en     km
en     km

អង្គការមួយរកឃើញថាការមិនដំឡើងពន្ធបារីខ្ពស់ធ្វើឱ្យអ្នកជក់បារីនៅតែច្រើន

Share

ភ្នំពេញ៖ អង្គការចលនាសុខភាពកម្ពុជាហៅកាត់ថា CMH រកឃើញថា អត្រាអ្នកជក់បារីនៅតែមានច្រើនពោលគឺគ្មានថមថយឡើយ ដើមចមព្រោះការដំឡើងពន្ធបារីនៅតែមានកម្រិតទាបបើធៀបនឹងការដំឡើងពន្ធលើថ្លៃមុខទំនិញនិងសម្ភារៈផ្សេងៗនៅលើទីផ្សារ។

ភ្នំពេញ៖ នាយកប្រតិបត្តិអង្គការចលនាសុខភាពកម្ពុជា(CMH)បានបង្ហាញពីក្តីបារម្ភចំពោះអត្រានៃការជក់បារីនៅតែមិនថមថយ ស្របពេលការកំណត់ពន្ធថ្នាំជក់នៅមានកម្រិតទាបនៅឡើយ បើធៀបការដំឡើងពន្ធលើថ្លៃទំនិញលើទីផ្សារដែលមានអាត្រាកើនឡើងខ្ពស់។ សេចក្តីព្រួយបារម្ភរបស់លោក មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាសុខភាពកម្ពុជា(CMH)នេះ កើតមានឡើងក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានក្រោមប្រធានបទ«គ្រោះថ្នាក់នៃផលិតផលថ្នាំជក់ និងវិធានការមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយ»កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នៅរាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានរយៈពេលពីរថ្ងៃនេះ គ្មានអ្វីឡើយក្រៅពីចង់ឱ្យអ្នកសារព័ត៌មានយល់ដឹងពីសុខភាពសាធារណៈ ពិសេសចង់អ្នកកាសែតចេះសរសេរលើកឡើងនូវបញ្ហាសុខភាពប្រជាពលរដ្ឋដែលនៅតែមិនទាន់យល់ពីផលវិបត្តិនៃការជក់បារី ជាមួយការមិនអើងពើនឹងតម្លៃបារីដែលនៅទាបជាងស្ករគ្រាប់ផ្តាច់បារីទៀតនោះ។

លោក មុំ គង់ លើកឡើងបន្តទៀតថា ខាងអង្គការCMH ធ្លាប់បានជជែកជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមកហើយជុំវិញបញ្ហាដំឡើងពន្ធថ្នាំជក់ តែជាចម្លើយក្រសួងប្រាប់ឱ្យដឹងថា ខ្លួនកំពុងសិក្សាបន្ថែមទៅលើការតំឡើងពន្ធថ្នាំជក់នេះ។

លោកបន្តថា កម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញារបស់អង្គការសុខភាពពិភពលោក ស្តីពីការត្រួតពិនិត្យថ្នាំជក់ចាប់តាំងពីឆ្នាំ២០០៥ ដូចនេះលោកថា កម្ពុជាគួរតែអនុវត្តនូវអ្វីដែលបានចែង ព្រោះជាកាព្វកិច្ចនៃរដ្ឋជាសមាជិក។ មួយវិញទៀត លោកស្នើដោយគាំទ្រឱ្យកម្ពុជាគួរតែដំឡើងពន្ធថ្នាំជក់តាមដែលអាចធ្វើបាន ព្រោះបារីកំពុងតែផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាជន។
ការស្នើឱ្យដំឡើងពន្ធបារីនេះ ក្នុងគោលបំណងជំរុញឱ្យកាត់បន្ថយចំនួនអ្នកជក់បារី ខណៈទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថាពន្ធលើតម្លៃទំនិញលើទីផ្សារមានអត្រាកើនឡើង បើធៀបទៅនឹង៥ ឆ្នាំមុន ដោយគិតចាប់ពីឆ្នាំ២០១៥ រហូតមកទល់នឹងបច្ចប្បន្ន។ ទំនិញទាំងនោះរួមមាន បរិក្ខាអគ្គិសនី គ្រឿងសំណង់ និងសម្ភារៈផ្សេងៗ។ល។ តែផ្ទុយទៅវិញអង្គការCMH អង្កេតទៅលើពន្ធថ្នាំជក់ និងតម្លៃបារីបែរជាគ្មានការកើនឡើងដូចជាទំនិញដទៃទៀតទៅវិញ។

បន្ថែមពីនេះអង្គការសុខភាពពិភពលោក(WHO)បានបង្ហាញរបាយការណ៍ដោយរកឃើញ មានមនុស្សពេញវ័យនៅកម្ពុជាប្រមាណ ២ លាននាក់ បានក្លាយជាអ្នកជក់បារី ព្រោះតែក្រុមហ៊ុនថ្នាំជក់នៅក្នុងស្រុកបានប្រើយុទ្ធសាស្ត្រលក់បារីក្នុងតម្លៃថោកបំផុត។

