កំពង់ធំ៖ កាលពីពេលថ្មីៗនេះ ក្រុមនិស្សិតនៅក្នុងខេត្តកំពង់ធំបានបើកវគ្គវគ្គបណ្ដុះបណ្ដាលទៅកាន់យុវជនចំនួន ៤០នាក់នៅវិទ្យាល័យទួលក្បិល ស្ថិតក្នុងភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អំពី SDGs គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
វគ្គបណ្តុះបណ្តាលស្តីអំពី SDGs នេះមានគោលបំណងបញ្ជ្រាបព័ត៌មានទៅដល់យុវជនអំពី គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) ដែលជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទូទាំងសាកលលោក។ មួយទៀតដែល គឺដើម្បីបង្ហាញពីតួនាទីរបស់យុវជនដែលអាចរួមចំណែកជួយថែរក្សានិងការពារប្រជាពលរដ្ឋ ភពផែនដី ឱ្យមានវិបុលភាពនិងសន្តិភាព ដែលនេះជាកាតព្វកិច្ចរបស់មនុស្សទាំងសកលលោក។
យុវតី សូជាតា ដែលបានចូលរួមសិក្សាក្នុងបណ្តុះបណ្តាលស្តីពី SDGsនេះ បានសម្ដែងក្តីសប្បាយរីករាយដែលក្រុមនិស្សិតខេត្តកំពង់ធំបានចុះមកផ្សព្វផ្សាយដល់សាលាវិទ្យាល័យតួក្បាល។មួយទៀតយុវតីរូបនេះនិយាយថា ខ្លួនទទួលបាននូវព័ត៌មានថ្មីៗក៏ដូចជាដឹងពីតួនាទីរបស់យុវជនក្នុងគោលដៅប្រកបដោយចីរភាពនេះ។
យោងតាមគេហទំព័ររបស់អង្គការសហប្រជាជាតិស្តីពី SDGs គឺក្នុងខែកញ្ញា ឆ្នាំ២០១៥ អង្គការសហប្រជាជាតិនិងប្រទេសសមាជិកបានបើកកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិដោយបានអនុម័តនូវគោលដៅមួយដែលមានឈ្មោះថា “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals)” ឆ្នាំ ២០១៥-២០៣០ ។
គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs)នេះ គឺជារបៀបវារៈអភិវឌ្ឍន៍មួយមានលក្ខណៈទូលំទូលាយដោយបានកំណត់អាទិភាពថ្មីៗដែលទាក់ទងទៅនឹងតម្រូវការអភិវឌ្ឍ និងទិសដៅនានារបស់សកលលោក។ ដំណើរការនៃការរៀបចំSDGsនេះ ត្រូវបានប្រព្រឹត្តទៅដោយឆ្លងកាត់ការពិគ្រោះយោបល់ជាមួយប្រទេសដែលជាសមាជិក ប្រកបដោយលក្ខណៈទូលំទូលាយទាំងនៅកម្រិតសកលផង និងកម្រិតថ្នាក់តំបន់ផង។
ស្របគ្នានេះដែរ កិច្ចពិគ្រោះគ្នានេះបានបង្កើតនូវគោលដៅសំខាន់ចំនួន១៧ គោលដៅចំនួន១៦៩ និងសូចនាករចំនួនជាង២៣០។ តួយ៉ាង គោលដៅសំខាន់ៗទាំង១៧របស់គោលដៅអភិវឌ្ឍនេះ មានដូចតទៅ៖ ១) ពុំមានភាពក្រីក្រ ២) គ្រោះអត់ឃ្លានស្មើសូន្យ ៣) សុខភាពនិងសុខមាលភាព ៤) ការអប់រំប្រកបដោយគុណភាព ៥) សមភាពយេនឌ័រ ៦) ទឹកស្អាតនិងអនាម័យ ៧) ថាមពលស្អាតដែលមានតម្លៃសមរម្យ ៨) ការងារសមរម្យនិងកំណើនសេដ្ឋកិច្ច ៩) ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ ១០) កាត់បន្ថយវិសមភាព ១១) ទីក្រុងនិងសហគមន៍ប្រកបដោយចីរភាព ១២) ការប្រើប្រាស់នូវផលិតផលប្រកបដោយការទទួលខុសត្រូវ ១៣) សកម្មភាពបរិស្ថាន ១៤) ជីវិតក្រោមទឹក ១៥) ជីវិតលើដី ១៦) សន្តិភាព យុត្តិធម៌ និងស្ថាប័នដឹកនាំ ១៧) ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ។
