en     km
en     km

ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជាប្រចាំUNថាសិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជាត្រូវបានលើកសរសើរ

Share

ស្ថានបេសកកម្មអចិន្ដ្រៃយ៍ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិបានសេចក្ដីថ្លែងការណ៍ ដោយលើកឡើងថា សិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជា ត្រូវបានលើកសរសើរនៅក្នុងកិច្ចពិភាក្សាអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំនៅថ្ងៃទី៥ ខែតុលា នៅទីក្រុងហ្សឺណែវ និងបានច្រានចោលរបាយការណ៍របស់អ្នករាយការណ៍ពិសេសផងដែរ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍

ស្ថានបេសកកម្មអចិន្ដ្រៃយ៍ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃទី៦ ខែ តុលា ឆ្នាំ២០២២ បានសេចក្ដីថ្លែងការណ៍ ដោយលើកឡើងថា សិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជា ត្រូវបានលើកសរសើរនៅក្នុងកិច្ចពិភាក្សាអង្គការសហប្រជាជាតិ នៅទីក្រុងសឺណែវកាលពីថ្ងៃទី៥ខែតុលា។ ការចេញសេចក្ដថ្លែងការលើកសរសើរនេះ ដោយសំអាងលើប្រទេសចំនួន៣០ ក្នុងចំណោម៣៩ បានថ្លែងគាំទ្រកម្ពុជា ក្នុងការប្រឹងប្រែង វឌ្ឍន៍ភាព សមិទ្ធផល ដែលសម្រេចលើការលើកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើន។

បើតាមសេចក្ដីថ្លែងការដដែលថា គណៈប្រតិភូបានកោតសរសើរកម្ពុជា លើការប្រយុទ្ធនិងជំងឺកូវីដ១៩ យុទ្ធសាស្ដ្រចាក់វ៉ាក់សាំង កម្មវិធីគាំពាសង្គមជួយដល់ស្ដ្រី បុគ្គលិកកម្មករដែលត្រូវបានព្យួរការងារ  និងក្រុមងាយរងគ្រោះ សេរីភាពសាសនា កំណើនអត្រាអក្ខរកម្ម កិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធច្រើនវិស័យក្នុងការតាក់តែងច្បាប់ស្ដីពីសិទ្ធិស្ថាប័នមនុស្សជាតិ។ ក្រៅពីនេះ ប្រទេសទាំង៣០ ក៏បានលើកពីការបោះឆ្នោតកាលពីខែមិថុនា នៅកម្ពុជាផងដែរ ថាសេរី យុត្តិធម៌ មានសណ្ដាប់ធ្នាប់ សន្ដិភាព និងតម្លាភាព។ នេះបើយោងទៅតាមសេចក្ដីថ្លែងការណ៍ដដែល។

យ៉ាងណាចំពោះប្រទេសចំនួន៩ទៀតបានទិតៀន និងអំនាវឱ្យកម្ពុជាលើកកម្ពស់លំហពលរដ្ឋ និងនយោបាយ ដោយគោរពនូវសេរីភាពបញ្ចេញមតិ សារព័ត៌មាន ការប្រមូលផ្ដុំដោយសន្ដិវីធី និងឯករាជ្យភាពក្នុងប្រព័ន្ធតុលា។

ទោះបីជាសេចក្ដីថ្លែងការណ៍ចេញពីស្ថាបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា រំលេចពីការកោតសរសើរពីបណ្ដាប្រទេសជាច្រើន ក្នុងអង្គការសហប្រជាជាតិក៏ដោយ តែសេចក្ដីថ្លែងការណ៍នេះក៏បានបន្ដច្រានចោលរបាយការណ៍របស់រាយការណ៍ពិសេសប្រចាំអង្គការសហប្រជាជាតិផងដែរលើច្រើនចំណុច។ តាមប្រភពដដែលលើកឡើងថា អ្នករាយការណ៍ពិសេសទទួលស្គាល់ របាយការណ៍ពីទិដ្ឋភាពវិជ្ជមានពីកម្ពុជាតិចតួចបំផុត  និងបង្ហាញអារម្មណ៍សោកស្ដាយចំពោះរបាយការណ៍ពីអ្នករាយការណ៍ពិសេសថា មិនបានឆ្លុះបញ្ចាំងពីការពិតលើទិដ្ឋភាពជាច្រើន។

សេចក្ដីថ្លែងការបន្ដច្រានចោលទៀតថា របាយការណ៍អ្នករាយការណ៍ពិសេសកង្វះភស្ដុតាងរឹងមាំបានធ្វើឱ្យប៉ះពាល់ដល់ភាពទុកចិត្តបាន និងភាពមិនលម្អៀងរបស់របាយការណ៍។ លើសពីនេះថា របាយការណ៍អ្នករាយការណ៍ពិសេសប្រចាំUNមានភាពអន្ដោម័ត និងជ្រើសរើសតែមួយជ្រុង។ ការលើកមកទាំងនេះគឺផ្អែកទៅតាមសេចក្ដីថ្លែងការណ៍ទាំងអស់។

ជាមួយការច្រានចោលនេះដែល ស្ថានទូតចិនប្រចាំកម្ពុជា ក៏បានលើកឡើងដំណាលគ្នាថា ​លោក chen Xu ជាតំណាងអចិន្ត្រៃយ៍នៃប្រទេសចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ស្វីស បាន បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលទទួលបានរបស់កម្ពុជាក្នុងការជំរុញ និងការការពារសិទ្ធិមនុស្ស។  លោកក៏បានប្រឆាំងចំពោះប្រទេសពាក់ព័ន្ធដែលយកសិទ្ធិមនុស្សជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា រំលោភសិទ្ធិនិងអត្ថប្រយោជន៍ស្របច្បាប់របស់ប្រជាជនកម្ពុជា។ ជាពិសេស អំពាវនាវឱ្យបណ្ដាភាគីគោរពតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់កម្ពុជា គោរពមាគ៌ាអភិវឌ្ឍន៍ដែលប្រជាជនកម្ពុជាបានជ្រើសរើស និងផ្តល់ការជួយដល់កិច្ចទប់ស្កាត់ជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា,ការស្តារសេដ្ឋកិច្ចឡើងវិញ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ធ្វើកិច្ចការដែលមានអត្ថប្រយោជន៍ដល់ការការពារអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងប្រទេសកម្ពុជា និងមានសារសំខាន់ដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ឱ្យបានច្រើន។

បែបនេះក្ដី ស្ថានបេសកកម្មកម្ពុជាក៏មានឆ្លើយតបលើបញ្ហាការទីតៀនរបស់ប្រទេសទាំង៩ដែរ។  តែនៅទីបញ្ចាប់ តំណាងកម្ពុជានៅUNថា សិទ្ធិមនុស្សមិនផ្ដោតលើភាពល្អឥតខ្ចោះនោះទេ ប៉ុន្ដែជាការរត់រយៈចម្ងាយវែង និងផ្ដោតលើវឌ្ឍនភាព។ តំណាងកម្ពុជាបន្ដថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការចូលរួមបន្ដកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងក្របខណ្ឌនិតិរដ្ឋ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕

Share

Image
Image
Image