(ភ្នំពេញ)៖ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ស្ត្រីជាផ្នែកមួយរួមចំណែកប្រែក្លាយទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រ ក្នុងវិស័យទេសចរណ៍ត្រីមាសទី៣ ឆ្នាំ២០២២ ដើម្បីធ្វើការត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដាក់ចេញនូវទិសដៅអនុវត្តបន្ត។
លោកស្រីបានបន្ដថា ផ្តើមពីតួនាទីដ៏មានសារ:សំខាន់របស់ស្ត្រី ក្រសួងទេសចរណ៍បានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្ដានុពល និងជាភាគីពាក់ព័ន្ធមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។
លោកស្រី ហ៊ុន ដានី លើកឡើងបន្ថែមថា ស្ត្រីក្នុងវិស័យទេសចរណ៍បានចូលរួមយ៉ាងសកម្មក្នុងសកម្ម ភាពទីក្រុងស្អាត ការថែរក្សាអនាម័យ សោភ័ណភាព និងពង្រឹងគុណភាពផលិតផល ក៏ដូចជាសេវាកម្មក្នុងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង។
ចំណែកសកម្មភាពទីក្រុងស្អាតស្ត្រីមានការពាក់ព័ន្ធជាសារវន្តវិញ ស្ត្រីភាគច្រើនជាអ្នកបម្រើការផ្ទាល់នៅនឹងកន្លែងបន្ទប់ទឹក បង្គន់សាធារណ: ផ្ទះបាយ ឬកន្លែងចម្អិនម្ហូបអាហារ ស្ត្រីជាអ្នកដើរផ្សារ ជាមេផ្ទះ ជាអ្នកបោសជូតសម្អាត។ ជាងនេះស្រ្តីក៏ជាអ្នកអប់រំកូនចៅក្នុងគ្រួសារដែលការងារទាំងនេះជះឥទ្ធិពលទៅនឹងបរិស្ថាន អនាម័យទីក្រុងស្អាត តាមរយ:ការវេចខ្ចប់ទុកដាក់សំរាម ការប្រើប្រាស់ថង់ប្លាស្ទីក និងផលិតផលក្នុងស្រុកជាដើម។
តាមលោកស្រីរដ្ឋលេខាធិការស្ត្រីបានចូលរួមក្នុងការអនុវត្តផែនទីចង្អុលផ្លូវ ស្តីពីការស្តារនិងលើកស្ទួយវិស័យ ទេសចរណ៍២០២០-២០២៥ ព្រមជាមួយការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាក្នុងវិស័យទេសចរណ៍ ដើម្បីដំណើរការទេសចរណ៍ និងពង្រឹងគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង៕