ក្រោយពីបានព្រមានម្ចាស់ឆ្នោតជារឿយៗថា បើបក្សប្រឆាំងឈ្នះឆ្នោតនឹងមានសង្គ្រាម នៅថ្ងៃពុធ ទី២ ខែធ្នូនេះ លោកនាយករដ្ឋមន្ត្រីថ្លែងថា កម្ពុជាកំពុងមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ហើយប្រជាពលរដ្ឋខ្មែរកំពុងរស់នៅដោយសុខសាន្ត។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះ ក្នុងកម្មវិធីសម្ពោធអាងហែលទឹក នៅខេត្តកំពង់ចាម នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥នេះ ។ លោកបន្តថា ក្ដីសុខសាន្តដែលប្រជាពលរដ្ឋកំពុងទទួលបាននេះ ដោយសារកម្ពុជាមានសុខសន្តិភាព និងមានស្ថេរភាពនយោបាយ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ខ្ញុំអាចនិយាយដោយមោទនភាពថា ប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ យើងអាចអភិវឌ្ឍបាននូវអ្វីដែលយើងត្រូវអភិវឌ្ឍ។ ខ្ញុំគ្មានសិទ្ធិនឹងហាមឃាត់នរណាមួយមិនឲ្យសប្បាយ ហើយក៏គ្មានសិទ្ធិនឹងហាមឃាត់នរណាមួយមិនឲ្យកើតទុក្ខនោះទេ។ ប៉ុន្តែប្រជាជននៅទូទាំងប្រទេស ឥឡូវនេះកំពុងស្ថិតនៅក្នុងស្ថានភាពនៃការសប្បាយរីករាយជាមួយនឹងក្រុមគ្រួសារ ជាមួយនឹងអ្វី ដែលពួកគាត់ត្រូវធ្វើ រាប់ទាំងការប្រមូលផលនៅរដូវប្រាំង និងការចាប់ផ្ដើមនូវការបង្កបង្កើនផលសម្រាប់រដូវប្រាំងផងដែរ»។
យ៉ាងណាក៏ដោយ ក្នុងពេលកន្លងមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតែព្រមានជារឿយៗដល់ម្ចាស់ឆ្នោតថា បើបក្សប្រឆាំងឈ្នះឆ្នោតនឹងមានសង្គ្រាម។
ទាក់ទងនឹងការព្រមានជារឿយៗរបស់លោកនាយករដ្ឋមន្ត្រីនាពេលនោះ អ្នកវិភាគយល់ថា ជាកត្តាធ្វើឲ្យអ្នកវិនិយោគរារែក មិនហ៊ានដាក់ទុនវិនិយោគនៅកម្ពុជា ហើយធ្វើឲ្យកម្ពុជាបាត់បង់ឱកាសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជាការកត់សម្គាល់ នេះជាលើកទីមួយហើយ ដែលលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាកំពុងមានសន្តិភាព ខុសពីពេលកន្លងមកដែលលោកតែងតែគំរាមពីការកើតមានសង្គ្រាមនោះ៕