en     km
en     km

នាយករដ្ឋមន្ដ្រីឱ្យក្រុមប្រឆាំងមើលច្បាប់រដ្ឋធម្មនុញ្ញមុនឈានទៅកាន់អំណាច

Share

នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេច ហ៊ុន សែន បានឱ្យក្រុមអ្នកប្រឆាំង ទៅមើលរដ្ឋធម្មនុញ្ញឡើងវិញ ដើម្បីឈានទៅកាន់អំណាច។ ជាងនេះនាយករដ្ឋមន្រ្តីព្រលយសម្តីថា ការកាន់អំណាចរបស់បក្សប្រឆាំងរង់ចាំនៅជាតិក្រោយ។ ការលើកឡើងរបស់នាយករដ្ឋមន្ដ្រីហាក់ឆ្លើយតបទៅនឹងការបញ្ចប់មុខតំណែងលោក វេង សាខុន ភ្លាមៗ ដោយមិនបានបញ្ជាក់ពីមូលហេតុ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កាលពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០២២ នាយករដ្ឋមន្ដ្រីហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយឱ្យក្រុមប្រឆាំងទៅមើលមាត្រា២១ ជំពូក២ នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ និងមាត្រា២០ជំពូកទី៣នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។ បើតាមការបញ្ជាក់ពីនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺដើម្បីឱ្យក្រុមប្រឆាំងមានចំណេះដឹងអាចឈានទៅកាន់អំណាចនៅជាតិក្រោយ។

ផ្អែកតាមមាត្រា២១ ជំពូក២ នៃរដ្ឋធម្មនុញ្ញ ចែងថា តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ដ្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហត្ដលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់ភារកិច្ចមន្ដ្រីជាន់ខ្ពស់ស៊ីវិល និងយោធា ឯកអគ្គរាជទូត និងប្រេសិតវិសាមញ្ញ និងបំពេញសមត្ថភាព។ មាត្រា ២១ ដដែលចែងបន្ដថា តាមសេចក្ដីស្នើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាលើរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬដកចៅក្រមផ្នែកយុត្តាធិការ។ ដោយឡែកមាត្រា២០ នៃរដ្ឋធម្មនុញ្ញ ចែងថា ព្រះមហាក្សត្រទ្រង់ទទួលសាវនាការជាផ្លូវការតែ២ដង ក្នុងមួយខែ ឱ្យនាយករដ្ឋមន្ដ្រី និងគណៈរដ្ឋមន្ដ្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីហេតុការណ៍ប្រទេសជាតិ។

បើតាមការលើកឡើងមាត្រាទាំងពីររបស់សម្តេចនាយករដ្ឋមន្ដ្រីនេះ ទំនងឆ្លើយតបនឹងការលើកឡើងការលើកឡើងរបស់អ្នកវិភាគ អំពីការបញ្ចប់តំណែងលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលធ្វើឡើងភ្លាមៗ ដោយមិនបានបញ្ជាក់ហេតុផលច្បាស់លាស់។

ទាក់ទងប្រតិកម្មរបស់នាយករដ្ឋមន្រ្តីនេះ ទំនងឆ្លើយតបនឹងការលើកឡើងរបស់អ្នកវិភាគ លោក បណ្ឌិត មាស នី ដែលថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិអំពីចម្ងល់របស់លោកក្នុងការបញ្ចប់តំណែងលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលធ្វើឡើងភ្លាមៗនិងមិនបានបញ្ជាក់ហេតុផលច្បាស់លាស់។ សម្រាប់លោកបណ្ឌិត មាស នី លោកពុំទាន់អាចទាញការសន្និដ្ឋានបានពីបុព្វហេតុនៅពីក្រោយការដកតំណែងលោក វេង សាខុន នៅឡើយទេ ដោយអ្នកវិភាគរូបនេះរំពឹងថាអាចមានការពន្យល់ច្បាស់លាស់ពីរឿងនេះ។

យ៉ាងណាបើតាមសាររបស់នាយករដ្ឋមន្ដ្រីដដែលបន្ថែមដោយសារឌឺដងថា ដោយសារតែខ្វះការចេះដឹងនេះហើយ ទើបបានតែចេះតែជាប់គុកនិងរត់ចោលស្រុកហើយមកចោទគេថាផ្តាច់ការ។ សម្ដេច ហ៊ុន សែន ថែមទាំងបានលើកឡើងទៀតថា គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់ជាមួយល្បែងច្រើនពេក។

ជុំវិញការបញ្ចប់មុខតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម ស្របពេលដំណាំរបស់ប្រជាកសិករកំពុងរងការបំផ្លាញដោយទឹកជំនន់។ ហើយការបញ្ចប់តួនាទីនេះដែល មានមហាជនខ្លះសាទរ និងអ្នកខ្លះសម្ដែងការសោកស្ដាយ។ អ្នកសាទរលើកឡើងថា ល្មមដល់ពេលបញ្ចប់ហើយព្រោះលោកជាមន្ដ្រីអសកម្ម មិនអាចដោះស្រាយបញ្ហារកទីផ្សារកសិកម្មបាន។ ចំណែកអ្នកសោកស្ដាយថា ដោយលោកជាមន្ដ្រីជួយឱ្យផលកសិកម្មកើនឡើង និងមានបច្ចេកទេសត្រឹមត្រូវ។ លោកក៏ជាអ្នកប្រឆាំងការនាំចូលជ្រូកចូលពីប្រទេសវៀតណាមផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជាតិ និងអន្ដរជាតិនានា។

យ៉ាងណានាយករដ្ឋមន្ដ្រីបានតែងតាំងលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ដ្រីស្ដីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចុះព្រះហស្ដលេខាបញ្ចប់មុខតំណែងកាលពីថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២។

ទោះបីជាមិនទាន់មានការបញ្ជាក់ពីការបញ្ចប់មុខតំណែងលោក វេង សាខុន តែបើតាមលោក សុខ ឥសាន្ត អ្នកនាំពាក្យគណៈបក្សកាន់អំណាចថ្លែងប្រាប់សារព័ត៌មានបារាំងអន្ដរជាតិថា ការបញ្ចប់តួនាទីរបស់លោក គឺដោយសារលោកអសកម្មពេលប្រទេសមានទឹកជំនន់ហើយប្រជាជនកំពុងរងគ្រោះលើបញ្ហានេះ៕

Share

ព័ត៌មានទាក់ទង

Image