នៅកម្ពុជាប្រជាពលរដ្ឋដែលមានចំណូលតិចជាងឬស្មើ ២ ដុល្លារក្នុងមួយថ្ងៃ បានចំណាយប្រាក់ប្រមាណ ៤១ លានដុល្លារលើការទិញបារីជក់ ខណៈដែលអ្នកមានចំណូលច្រើនជាង ២ ដុល្លារ ក្នុងមួយថ្ងៃចំណាយតែជិត ២១ លានដុល្លារ លើការទិញបារីក្នុងមួយឆ្នាំៗ។នេះបើផ្អែកតាមអង្គការសុខភាពពិភពលោក(WHO)ដដែល។
តាមអង្គការសុខភាពពិភពលោកដដែរ ការជក់បារីធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងក្នុងនោះ ប៉ះពាល់ដល់សុខភាពបេះដូង។ បើតាមការសិក្សា បារីមានផ្ទុកនូវជាតិផ្សេងៗដូចជា នីកូទីនដែលប៉ះពាល់ប្រព័ន្ធឈាមនៅក្នុងរាងកាយ សុខភាពបេះដូងនៅពេលស្រូបយកសារធាតុទាំងនោះចូលទៅក្នុងខ្លួន។
មួយទៀតដែលគឺប៉ះពាល់ដល់សួត ពោលគឺប៉ះពាល់ដល់ដំណើរការរបស់សួតដែលអាចធ្វើឲ្យសួតពិបាកដង្ហើម។ ហើយបារីក៏បង្កផលអាក្រក់ដល់សុខភាពមាត់ធ្មេញផងដែរ ព្រោះធ្វើឱ្យធ្មេញងាយនឹងកើតបាក់តេរីដែលធ្វើឲ្យធ្មេញមានអាការៈឆាប់ពុក ឆាប់បាក់ និងដង្កូវស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ការជក់បារីធ្វើឲ្យរលាកអញ្ចាញ និងធ្វើឲ្យអញ្ចាញងាយឆ្លងមេរោគ។ចំណែកឯផលប៉ះពាល់ដោយសារការជក់បារីមួយទៀតនោះ គឺធ្វើឲ្យសុខភាពរាងកាយចុះខ្សោយ។ ការលើកឡើងបែបនេះ ព្រោះថាការជក់បារីធ្វើឲ្យកោសិការបស់រាងកាយមិនអាចដំណើរការបានដែលទាក់ទងទៅនឹងការកើតជំងឺមហារីក ធ្វើឲ្យ DNA ខូចខាត និងប៉ះពាល់ដល់សុខភាពផ្លូវចិត្តផងដែរ។អ្វីជាពិសេសជាងនេះ បារីធ្វើឲ្យអ្នកជក់ញៀន ត្បិតទាំងបារីធម្មតា និងបារីអេឡិចត្រូនិកសុទ្ធតែមានផ្ទុកនូវជាតិនីកូទីនហើយមានផ្ទុកសារធាតុញៀន ២ ប្រភេទទៀតដូចជា ហេរ៉ូអ៊ីន និងកូកាអ៊ីនដែលធ្វើឲ្យលោកអ្នកាន់តែញៀនក្នុងការជក់បារី។

សូមជម្រាបថា នៅឆ្នាំ២០១៩ អង្គការសហប្រជាជាតិធ្វើការសិក្សាមួយស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយការសិក្សានោះបង្ហាញថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម ២៣៥លានដុល្លារសហរដ្ឋអាមេរិចរយៈពេល ៥ ឆ្នាំខាងមុខ និង៩៣៣លានដុល្លារសហរដ្ឋអាមេរិចក្នុងរយៈពេល១៥ឆ្នាំខាងមុខ ករណីបើសិនជាប្រទេសកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥% នៃតំលៃបារីលក់រាយ។

យោងតាមអង្គការសុខភាពពិភពលោក(WHO)ដដែល បច្ចប្បន្នការកំណត់តម្លៃពន្ធថ្នាំជក់ក្នុងប្រទេសកម្ពុជានៅទាបជាងគេបន្ទាប់ពីប្រទេសឡាវ។ នេះបើធៀបនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ីដែលមានកម្រិតតម្លៃពន្ធ ត្រឹមតែ ២៥% ទៅ ៣១.១% ប៉ុណ្ណោះ ខណៈប្រទេសថៃ មានតម្លៃពន្ធរហូតដល់ ៧៨.៨% ភាគរយ។ រីឯប្រទេសឯទៀត ដូចជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង វៀតណាម ស្ថិតក្នុងចន្លោះតម្លៃពន្ធចាប់ពី ៦០% ទៅ ៧០%៕

 

Share

Image
Image
Image