en     km
en     km

សម្ដេចហ៊ុន សែន និងលោក សម រង្ស៊ី អះអាងជ័យជំនះលើរឿងក្ដីនៅតុលាការបារាំងរៀងៗខ្លួន

Share

ភាគីដើមបណ្ដឹងសម្ដេច ហ៊ុន សែន និងភាគីជនជាប់ចោទ លោក សម រង្ស៊ី បានបង្ហាញជ័យជម្នះរៀងខ្លួន លើការសម្រេចរបស់តុលាការប្រទេសបារាំង ខណៈអ្នកច្បាប់នៅក្នុងស្រុកបង្ហាញទំនុកចិត្តលើការសម្រចចិត្តរបស់តុលាការបរទេសផងដែរ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី បានបង្ហាញភាពជោគជ័យរៀងៗខ្លួនដល់ជនអ្នកគាំទ្រ ក្រោយតុលាការប្រទេសបារាំងបានចេញសេចក្ដីសម្រេចឱ្យអ្នកនយោបាយជើងចាស់ទាំងពីរកាលពីថ្ងៃទី១០ តុលា ឆ្នាំ២០២២។

យោងតាមផេកហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន នៅពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២បានឱ្យដឹងថា ដោយយោងទៅតាមមូលហេតុ និងភស្ដុតាងដែល លោក សម រង្ស៊ីដាក់ទៅតុលាការប្រទេសបារាំង លើសំណុំរឿងការស្លាប់ របស់លោក ហុង ឡង់ឌី ដែលជាអគ្គស្នងការនគរបាលជាតិ កាលពីឆ្នាំ២០០៨នោះ ពុំមានមូលដ្ឋាន និងអំណះអំណាងច្បាស់លាស់នោះឡើយ។ តាមប្រភពនាយករដ្ឋមន្ដ្រីកម្ពុជាដដែល បានបន្ថែមថា តុលាការបានចាត់ទុកថា លោក សម រង្ស៊ី មានមូលដ្ឋានអង្គហេតុ “តិចតួចបំផុត”ក្នុងការគាំទ្រ ការចោទប្រកាន់របស់ខ្លួន។ ត្រង់ចំណុចនេះ​ តាមច្បាប់ មូលដ្ឋានបញ្ជាក់ក្នុងអង្គហេតុ ត្រូវតែមានគ្រប់គ្រាន់ ក៏ប៉ុន្ដែជាក់ស្ដែង គ្មានមូលដ្ឋានអង្គហេតុទាល់តែសោះ។

នៅក្នុងកម្មវិធីប្រគល់សញ្ញាប័ត្រ ដល់និស្សិតនៅសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ នៅថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០២២ម្សិលមិញ  សម្ដេច ហ៊ុន សែន លើកឡើងបន្ថែមថា ការសម្រចរបស់តុលាការបារាំង បានផ្ដល់យុត្តិធម៌ និងបញ្ជាក់ពីភាពស្អាតស្អំរបស់សម្ដេច ថាមិនបានពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី ឡើយ។

ដោយឡែកផេកហ្វេសប៊ុករបស់លោក សម រង្ស៊ី វិញកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានសរសេរថា តុលាការប្រទេសបារាំង ទទួលស្គាល់ថាការតស៊ូរបស់លោក សម រង្ស៊ី ជាការតស៊ូត្រឹមត្រូវ ហើយតុលាការក៏បានការពារសិទ្ធិសម្តែងមតិរបស់លោក និងសម្រចមិនចោទប្រកាន់លើរូបលោកផងដែរ។ ចំណែកនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ លោកបានបន្ថែមថា ជ័យជំនះ របស់លោក លើសម្ដេច ហ៊ុន សែន នៅចំពោះមុខតុលាការប្រទេសបារាំង គឺជាជ័យជំនះរបស់ប្រជារាស្ត្រខ្មែរទាំងមូល។

លោក មេធាវី សុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទ បានលើកឡើងថា លោកជឿជាក់លើការកាត់ក្ដីពីតុលាការបារាំង ព្រោះមិនស្ថិតនៅក្រោមគំនាបនយោបាយ និងមានឯករាជ្យភាព។

ចំណែក លោកសំបូរ មាណ្ណារ៉ា  សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ការសម្រេចរបស់តុលាការបារាំងមិនឱ្យភាគីណាចាញ់ឈ្នះបែបនេះ គឺជាការផ្ដល់ទំនុកចិត្តដល់អ្នកដឹកនាំនយោបាយទាំងពីរ។

គួរជម្រាបផងដែរថា រឿងក្ដីនៅតុលាការប្រទេសបារាំងនេះ កើតឡើងដោយលោក សម រង្សីបានចោទនាយករដ្ឋមន្ដ្រីកម្ពុជាសម្ដេចហ៊ុនសែនថានៅក្រោយខ្នងនៃការស្លាប់  លោក ហុង ឡង់ឌី កាលពីឆ្នាំ២០០៨។ បន្ទាប់មកសម្ដេច ហ៊ុន សែន និងលោក ឌី វិជ្ជា ជាកូនប្រុសលោក ហុក ឡង់ឌី បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការប្រទេសបារាំង ពីបទបរិហាកេរ្ដី៍ លើរូបសម្ដេចហ៊ុនសែនកាលពីខែសីហា ឆ្នាំ២០១៩។

Share

ព័ត៌មានទាក់ទង

Image