ជារួមមក គោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs)មានគោលបំណងធ្វើឱ្យមានការវិវឌ្ឍមួយដែលឈានទៅដល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងអស់នៅលើសកលលោក។ មិនត្រឹមតែប៉ុណ្ណោះ SDGs មានការផ្ដល់ជាការណែនាំជម្រើសគោលនយោបាយនិងមធ្យោបាយនៅក្នុងការពិនិត្យវឌ្ឍនភាពជាតិ ព្រមទាំងមានការទទួលស្គាល់នូវសារសំខាន់នៃសមធម៌នៅក្នុងប្រទេសនិងក្រៅប្រទេស អន្តរទំនាក់ទំនង សិទ្ធិរបស់មនុស្ស ព្រមទាំងតម្រូវការសកលនៃការប្រឈមក្នុងការអភិវឌ្ឍផងដែរ។
មូលហេតុ ដែលត្រូវបង្កើតឱ្យមាន SDGsនេះឡើង គឺដើម្បីជាគោលដៅបន្តនៃគោលដៅរបស់អង្គការសហប្រជាជាតិមួយ ដែលមានឈ្មោះថា គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (Millennium Development Goals)។ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (Millennium Development Goals) ត្រូវបានអង្គការសហប្រជាជាតិ និងប្រទេសជាសមាជិករបស់ខ្លួនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នៅឯកិច្ចប្រជុំកំពូលសហស្សវត្សរ៍ឆ្នាំ២០០០ ដែលគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នេះ មានគោលដៅថែរក្សាសន្តិភាព ការការពារសិទ្ធិមនុស្ស ការផ្តល់ជំនួយមនុស្សធម៌ និងការលើកកម្ពស់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៅទូទាំងពិភពលោក។
ប៉ុន្តែ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទទួលបានការរិះគន់ជាច្រើនថា គោលដៅនេះមានការខ្វះខាតវឌ្ឍនភាពចំពោះការប្តេជ្ញាចិត្ត ធនធានមិនគ្រប់គ្រាន់ ស្ថាប័នពាក់ព័ន្ធដែលពាក់ព័ន្ធភាគច្រើនផ្ដោតលើការអភិវឌ្ឍលើពិភពលោកជាជាងនៅតាមតំបន់នានា ព្រមទាំងគ្មានតម្លាភាព ហើយថែមទាំងមានទំនោរលើតម្រូវការរបស់ម្ចាស់ជំនួយជាជាងដំណើរការអភិវឌ្ឍមូលដ្ឋានទៅវិញ ។ ដោយសារការបរាជ័យនៃគោលដៅទាំងនេះហើយ ទើបអង្គការសហប្រជាជាតិមានការចងក្រងនូវគោលដៅរបៀបវារៈថ្មីមួយទៀតគឺ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals) ដើម្បីជំនួសគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងដើម្បីឆ្លើយតបទៅនឹងការរិះគន់លើគោលដៅអភិវឌ្ឍន៍ចាស់សម្រាប់ត្រឹមឆ្នាំ២០១៥នោះ។
សរុបជារួមមក ទោះបីជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)នេះ ជាគោលដៅអនុវត្តន៍ដែលបន្តពីគោលដៅអភិវឌ្ឍន៍សហសវត្ស៍ ក្នុងគោលបំណងសម្រេចឱ្យបានជោគជ័យនៅឆ្នាំ២០៣០ក៏ដោយ ក៏ប៉ុន្តែគោលដៅនេះបានប្រឈមនូវបញ្ហាជាច្រើនរួមមាន បញ្ហាជំងឺឆ្លង ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិនានាដែលមិនអាចស្មានទុកជាមុនបាន។ អាស្រ័យដោយបញ្ហារាំងស្ទះទាំងនេះហើយ ទើបយើងមិនទាន់អាចសន្និដ្ឋានបានថាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)នេះ នឹងអាចទទួលបានជោគជ័យជាក់លាក់នាបំណាច់ឆ្នាំ២០៣០នោះឡើយ៕
អត្ថបទខ្លីនេះសរសេរដោយយុវជន យឿន ស៊ីឌី ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន(MIL)ក្រោមជំនួយពីសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)។