សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារថាខ្លួនមានសមត្ថភាពអាចស្ទាក់ចាប់មីស៊ីលរបស់ កូរ៉េខាងជើងបាន។កូរ៉េខាងជើងនិយាយកាលពីថ្ងៃចន្ទថា សមយុទ្ធបាញ់មីស៊ីលផ្លោងមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចវាយប្រហារគោលដៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
កូរ៉េខាងជើងបាននិយាយថាសមយុទ្ធនេះធ្វើឡើងជាការព្រមានដល់ទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ចំពោះការរៀបចំសមយុទ្ធយោធាជើងទឹករួមគ្នាដ៏ “គ្រោះថ្នាក់” ដោយប្រើនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក។
លោក Moon Hong Sik អ្នកនាំពាក្យស្តីទីនៃក្រសួងការពារជាតិកូរ៉េខាងត្បូងបានពណ៌នាការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងថា “ធ្ងន់ធ្ងរ” ។ ប៉ុន្តែលោកបានប្រាប់អ្នកសារព័ត៌មានថា ប្រព័ន្ធការពារកាំជ្រួចរបស់កូរ៉េខាងត្បូង មានសមត្ថភាពស្ទាក់ចាប់មីស៊ីលកូរ៉េខាងជើងបាន។លោក Moon បាននិយាយថា កូរ៉េខាងត្បូងនៅតែជំរុញឱ្យផ្កាយរណបចារកម្ម យន្តហោះគ្មានមនុស្សបើក ឈ្លបយកការណ៍តាមសមុទ្រ ដើម្បីតាមដានសកម្មភាពកូរ៉េខាងជើងបន្ថែមទៀត។
ទោះបីជាមានការអត្ថាធិប្បាយរបស់លោក Moonបែបនេះក្ដី ក៍អ្នកសង្កេតការណ៍ខ្លះបាននិយាយថាអាវុធរបស់កូរ៉េខាងជើងដែលទើបបង្កើតថ្មីៗ ដូចជាមីស៊ីល KN-23 ដែលយកគំរូតាមកាំជ្រួច Iskander របស់
រុស្ស៊ី និងកាំជ្រួចមានល្បឿនលឿនជាងសម្លេងអាចឈ្នះឧបករណ៍ការពាររបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ពួកគេក៏និយាយដែរថា ប្រសិនបើកូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ពីទីតាំងផ្សេងៗគ្នាក្នុងពេលតែមួយនោះ វានឹងកាន់តែពិបាកសម្រាប់ការបាញ់ទម្លាក់មីស៊ីលទាំងនោះ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងការការពារប្រទេសកូរ៉េខាងត្បូងក្នុងភាពជាដៃគូជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ លោកបាននិយាយថា ការបង្ហាញអាវុធថ្មីៗរបស់កូរ៉េខាងជើងនេះ បង្ហាញថាមានការគំរាមកំហែងនុយក្លេអ៊ែរធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ។លោក Yoon បានប្រាប់អ្នកយកព័ត៌មាននៅការិយាល័យរបស់លោកក្នុងទីក្រុងសេអ៊ូលថា “កូរ៉េខាងជើងបាននិងកំពុងអភិវឌ្ឍឥតឈប់ឈរ និងជំរុញសមត្ថភាពអាវុធនុយក្លេអ៊ែរ ហើយឥឡូវនេះកំពុងគំរាមកំហែងមិនត្រឹមតែកូរ៉េខាងត្បូងប៉ុណ្ណោះទេ គឺពិភពលោកទាំងមូល ប៉ុន្តែខ្ញុំគិតថាគ្មានអ្វីដែលកូរ៉េខាងជើងអាចទទួលបានពីគ្រាប់បែកនុយក្លេអ៊ែរនោះទេ” ។លោកបានព្យាយាមធានាដល់សាធារណជន ដោយអំពាវនាវឲ្យប្រជាជនកូរ៉េខាងត្បូង «កុំបារម្ភខ្លាំងពេក ហើយធ្វើឲ្យអស់ពីសមត្ថភាពនូវសកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅ»។
កាលពីខែសីហា Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់ Kim Jong Un បានចំអកថាយោធាអាមេរិក និងកូរ៉េខាងត្បូងមិនដឹងច្បាស់ពីទីតាំងពិតប្រាកដនៃការសាកល្បងកាំជ្រួចពីរលើកមុនរបស់កូរ៉េខាងជើងនោះទេ។នាងបាននិយាយថា “ប្រសិនបើគេដឹងទិន្នន័យ និងគន្លងហោះហើរ របស់មីស៊ីលនោះ កូរ៉េខាងត្បូងនឹងមិនងឿងឆ្ងល់ និងភ័យខ្លាចយ៉ាងខ្លាំងបែបនេះទេ”។ កូរ៉េខាងជើងបាននិយាយថា សព្វាវុធដែលប្រើប្រាស់ក្នុងសមយុទ្ធរបស់ខ្លួនរួមមានប្រភេទមីស៊ីលផ្លោងកម្រិតមធ្យមប្រភេទថ្មី ដែលអាចហោះបានចម្ងាយប្រហែល 4,500 គីឡូម៉ែត្រ ដែលជារយៈចម្ងាយគ្រប់គ្រាន់ទៅដល់កោះហ្គាំរបស់សហរដ្ឋអាមេរិក និងអាចឆ្ងាយជាងនេះ។អ្នកជំនាញខ្លះនិយាយថា កាំជ្រួចថ្មីនេះអាចមានគោលដៅតម្រង់ទៅកាន់រដ្ឋអាឡាស្កា ឬហាវ៉ៃ។ កាំជ្រួចជំនាន់ថ្មីមួយទៀតរបស់កូរ៉េខាងជើង ទំនងជាកាំជ្រួច KN-23 អាចហោះបត់បែនខ្ពស់ក៏បានទាបក៏បានដែលអាចអោយវាគេចពីប្រព័ន្ធការពារបានកាន់តែល្អ។ សហរដ្ឋអាមេរិកបានដាក់ពង្រាយកងទ័ពប្រហែល 28,500 នាក់(២ម៉ឺន៨ពាន់៥រយនាក់)នៅក្នុងប្រទេសកូរ៉េខាងត្បូង និងបានដាក់ប្រព័ន្ធការពារមីស៊ីលTerminal High Altitude Area Defense នៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងតាំងពីឆ្នាំ 2017។
ប្រភព៖ AP ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២២