en     km
en     km

​អ្នកជំនាញ​កសិកម្ម​ថា​ កសិករ​ពុំ​ទាន់​ទទួល​បានការ​យកចិត្តទុកដាក់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​

Share

king-sihak-moni-in-Paris-cover

​ថ្លែង​ពី​ទី​ក្រុងប៉ារីស​ នា​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​អំពី​អាកាសធាតុ​ កាលពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ព្រះមហាក្សត្រ​ខ្មែរ​ ព្រះបាទ​សម្ដេច​នរោត្ដម​ សីហ​មុនី​ មាន​បន្ទូល​ថា​ ប្រជា​កសិករ​ខ្មែរ​បាន​រង​គ្រោះ​ដោយសារ​តែ​ការ​ផ្លាស់​ប្ដូរ​កម្រិត​ទឹកភ្លៀង​ និង​បញ្ហា​រាំង​ស្ងួត​ ដែល​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាស​។​ ស្រប​ជាមួយ​បន្ទូល​របស់​ព្រះមហាក្សត្រ​កម្ពុជា​ អ្នកជំនាញ​ផ្នែក​កសិកម្ម​លើក​ឡើង​ថា​ ប្រជា​កសិករ​ហាក់​នៅ​មិន​ទាន់​ទទួល​បានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ជុំវិញ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​នៅឡើយ​ទេ​។​

​ព្រះ​អង្គ​បាន​មាន​បន្ទូល​លើក​ជា​ឧទាហរណ៍​នៅ​ក្នុង​ព្រឹត្ដិការណ៍​ទឹកជំនន់​កាលពី​ឆ្នាំ​២០១៣​ ដែល​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខ្មែរ​ខាតបង់​ប្រយោជន៍​ស្មើនឹង​២%​នៃ​ផលិតផល​សរុប​ក្នុងស្រុក​ និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ ក្នុង​នោះ​មាន​មនុស្ស​១២០​នាក់​បាន​ស្លាប់​ ហើយ​ភាគច្រើន​នៃ​អ្នក​ទាំងនោះ​ជា​កុមារ​ ដែល​គ្រោះ​ធម្មជាតិ​នេះ​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​។​
​ស្រប​ជាមួយ​បន្ទូល​របស់​ព្រះមហាក្សត្រ​កម្ពុជា​ លោក​ យ៉ង​ សាំង​កុមារ​ ប្រធាន​អង្គការ​សេ​ដាក​បាន​លើក​ឡើង​ថា​ ប្រជា​កសិករ​ខ្មែរ​បច្ចុប្បន្ន​កំពុង​ជួប​ប្រទះ​នូវ​បាតុភូត​ធម្មជាតិ​ ដែល​រួម​មានការ​ប្រែប្រួល​កម្រិត​ទឹកភ្លៀង​ និង​ភាពរាំងស្ងួត​ជាដើម​។​

​លោក​យ៉ង​ សាំង​កុមារ​ បន្ត​ថា​ អ្វី​ជា​ការ​កត់សម្គាល់​នោះ​ ប្រជា​កសិករ​ខ្មែរ​ហាក់​នៅ​មិន​ទាន់​ទទួល​បានការ​យកចិត្ត​ទុក​ខ្ពស់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ក្នុង​ការ​ចុះ​ទៅ​ធ្វើការ​ផ្ទាល់​ជាមួយ​កសិករ​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ពង្រឹងសមត្ថភាព​ ក្នុង​ការ​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ​នៅឡើយ​នោះ​ទេ​។​ «​កសិករ​ខ្មែរ​បាន​ជួប​រួច​ទៅ​ហើយ​ នូវ​ហា​នី​ភ័យ​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ​ហ្នឹង​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សោកស្តាយ​ហើយ​ឃើញ​ថា​ ការ​គាំទ្រ​ដល់​កសិករ​ក្នុង​ការ​ទប់ទល់​នឹង​ការ​បន្សាំ​ខ្លួន​ក្នុង​ការ​បម្រែបម្រួល​អាកាសធាតុ​ ជា​ពិសេស​បញ្ហា​ភាព​រាំង​ស្ងួន​ ភាព​មិន​ប្រក្រតី​នៃ​របប​ទឹកភ្លៀង​»​។​

yong-saing-komar-01
ប្រធាន​អង្គការ​សេ​ដាក លោក​ យ៉ង​ សាំង​កុមារ​

​ ​អ្នកជំនាញ​កសិកម្ម​រូប​នេះ​បន្ថែម​ថា​៖​ «​អ្វី​ដែល​ល្អ​បំផុត​គឺ​ត្រូវ​មាន​បុគ្គលិក​ចុះ​ទៅ​ជួយ​ពន្យល់​ណែនាំ​ដល់​កសិករ​តាម​មូលដ្ឋាន​ ពី​ប​ច្ចេស​ទេស​កសិកម្ម​ ក៏​ដូច​ជា​ត្រូវ​ជីក​ស្រះ​ដល់​ប្រជា​កសិករ​ និង​ត្រូវ​ដាំ​ឈើ​ឡើង​វិញ​ ដែល​ប្រការ​អាច​ធ្វើ​ឲ្យ​កសិករ​បន្សាំ​ខ្លួន​ទៅ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ​បាន​»​។​

​កសិករ​មួយ​រូប​ អ្នកស្រី​ ភោគ​ ឡា​ រស់នៅ​ស្រុក​បាទី​ ខេត្តតាកែវ​ និយាយ​ថា​ ដំណាំ​របស់​អ្នកស្រី​នៅ​ឆ្នាំ​នេះ​មិនសូវ​ទទួល​បាន​ផល​ល្អ​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​នៅ​តំបន់​នេះ​ជួប​ប្រទះ​នូវ​ភាពរាំងស្ងួត​ជា​ច្រើន​ខែ​មក​ហើយ​ ។​ អ្នកស្រី​បន្ត​ថា​ អ្នកស្រី​ក៏​ដូច​ជា​ប្រជា​កសិករ​ដទៃ​ទៀត​ មិនសូវ​ទទួល​បានការ​យកចិត្តទុកដាក់​ពី​មន្ត្រី​កសិកម្ម​ខេត្ត​ក្នុង​ពន្យល់​ណែនាំ​ពី​បច្ចេកទេស​កសិកម្ម​ប៉ុន្មាន​នោះ​ទេ​ ជា​ពិសេស​ការ​ណែនាំ​ពី​វិធីសាស្ត្រ​បន្សាំ​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ក៏​មិនសូវ​ទទួល​បាន​នោះ​ដែរ​ ។​

​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ លោក​ទិន​ ពន្លក​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន​ ដែល​កំពុង​មាន​វត្ត​មាននៅ​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ ស្តី​អំពី​អាកាសធាតុ​ដែរ​នោះ​និយាយ​ថា​ រដ្ឋាភិបាល​បាន​ចំណាយ​ទៅ​លើ​ការងារ​ប្រែប្រួល​អាកាសធាតុ​រង្វង់​១៦%​នៃ​ថវិកាជាតិ​ ដើ​ម្ប​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​

​សូម​រំឭក​ថា​ គ្រោះ​ទឹកជំនន់​កាលពី​ឆ្នាំ​២០១៣​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ ផលដំណាំ​ និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ គិត​ជា​ទឹកប្រាក់​ប្រមាណ​ ៣៦០​លាន​ដុល្លារ​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ ក្នុង​នោះ​មាន​មនុស្ស​១២០​នាក់​បាន​ស្លាប់​ដែល​ភាគច្រើន​ជា​កុមារ​៕

Share

ព័ត៌មានទាក់ទង

Image