en     km
en     km

លោកBidenថាហានិភ័យនុយក្លេអ៊ែរស្ថិតក្នុងកម្រិតខ្ពស់បំផុត

Share

 

ញូវយ៉ក (AP) – ប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ហានិភ័យនៃអាវុធនុយក្លេអ៊ែរ “Armageddon” គឺស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ 1962។ ប្រទេស​

រុស្ស៊ីព្រមានអំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ក្នុងសង្រ្គាមអ៊ុយក្រែន។

 

នៅក្នុងកម្មវិធីរៃអង្គាសថវិកាសម្រាប់យុទ្ធនាការគណៈកម្មាធិការព្រឹទ្ធសភាប្រជាធិបតេយ្យ លោក Biden បានថ្លែងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គឺជា “បុរសម្នាក់ដែលខ្ញុំស្គាល់ច្បាស់” ហើយមេដឹកនាំរុស្ស៊ីរូបនេះ “មិននិយាយលេងទេ នៅពេលគាត់លើកឡើងអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ឬអាវុធជីវសាស្ត្រ ឬអាវុធគីមី។ ”

អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បាននិយាយកាលពីថ្ងៃអង្គារថា “យើងមិនមានហេតុផលណាមួយដើម្បីកែសម្រួលស្ថានការណ៍យុទ្ធសាស្ត្រនុយក្លេអ៊ែររបស់យើងទេ ហើយក៏មិនទាន់មានសញ្ញាថារុស្ស៊ីកំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរភ្លាមៗនោះដែរ” ។

លោក ពូទីន បានលើកឡើងម្តងហើយម្តងទៀតអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៉ីតាំងពីខែមុន នៅពេលដែលលោកបានប្រកាសអំពីផែនការបញ្ជូនកងទ័ពរុស្ស៊ីបន្ថែមទៅអ៊ុយក្រែន។លោកពូទីនបាននិយាយថា “ខ្ញុំចង់រំលឹកអ្នកថាប្រទេសរបស់យើងក៏មានមធ្យោបាយផ្សេងៗផងដែរ ហើយនៅពេលដែលបូរណភាពទឹកដីរបស់យើងត្រូវបានគំរាមកំហែង ដើម្បីការពារប្រទេសនិងប្រជាជនរុស្ស៊ី យើងពិតជានឹងប្រើប្រាស់គ្រប់មធ្យោបាយ”។

 

លោកពូទីនបានបន្ថែមដោយនិយាយសម្លឹងមើលកាមេរ៉ាក្នុងទឹកមុខមាំថា “វាមិនមែនជាការបំភ័យនោះទេ”។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយកាលពីសប្តាហ៍មុនថាសហរដ្ឋអាមេរិក​បានដឹង “ច្បាស់” ចំពោះប្រទេសរុស្ស៊ីអំពី “ផលវិបាក” នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។

លោក Sullivan បាននិយាយថា “នេះគឺជាអ្វីដែលយើងយកចិត្តទុកដាក់បំផុត និងទំនាក់ទំនងដោយផ្ទាល់ជាមួយរុស្ស៊ី រួមទាំងការឆ្លើយតបរបស់សហរដ្ឋអាមេរិកយ៉ាងម៉ឺងម៉ាត់ ប្រសិនបើពួកគេដើរតាមផ្លូវងងឹតនោះ”។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោក Putin បានដឹងច្បាស់ថា “ពិភពលោកនឹងមិនអត់ឱនឱ្យលោកឡើយ” ចំពោះការវាយប្រហារនុយក្លេអ៊ែរ។ លោក បន្ថែមថា “បន្ទាប់ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជីវិតពូទីននឹងមិនអាចរក្សាបានទៀតទេ ខ្ញុំជឿជាក់ថាអញ្ចឹង” ។

ប្រភព៖ AP ថ្ងៃទី 7 ខែតុលា ឆ្នាំ 2022

Share

ព័ត៌មានទាក់ទង

Image