en     km
en     km

លោកស្រី Merkel ឈ្នះពានរង្វាន់ទីភ្នាក់ងារជនភៀសអង្គការសហប្រជាជាតិ

Share

 

ហ្សឺណែវ៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានថ្លែងនៅថ្ងៃអង្គារទី ៤ ខែតុលាថា ខ្លួនផ្តល់ពានរង្វាន់ដល់អតីតអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការទទួលយកជនភៀសខ្លួនជាង ១ លាននាក់ ដែលភាគច្រើនមកពីប្រទេសស៊ីរី អោយចូលក្នុងប្រទេសអាល្លឺម៉ង់ ទោះបីជាមានការរិះគន់ខ្លះៗទាំងនៅក្នុង និងក្រៅប្រទេសក៍ដោយ។

 

លោក Matthew Saltmarsh អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា លោកស្រី Merkel ត្រូវបានជ្រើសរើសជាអ្នកទទួលពានរង្វាន់ Nansen Refugee ដែលត្រូវបានប្រគល់ជារៀងរាល់ឆ្នាំដោយទីភ្នាក់ងារអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។

លោក Saltmarsh បានប្រាប់អ្នកយកព័ត៌មានថា”ក្រោមការដឹកនាំរបស់អធិការបតី Merkel អាល្លឺម៉ង់បានទទួលយកជនភៀសខ្លួននិងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង 1.2 លាននាក់(ជាងមួយលានពិរសែននាក់)ក្នុងឆ្នាំ 2015 និង 2016 ដែលភាគច្រើនបង្កឡើងដោយជម្លោះនៅប្រទេសស៊ីរី និងអំពើហិង្សានៅកន្លែងផ្សេងទៀត។ “លោកស្រី Merkel បានជួយជនភៀសខ្លួននៅទូទាំងពិភពលោក”។

ការសម្រេចចិត្តរបស់លោកស្រី Merkel ទទួលយកជនចំណាកស្រុកជាច្រើននាក់បានជំរុញឱ្យគណបក្សបក្សអាល្លឺម៉ង់ស្តាំនិយមជ្រុលតវ៉ា។ លោកស្រីក៏ត្រូវបានរដ្ឋាភិបាលមួយចំនួនរិះគន់ថាមានភាពរួសរាយរាក់ទាក់ពេកចំពោះជនភៀសខ្លួន នៅពេលដែលប្រទេសហភាពអឺរ៉ុបមួយចំនួនបានបិទព្រំដែនមិនអោយជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនចូលក្នុងប្រទេសរបស់ពួកគេ។

 

ពាន​រង្វាន់​នេះ​រួម​មាន​ប្រាក់​150,000(១៥ម៉ឺន) ដុល្លារ​អាមេរិក។ លោក Saltmarsh បាននិយាយថា លោកស្រី Merkel ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីទទួលពានរង្វាន់នេះ។

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ពានរង្វាន់ជនភៀសខ្លួន Nansen របស់ UNHCR ផ្តល់ដល់បុគ្គលឬក្រុម ឬអង្គការណាដែលបានការពារជនភៀសខ្លួន និងជនគ្មានរដ្ឋដទៃទៀត។

 

ជ័យលាភីជាង 60 នាក់បានទទួលពានរង្វាន់នេះចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ 1954 ដើម្បីរំលឹកដល់លោក Fridtjof Nansen ជាអ្នកវិទ្យាសាស្ត្រន័រវេស អ្នកស្រាវជ្រាវ និងអ្នកការទូត និងជាស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនដំបូងគេ។

 

អ្នកទទួលពានរង្វាន់នៅឆ្នាំ 2021 គឺសមាគម Jeel Albena សម្រាប់ការអភិវឌ្ឍន៍មនុស្សធម៌នៅប្រទេសយេម៉ែន ដែលបានគាំទ្រជនភៀសខ្លួនយេម៉ែន។

Source: C N A, October 5, 2022

Share

Image
Image
Image