យោងតាម The Guardian មនុស្ស34 នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារ 22 នាក់នៅក្នុងការបាញ់ប្រហារដ៏ធំនៅសាលមត្តេយ្យមួយក្នុងខេត្តភាគឦសាននៃប្រទេសថៃ។អ្នកវាយប្រហារដែលជាអតីតប៉ូលីសក៏បានសម្លាប់ប្រពន្ធ និងកូនខ្លួនឯងផងដែរ មុនពេលបាញ់សម្លាប់ខ្លួន។
ប៉ូលិស និងមន្ត្រីក្នុងតំបន់បាននិយាយថាខ្មាន់កាំភ្លើងបានចូលទៅក្នុងអគារនៅម៉ោង 12.30 ថ្ងៃត្រង់ អំឡុងពេលកុមារតូចៗប្រហែល 30 នាក់កំពុងដេកលក់។ កុមារជាជនរងគ្រោះមានអាយុក្រោម២ឆ្នាំ ។
លោកស្រី Jidapa Boonsom មន្ត្រីស្រុកបានប្រាប់សារព័ត៌មានរ៉យទ័រថា ដំបូងខ្មាន់កាំភ្លើងបានបាញ់សម្លាប់បុគ្គលិកបួនទៅប្រាំនាក់ រួមទាំងគ្រូបង្រៀនស្រីម្នាក់ដែលមានផ្ទៃពោះប្រាំបីខែ។ នាងបានបន្ថែមថា៖ «ដំបូងគេគិតថាជាសំឡេងកាំជ្រួចផ្ទុះ។
វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីសាកសពកុមារដេកក្នុងថ្លុកឈាមនៅ
កណ្តាលទីក្រុង Uthai Sawan ក្នុងខេត្ត Nong Bua Lamphu ភាគខាងជើងឆៀងខាងកើតប្រទេសថៃ។
ប៉ូលិសមូលដ្ឋានបាននិយាយថា ជនល្មើសមានកាំភ្លើងខ្លី និងកាំបិត ហើយជននោះបានរត់គេចខ្លួនពីកន្លែងកើតហេតុដោយជិះរថយន្ត។ កាសែត Daily News បានរាយការណ៍ថា បន្ទាប់ពីរត់គេចខ្លួន ឃាតកបានត្រឡប់ទៅផ្ទះ ហើយសម្លាប់ប្រពន្ធ និងកូន មុននឹងសម្លាប់ខ្លួនឯង។
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Facebook ថា លោកបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់ក្រុមគ្រួសារសព និងអ្នករងរបួស។ លោកបានថ្លែងថា៖ «ខ្ញុំបានបញ្ជាឲ្យស្នងការនគរបាលចុះទៅតំបន់នោះជាបន្ទាន់ ហើយភ្នាក់ងារពាក់ព័ន្ធទាំងអស់ត្រូវជួយអ្នកដែលរងគ្រោះជាបន្ទាន់»។
ប្រភព៖ The Guardian ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២