទួលបានទាំងសេវាសង្គ្រោះបន្ទាន់ ប្រាក់ឧបត្ថម្ភ និងសេវាសុខភាពសំខាន់ៗផ្សេងទៀត ។ នេះបើផ្អែកតាមបេឡាជាតិសន្ដិសុខសង្គម៕

 

Share

ព័ត៌មានទាក់ទង

Image