នៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្ដីក្រើនរំលឹកស្ដីពីផលប៉ះពាល់សុខភាព បណ្ដាលមកពីទឹកជំនន់ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់អាយុជីវិត និងមូលដ្ឋានសុខាភិបាលដែលអាចកើតមាន។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឱ្យដឹងថា កន្លែងមិនទាន់មានទឹកជំនន់ ត្រូវតាមដានស្ថានភាពទឹក រកទីទួលសុវត្ថិភាព ស្បៀងអាហារ និងសាងសង់បង្គន់ដែលមានភាពប្រសើរ ដើម្បីការពារទឹកជំនន់ជន់លិច។
ចំណែកកន្លែងកំពុងមានទឹកជំនន់ លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដោយដាក់ការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ដ្រីមានផ្ទៃពោះ ត្រូវពិនិត្យតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ។ បើស្ដ្រីជិតគ្រប់ខែសម្រាលកូន ត្រូវរកកន្លែងស្នាក់នៅជិតមណ្ឌលសុខភាព ដែលនៅជិតបំផុត។ ដោយឡែកកុមារី និងក្មេងស្រីត្រូវប្រុងប្រយ័ត្ននៅទីទួលសុវត្ថិភាពក្រែងមានអំពើហិង្សាផ្លូវភេទ។ សេចក្ដីក្រើនរំលឹករបស់ក្រសួងសុខាភិបាលក៏បានបន្ថែមដោយត្រូវ ប្រុងប្រយ័ត្នសត្វអសិរពិស បញ្ហារាករូស ដោយការបរិភោគទឹក និងជំងឺផ្លូវបង្ហើមកូវីដ១៩ ជាដើម។
សូមជម្រាបដែរថា បើតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ ភ្លៀងនឹងនៅតែបន្តធ្លាក់លើផ្ទៃប្រទេសកម្ពុជា។ ជាមួយគ្នានេះគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្ដរាយកំពុងបំពេញបេសកកម្មបន្ទាន់តបតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី ជុំវិញការស្តារដំណាំស្រូវខូចខាតដោយទឹកជំនន់របស់ប្រជាកសិករ ដោយចាប់ផ្ដើមចុះជួបប្រជុំជាមួយអាជ្ញាធរ និងមន្ទីរជំនាញតាមបណ្តាខេត្តជាប់បឹងទន្លេសាបផងដែរ៕