en     km
en     km

នាយករដ្ឋមន្រ្តីជំរុញរឹបអូសទ្រព្យសម្បត្តិអ្នកជំពាក់ធនាគារដែលជឿតាមការញុះញង់មិនចង់សងត្រឡប់

Share

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញលើកទឹកចិត្តឱ្យរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋណាដែលជំពាក់បំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុ  ដែលជឿតាមការញុះញង់របស់ជនមួយចំនួនដោយមិនចង់សងបំណុលត្រឡប់ទៅធនាគារវិញ។ ការប្រកាសជំរុញនេះ កើតឡើងស្របពេលដែលមានប្រជាពលរដ្ឋខ្លះរងចាំសំណងដីធ្លីនៅតំបន់អង្គរឡើងថ្លៃ ខណៈរដ្ឋាភិបាលកំពុងដោះដូរដីផ្លាស់ប្រជាពលរដ្ឋទៅរស់នៅតំបន់រុនតាឯកមិនមានសំណងថ្លៃដីឬថ្លៃផ្ទះនោះទេ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ថ្លែងនៅចំពោះមុខនិស្សិតជិត ៤ ពាន់នាក់ នៃវិទ្យាស្ថានវ៉ាន់ដានៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន បានថ្លែងដោយជំរុញលើកទឹកចិត្តដល់គ្រប់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ គួររឹបអូសទ្រព្យសម្បតិ្តប្រជាពលរដ្ឋណាដែលជំពាក់បំណុល ហើយមិនព្រមសងត្រឡប់វិញ។ ការថ្លែងរបស់នាយករដ្ឋមន្រ្តី សំដៅចំពោះអ្នករស់នៅតំបន់អង្គរដែលរងចាំតវ៉ាសុំឡើងថ្លៃដីធ្លីជាថ្នូរនៃការចាក់ចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនោះ។

សម្តេច ហ៊ុន សែន រំលេចថា ប្រជាពលរដ្ឋណាដែលមិនព្រមទៅចាប់ឆ្នោតដោះដូរដីទៅរស់នៅតំបន់រុនតាឯក ហើយនៅចាំតថ្លៃរឿងដីធ្លីនេះ នោះថ្ងៃខាងមុខអាជ្ញាធរនឹងអនុវត្តឱសានវាទដោយមិនធានាពីសំណងនោះទេ។ សម្តេចបញ្ជាក់ជំហរចំពោះវិធានការដោះដូរដីទៅរុនតាឯកថា រដ្ឋាភិបាលនឹងបញ្ចប់មិនឱ្យមានរូបភាពញុះញង់ណាមួយកើតឡើងនោះឡើយ។

ពាក់ព័ន្ធនឹងការរឹបអូសទ្រព្យសម្បត្តិអ្នកជំពាក់បំណុលធនាគារនេះដែរ អង្គការសង្គមស៊ីវិលមួយចំនួនបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយផ្តល់ជាអនុសាសន៍ លុបចោលបំណុលគ្រួសារក្រខ្សត់ខ្លាំង បញ្ចប់កិច្ចសន្យា និងផ្ដល់សំណងដល់គ្រួសារដែលត្រូវបានបង្ខំឱ្យលក់ដីកើតចេញពីកំហុស ឬការធ្វេសប្រហែសរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងការកម្រិតការប្រើប្រាស់ប្លង់កម្មសិទ្ធិដីធ្លីដាក់ជាទ្រព្យធានាជាដើម។

ការចេញសេចក្តីថ្លែងការណ៍ពីសំណាក់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បន្ទាប់ពីរបាយការណ៍រកឃើញថា យ៉ាងហោចណាស់ជារៀងរាល់ ១៦នាទី មានពលរដ្ឋកម្ពុជាមួយគ្រួសារបានលក់ដី ដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុ ដែលកើតឡើងដោយសារកំហុស ឬការធ្វេសប្រហែសរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការផ្សព្វផ្សាយយ៉ាងសម្បើមតាមផ្ទះរបស់ប្រជាពលរដ្ឋដើម្បីរកអតិថិជន។

