en     km
en     km

អភិបាលស្រុកកណ្តាលស្ទឹងអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខណៈទឹកស្ទឹងនានានៅតែបន្តកើនឡើង

Share

ភ្នំពេញ៖ ស្ថានភាពជំនន់ទឹកភ្លៀងបង្កឱ្យមានការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមស្រុកឃុំមួយចំនួនរួមមាន ឃុំក្រាំងយ៉ូវ ស្រុកស្អាង ឃុំដើមឫស ស្រុកកណ្តាលស្ទឹង និងទំនប់ស្ទឹងព្រែកត្នោត។ នេះបើតាមការឱ្យដឹងរបស់លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះ។
លោក អ៊ូច សាវឿន ប្រាប់បន្ថែមថា គិតមកដល់ពេលនេះ ស្ថានភាពទឹកតាមស្ទឹងនានានៅស្រុកកណ្តាលស្ទឹងនៅតែបន្តហក់ឡើង តែលោកថាមិនទាន់មានបញ្ហាធ្ងន់ធ្ងរឈានដល់ប្រកាសអាសន្ននៅឡើយទេ។ ដោយឡែកជំនន់ទឹកភ្លៀងបានបណ្តាលឱ្យផ្ទៃដីប្រមាណ ១៤៥ហិចតា លិចលង់។ ចំណែកផ្ទះប្រជាជន ២៧១ខ្នង នៅតំបន់ទំនប់ស្ទឹងព្រែកត្នោត ក៏ត្រូវបានលិចលង់ផងដែរ។
លោកអភិបាលស្រុកកណ្តាលស្ទឹងបន្ថែមទៀតថា អាជ្ញាធរមានសមត្ថកិច្ចបានជម្លៀសប្រជាជនចំនួន ៤១គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព។ ទាក់ទងនឹងផលប៉ះពាល់ដំណាំស្រូវវិញ លោកមិនទាន់វាយតម្លៃពីការខូចខាតនៅឡើយទេ ដោយរង់ចាំទឹកសម្រក់ទៅវិញ។ តែយ៉ាងលោកធ្លាប់បញ្ជាក់ថា ជំនន់ទឹកភ្លៀងបានពន្លៀចស្រូវស្រែរបស់ពលរដ្ឋប្រមាណ១២០ហិកតា។យ៉ាងណាចំពោះមុខស្ថានភាពនេះ អាជ្ញាធរស្រុកកណ្តាលស្ទឹងអំពាវនាវទៅកាន់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះ៕

 

Share

ព័ត៌មានទាក់ទង

Image