en     km
en     km

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ថា​ កម្ពុជា​កំពុង​មាន​សុខ​សន្តិភាព​ និង​ស្ថេ​រ​ភាព​នយោបាយ​

Share

hun-sen-cover
​ក្រោយ​ពី​បាន​ព្រមាន​ម្ចាស់​ឆ្នោត​ជា​រឿយៗ​ថា​ បើ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នឹង​មាន​សង្គ្រាម​ នៅ​ថ្ងៃ​ពុធ​ ទី​២​ ខែធ្នូ​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​ កម្ពុជា​កំពុង​មាន​សុខ​សន្តិភាព​ និង​ស្ថេ​រ​ភាព​នយោបាយ​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ​ដោយ​សុខសាន្ត​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បែប​នេះ​ ក្នុង​កម្មវិធី​សម្ពោធ​អាង​ហែល​ទឹក​ នៅ​ខេត្តកំពង់ចាម​ នា​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ។​ លោក​បន្ត​ថា​ ក្ដី​សុខសាន្ត​ដែល​ប្រជាពលរដ្ឋ​កំពុង​ទទួល​បាន​នេះ​ ដោយសារ​កម្ពុជា​មាន​សុខ​សន្តិភាព​ និង​មាន​ស្ថេ​រ​ភាព​នយោបាយ​។​

​លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​អាច​និយាយ​ដោយ​មោទនភាព​ថា​ ប្រទេស​មាន​សន្តិភាព​ ស្ថេ​រ​ភាព​នយោបាយ​ យើង​អាច​អភិវឌ្ឍ​បាន​នូវ​អ្វី​ដែល​យើង​ត្រូវ​អភិវឌ្ឍ​។​ ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​ហាមឃាត់​នរណា​មួយ​មិន​ឲ្យ​សប្បាយ​ ហើយ​ក៏​គ្មាន​សិទ្ធិ​នឹង​ហាមឃាត់​នរណា​មួយ​មិន​ឲ្យ​កើតទុក្ខ​នោះ​ទេ​។​ ប៉ុន្តែ​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​ ឥឡូវនេះ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​ការ​សប្បាយ​រីករាយ​ជាមួយនឹង​ក្រុម​គ្រួសារ​ ជាមួយនឹង​អ្វី​ ដែល​ពួក​គាត់​ត្រូវធ្វើ​ រាប់​ទាំង​ការ​ប្រមូល​ផល​នៅ​រដូវប្រាំង​ និង​ការ​ចាប់ផ្ដើម​នូវ​ការ​បង្កបង្កើន​ផល​សម្រាប់​រដូវប្រាំង​ផង​ដែរ​»​។​

​យ៉ាងណា​ក៏​ដោយ​ ក្នុង​ពេល​កន្លង​មក​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ តែងតែ​ព្រមាន​ជា​រឿយៗ​ដល់​ម្ចាស់​ឆ្នោត​ថា​ បើ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នឹង​មាន​សង្គ្រាម​។​

​ទាក់ទង​នឹង​ការ​ព្រមាន​ជា​រឿយៗ​របស់​លោកនាយក​រដ្ឋមន្ត្រី​នា​ពេល​នោះ​ អ្នកវិភាគ​យល់​ថា​ ជា​កត្តា​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​រារែក​ មិន​ហ៊ាន​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ ហើយ​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​ជា​ការ​កត់សម្គាល់​ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ កម្ពុជា​កំពុង​មាន​សន្តិភាព​ ខុស​ពី​ពេល​កន្លង​មក​ដែល​លោក​តែងតែ​គំរាម​ពី​ការ​កើត​មាន​សង្គ្រាម​នោះ​៕

Share

Image
Image
Image