ខេត្តកំពង់ធំ៖ ដំបូលអគារសិក្សាមួយខ្នងចំនួន ៥បន្ទប់ ត្រូវខូចខាតបន្ទាប់ពីរងនូវខ្យល់កន្ត្រាក់បោកបក់មកលើ ខណៈដំបូលអាគារមានសភាពចាស់ទ្រុឌទ្រោមស្រាប់។ នេះបើតាមលិខិតអំពាវនាវរបស់វិទ្យាល័យ ទួលក្បិល ស្ថិតក្នុងភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំដែលអ្នកសារព័ត៌មានវិទ្យុស្រ្តីទើបទទួលបាននៅថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះ។
ក្នុងលិខិតអំពាវនាវនេះ បានរៀបរាប់ថា ក្បឿងនៃអគារសាលាដែលមានសភាពចាស់ និងពុកផុយផងបានបាក់ធ្លាក់ជាអន្លើៗ ដែលមិនអាចឱ្យសិស្សានុសិស្សបន្តការសិក្សាបានឡើយ ដោយតម្រូវមានការជួសជុលឡើងវិញជាបន្ទាន់។
តាមរយៈលិខិតនេះ គណៈគ្រប់គ្រងវិទ្យាល័យទួលក្បិលសូមអំពាវនាវដល់សប្បុរសជននានា ពិសេសអតីតសិស្សវិទ្យាល័យទួលក្បិលដែលមានសមានចិត្ត សូមបរិច្ចាគថវិកាតាមលទ្ធភាព ដើម្បីជួសជុលដំបូលអគារសម្រាប់សិស្សានុសិស្សបានបន្តការសិក្សាងាយស្រួលឡើងវិញ។
ទាក់ទងរឿងនេះ លោក ហ៊ី រដ្ឋធានី គ្រូបង្រៀន និងជាគ្រូទទួលបន្ទុកផ្នែកយុវជននៃវិទ្យាល័យទួលក្បិលប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះថា គណៈគ្រប់គ្រងបានរាយការណ៍ពីផលខូចខាតនេះទៅកាន់មន្ទីរអប់រំខេត្តរួចហើយ ហើយមន្រ្តីនៃមន្ទីរអប់រំខេត្តក៏បានចុះពិនិត្យនឹងវាយតម្លៃរួចរាល់ដែរ។ តែយ៉ាងណាលោកបញ្ជាក់ ការទម្លាក់ថវិកាពីខាងមន្ទីរអប់រំខេត្តគឺត្រូវប្រើរយៈពេលយូរដែលអាចធ្វើឱ្យអាក់ខានការសិក្សារបស់សិស្ស។ ចំពោះមុខនេះលោក រដ្ឋធានី សូមអំពាវនាវដល់ប្រជាពលរដ្ឋ សប្បុរសជនពិសេសអតីតសិស្សនៃវិទ្យាល័យទួលក្បិលចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លានិងតាមលទ្ធភាពធនធាន ដើម្បីអាចជួសជុលដំបូលសាលាបានលឿនមិនរំខានដល់ការសិក្សារបស់សិស្ស។
ចំណែកករណីមន្ទីរអប់រំខេត្តកំពង់ធំបានទម្លាក់ថវិកាមក នោះគណៈគ្រប់គ្រងនឹងបង្វែរថវិកានេះទៅជួសជុលដំបូលអគារនិងអគារផ្សេងៗទៀតដែលកំពុងខូចដែលរង់ចាំការជួសជុលឡើងវិញដូចគ្នា។
ក្នុងរឿងនេះដែរលោក សុក ហៃ អភិបាលរងខេត្តកំពង់ធំបញ្ជាក់ថា លោកនឹងពិគ្រោះជាមួយអ្នកពាក់ព័ន្ធរកមធ្យោបាយដោះស្រាយបញ្ហាដំបូលសាលានេះ។
តាមរយៈលិខិតអំពាវនាវនេះ ប្រសិនបើសប្បុរសជនចង់ចូលរួមបរិច្ចាគថវិកាក្នុងការជួសជុលដំបូលអគារសិក្សានៃវិទ្យាល័យទួលក្បិលអាចអញ្ជើញចូលរួមនៅសាលាដោយផ្ទាល់ ឬតាមធនាគារអេស៊ីលីដាដែលមានឈ្មោះគណនី High School: Tuol Kbel មានលេខគណនីប្រាក់រៀល៖1100-04629905-56និងលេខគណនីប្រាក់ដុល្លារ៖1100-04629905-55។ មួយវិញទៀតលោកអ្នកអាចទទួលផ្ទាល់ទៅលេខទូរស័ព្ទលោក ជួន ថុល មេឃុំកំពង់ស្វាយ លេខ០៧៨ ៨៨ ៥២ ៥៧ លោក ថឹង ហន ប្រធានគណៈគ្រប់គ្រងសាលារៀន ០៨៩ ៩០ ៩៥ ៦៧ និងលោក ស៊ន កាដេត នាយកវិទ្យាល័យទួលក្បិលលេខ ០១៧ ៩២ ១៧ ១៨៕
អត្ថបទខ្លីនេះសរសេរដោយ រុន វីរៈ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។