en     km
en     km

អាជ្ញាធរខេត្តកំពង់ធំប្រកាសឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែមខណៈទឹកស្ទឹងសែននៅនឹងនៅឡើយ

Share

ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ម្សិលមិញបានចេញសេចក្តីជូនដំណឹងពីស្ថានភាពទឹកជំនន់បង្កពីភ្លៀងធ្លាក់ជាប់ៗគ្នា ដែលអាចបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅតាមស្រុកមួយចំនួនពេលខាងមុខនេះ។ ស្រុកដែលរដ្ឋបាលខេត្តកំពង់ធំអំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ននោះរូមមាន ស្រុកសណ្តាន់ ស្រុកប្រសាទសំបូរ ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទឹងសែន ស្រុកបារាយណ៍ និងស្រុកស្ទោង។

ការប្រកាសជូនដំណឹងនេះ ដោយរដ្ឋបាលខេត្តកំពង់ធំផ្អែកតាមការព្យាករណ៍របស់ក្រសួងធនធានទឹកដែលបញ្ជាក់ថា ខេត្តក្រុងក្នុងប្រទេសកម្ពុជានៅតែមានភ្លៀងធ្លាក់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែតុលា ខណៈកម្ពស់ទឹកស្ទឹងសែននៅស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំអាចឡើងដល់កម្រិតប្រកាសអាសន្នគឺ ១៤ ម៉ែត្រកន្លះ។

រូបភាពទឹកជន់លិចនៅក្នុងខេត្តកំពង់ធំ។រូបភាពពីហ្វេសប៊ុកខេត្តកំពង់ធំ។

 

ទាក់ទងបញ្ហានេះ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះថា ស្ថានភាពទឹកនៅតាមបណ្តាស្រុកមួយចំនួនមានស្ថានភាពនៅនឹងមិនទាន់ឈានដល់ស្ថានភាពប្រកាសអាសន្ននៅឡើងទេ។ តែយ៉ាងណា មន្រ្តីរដ្ឋបាលខេត្តកំពង់ធំរូបនេះស្នើដល់ប្រជាពលរដ្ឋតាមបណ្តាស្រុកនានាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

ប្រសាសន៍ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ៖

 

តាមការឱ្យដឹងពីលោក សុក ហៃ ដដែលជុំវិញទិន្នន័យនៃការខូចខាតបណ្តាលមកពីបញ្ហាជំនន់ទឹកភ្លៀងបានបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ននេះ មានស្រុកចំនួន​ ៧ កំពុងរងនូវជំនន់ទឹកភ្លៀងនៅឡើយ។ រីឯចំនួនខ្នងផ្ទះដែលត្រូវជន់លិចមានប្រមាណជិត ២ ពាន់ខ្នងផ្ទះ។ លិចលង់ស្រូវស្រែប្រមាណ ៥ពាន់ហិកតា តែស្រូវដែលខូចខាតទាំងស្រុងមានត្រឹមតែជាង ២០ហិកតាប៉ុណ្ណោះ។ ដោយឡែក លោកបន្ថែមថាមន្ទីរកសិកម្មខេត្តក៏បានត្រៀមបំរុងគ្រាប់ពូជស្រូវចែកជូនប្រជាពលរដ្ឋផងដែរ នៅពេលទឹកស្រក់ទៅវិញ៕

Share

Image
Image
Image