ជាងនេះសេចក្តីថ្លែងការណ៍រួមបានអំពាវនាវឱ្យមានការប្រគល់ប្លង់កម្មសិទ្ធិដីធ្លីរាប់សែនប្លង់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការកាន់កាប់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ជូនទៅម្ចាស់កម្មសិទ្ធិជាអ្នកខ្ចីប្រាក់វិញឱ្យបានឆាប់។ ការធ្វើបែបនេះបើតាមក្រុមអង្គការសង្គមស៊ីវិលយល់ថា នឹងអាចកាត់បន្ថយសម្ពាធរបស់គ្រួសារក្រខ្សត់ និងកាត់បន្ថយការលក់ដីដោយបង្ខំបាន។

ទាក់ទងរឿងនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាដែលអ្នកសារព័ត៌មានវិទ្យុស្រ្តីបានជួបសម្ភាសន៍កាលពីពេលថ្មីនេះបានប្រាប់ថា ពួកគេមួយចំនួនព្រមទៅរស់នៅតំបន់រុនតាឯក ព្រោះការរស់នៅតំបន់អង្គរអាជ្ញាធរហាមមិនឱ្យសង់លំនៅធំនោះទេ បើទោះបីជាសមាជិកគ្រួសារកើនឡើងច្រើនក៏ដោយ។ មួយទៀតដែលការដែលយល់ព្រមនេះ ព្រោះខ្លាចអាជ្ញាធរមានវិធានការឈូសឆាយករណីពលរដ្ឋនៅរឹងទទឹង។ តែដោយឡែកមានក្រុមគ្រួសារខ្លះមិនទាន់សម្រេចចិត្តផ្តិតមេដៃយល់ព្រមទៅរស់នៅតំបន់រុនតាឯកនោះទេ ដោយត្រូវការសំណងច្រើនជាងនេះ ព្រោះបច្ចុប្បន្នគោលការណ៍ដោះដូរដីរដ្ឋាភិបាលផ្តល់ជូនថវិកាតែជាងមួយលានរៀលនិងសម្ភារៈតិចតួចប៉ុណ្ណោះ។ ប្រជាពលរដ្ឋដែលមានផ្ទះនិងដីធំៗនៅបន្តទាមទារសំណងច្រើនជាងនេះជាថ្នូរនៃការចាកចេញទៅរស់នៅតំបន់រុនតាឯក។

លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្សលីកាដូប្រាប់វិទ្យុស្រ្តីដោយទទួលស្គាល់ថា អ្នកជំពាក់បំណុលត្រូវមានកាតព្វកិច្ចរកប្រាក់បង់សងធនាគារវិញតាមការសន្យាដែលបានខ្ចី។ ប៉ុន្តែករណីខ្លះលោក អំ សំអាត បញ្ជាក់ថា កូនបំណុលអាចមានសិទ្ធិចរចាជាមួយម្ចាស់បំណុលបាន ដោយមិនត្រូវចាប់បង្ខំកូនបំណុលលក់ទ្រព្យសម្បត្តិដោះសង់ធនាគារ។

ដោយឡែក ចំពោះរឿងដីធ្លីនៅតំបន់អង្គរវិញ លោក អំ សំអាត យល់ថា ក្នុងនាមជាអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកសិទ្ធិមនុស្ស ចង់ឃើញឱ្យមានការដោះស្រាយមួយប្រកបដោយសន្ដិវិធី ដោយអាជ្ញាធរគួរប្រឹងប្រែងឱ្យអស់លទ្ធភាព និងមិនគួរយកពលរដ្ឋមកធ្វើជាឈ្នាន់បម្រើផលប្រយោជន៍នយោបាយឡើយ។

យ៉ាងណា ការរៀបចំតំបន់រមណីយដ្ឋានអង្គរ បើតាមប្រមុខរដ្ឋាភិបាលគឺជារឿងចាំបាច់មួយសម្រាប់ជាតិ ព្រោះមានសម្បត្តិបេតកិភណ្ឌពិភពលោកច្រើនណាស់ជាក់ស្តែងប្រទេសអាល្លឺម៉ង់ ត្រូវបានដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែបាត់បង់លក្ខណៈសម្បត្តិកំណត់ដោយអង្គការយូណេស្កូ។ ប្រមុខរាជរដ្ឋាភិបាលកាលពីពេលកន្លងមកបានបញ្ជាក់ថា ការរៀបចំដីធ្លីនៅតំបន់រមណីយដ្ឋានមិនមែនជារឿងនយោបាយទេ តែជារឿងជាតិដើម្បីការពារតំបន់បេតិកភណ្ឌប្រវត្តិសាស្ដ្រ៕

Share

ព័ត៌មានទាក់ទង

Image