ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាដោយចង្អុលបង្ហាញដល់មន្រ្តីពាក់ព័ន្ធត្រូវចុះឱ្យសកម្មបិទនូវជង្ហុកសំបុកមាន់នៅរដូវវស្សានេះ ខណៈផ្លូវតាមបណ្តាខេត្តក្រុងមួយចំនួនត្រូវរងជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ ដែលជាដើមហេតុធ្វើឱ្យផ្លូវកាន់តែខូចខាតកាន់តែខ្លាំងឡើង។
ការចង្អុលបង្ហាញពីរដ្ឋមន្រ្តីក្រសួងសាធារណការនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២២ដែលទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទើបបង្ហាញនៅថ្ងៃទី០៦ខែតុលាឆ្នាំ២០២២នេះ។
ក្នុងកិច្ចប្រជុំនោះលោក ស៊ុន ចាន់ថុល បានណែនាំក្រុមការងារបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តទាំងអស់ ត្រូវអនុវត្តការងាររបស់ខ្លួនជាប់ជាប្រចាំទាក់ទងនឹងការចុះបិទជង្ហុកសំបុកមាន់នៅក្នុងរដូវវស្សា។ លោកថា ជង្ហុកមានទឹកដក់ត្រាំលើផ្លូវនេះគឺសម្បូរដោយសារទឹកភ្លៀងធ្លាក់ជោគជាំនៅរដូវមានភ្លៀងធ្លាក់បែបនេះ។ លោករដ្ឋមន្រ្តីដាស់តឿនដល់មន្រ្តីក្រោមឱវាទថា មិនត្រូវទុកផ្លូវនោះចោល ព្រោះបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសត្រូវសម្រួលការតភ្ជាប់ភ្លាមៗនូវខ្សែផ្លូវទាំងឡាយណាដែលត្រូវទឹកជំនន់ហូរកាត់ផ្តាច់។
ជាការកត់សម្គាល់ កាលពីពេលកន្លងទៅរដ្ឋមន្រ្តីធ្លាប់បានប្រកាសជាសាធារណៈដល់ប្រជាពលរដ្ឋថា ក្នុងករណីប្រទះឃើញមានជង្ហុកសំបុកមាន់ សាធារណជនអាចថតរូបផ្តល់ជូនក្រុមការងារបច្ចេកទេសបាន នោះក្រុមការងារនឹងចុះដោះស្រាយរាល់បញ្ហាជូនពលរដ្ឋ៕