en     km
en     km

អង្គការ World Vision ប្រគល់ជូនសម្ភារៈប្រើប្រាស់ដល់សាលានិងមន្ទីរពេទ្យក្នុងខេត្តក្រចេះ

Share

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកប្រចាំប្រទេសសិង្ហបុរី សហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នេះ បានប្រគល់ជូនតុ និងកៅអីការិយាល័យចំនួន ១៥០ ឈុត និងម៉ាស់ដែលអាចប្រើឡើងវិញចំនួន ៥០ម៉ឺនម៉ាស់ ដល់សាលាបឋមសិក្សាចំនួន ១២៤ និងមណ្ឌលសុខភាពចំនួន ១៤ ក្នុងខេត្តក្រចេះ។

ពិធីប្រគល់សម្ភារៈខាងលើ បានប្រព្រឹត្តិទៅនៅថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០២២ នៅសាលាស្រុកសំបូរ​ ខេត្តក្រចេះ។​

លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនេះ ដោយថាសម្ភារៈការិយាល័យទាំងនេះនឹងរួមចំណែកក្នុងការគាំទ្រវិស័យអប់រំ នៅខេត្តក្រចេះ ដែលជាតំបន់គោលដៅថ្មីរបស់អង្គការ World Vision ​។ លោកបន្ថែមថា អង្គការទស្សនៈពិភពលោក ប្តេជ្ញាបន្តចូលរួមលើកកម្ពស់វិស័យអប់រំ  និងសុខុមាលភាពសហគមន៍ ដើម្បីជំរុញការផ្តល់សេវាកម្មលើវិស័យទាំងពីរនេះឱ្យកាន់តែល្អប្រសើរដល់ពលរដ្ឋ។

រូបភាពនៃពិធីប្រគល់សម្ភារៈ។រូបភាពពីក្រុមការងារអង្គការWorld Vision ។

ដោយឡែកប្រធានការិយាល័យអប់រំស្រុកសំបូរលោក ទួន ផល្លា សម្តែងក្តីសោមនស្ស និងថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ព្រោះសាលាបឋមសិក្សានៅតាមតំបន់ដាច់ស្រយាលជាច្រើនពុំសូវទទួលបានជំនួយបែបនេះទេ។ លោកថា សម្ភារៈការិយាល័យទាំងនេះនឹងជួយឱ្យលោកគ្រូ អ្នកគ្រូ បំពេញការងារបានល្អនិងអាចរក្សាទុកសម្ភារៈបង្រៀនបានងាយស្រួល។  ចំណែកជំនួយជាម៉ាស់ប្រើប្រាស់ឡើងវិញ លោកបញ្ជាក់ថា នឹងជួយកាត់បន្ថយការចំណាយរបស់អាណាព្យាបាលសិស្សបានមួយផ្នែកផងដែរ។

សិស្សានុសិស្សដែលបានចូលរួមកម្មវិធី។រូបភាពពីក្រុមការងារWorld Vision។

 

សូមបញ្ជាក់ថា សម្ភារៈទាំងនេះទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនចំនួនពីរនៅប្រទេសសឹង្ហបុរី តាមរយៈអង្គការទស្សនៈពិភពលោកប្រចាំប្រទេសសិង្ហបុរី សម្រាប់កម្មវិធីអភិវឌ្ឍន៍តំបន់របស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ប្រចាំខេត្តក្រចេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកឱ្យដឹងថា ពិធីនេះបានប្រព្រឹត្តិទៅដំណាលគ្នានឹងពិធីសម្ពោធស្ថានីយចែកចាយទឹកស្អាត នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលជាស្ថានីយដំបូងបំផុតនៅស្រុកសំបូរ ក្រោមការគាំទ្រពីកម្មវិធីសហគមន៍ទំនុកបម្រុងផងដែរ។

សូមបញ្ជាក់ថា តំបន់គោលដៅរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា ក្នុងខេត្តក្រចេះមាននៅស្រុកសំបូរ ស្រុកស្នួល និងស្រុកព្រែកប្រសព្វ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២១ ក្រោមជំនួយឧបត្ថម្ភពីអង្គការទស្សនៈពិភពលោកប្រចាំប្រទេសសិង្ហបុរី  អាឡឺម៉ង់ អាមេរិក និងកាណាដា៕

 

 

 

Share

ព័ត៌មានទាក់ទង

Image