en     km
en     km

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ព្រមានក្រុមអ្នកតវ៉ាថាអាចធ្វើឱ្យប្រទេសធ្លាក់ក្នុងអស្ថិរភាព

Share

 

យោងតាម AP ថាប្រធានសភាអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអាទិត្យថា ការតវ៉ាជុំវិញការស្លាប់របស់នារីវ័យក្មេងម្នាក់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីស អាចធ្វើឲ្យប្រទេសមានអស្ថិរភាព និងបានជំរុញឱ្យកងកម្លាំងសន្តិសុខ ប្រើវិធានការតឹងរ៉ឹងចំពោះអ្នកតវ៉ា ដែលលោកបានហៅថា ជាការធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខណៈដែលភាពចលាចលទូទាំងប្រទេសបានចូលមកដល់សប្តាហ៍ទីបី។

ទោះបីជារដ្ឋាភិបាលបានបិទអ៊ីនធឺណិផ្នែកខ្លះ ឬបិទទាំងស្រុងក្នុងប្រទេសអ៊ីរ៉ង់ក៏ដោយ ក៍មានការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថាមានការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងទីក្រុង Tehran និងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខនៅក្នុងទីក្រុងផ្សេងទៀតកាលពីថ្ងៃអាទិត្យ ។

បើយោងតាមគេហទំព័រស្ថាប័ននីតិប្បញ្ញត្តិអ៊ីរ៉ង់ ប្រធានសភាលោក Mohammad Bagher Qalibaf បានប្រាប់សមាជិកសភាថា បាតុកម្មមុនៗមិនដូចការតវ៉ាពេលនេះទេ។ លោកបានថ្លែងថាការតវ៉ាមុនៗដែលធ្វើដោយក្រុមគ្រូបង្រៀន និងនិវត្តជនគឺតវ៉ារឿងប្រាក់បៀវត្សរ៍ និងការកែទម្រង់រដ្ឋ មិនមានគោលបំណង​ផ្តួលរំលំរដ្ឋាភិបាលទេ។

លោកQalibaf បាននិយាយថា “ចំណុចសំខាន់នៃការតវ៉ាលើកមុនៗគឺពួកគេស្វែងរកការកំណែទម្រង់ និងមិនមានគោលបំណងផ្តួលរំលំប្រព័ន្ធរដ្ឋទេ” ។ “ខ្ញុំសុំឱ្យអ្នកតវ៉ា កុំឱ្យការតវ៉ារបស់ពួកគេប្រែទៅជាអស្ថិរភាព និងផ្តួលរំលំស្ថាប័ន”។

ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់បានចុះដើរតាមផ្លូវដើម្បីតវ៉ាចំពោះការស្លាប់របស់ស្រ្តី Mahsa Amini អាយុ 22 ឆ្នាំ ដែលត្រូវបានប៉ូលីសសីលធម៌អ៊ីរ៉ង់ចាប់ខ្លួននៅក្នុងរដ្ឋធានី Tehran ពីបទស្លៀកពាក់តាមបែបអ៊ីស្លាមរបស់អ៊ីរ៉ង់មិនបានត្រឹមត្រូវ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា បាតុករ និងប៉ូលិសយ៉ាងហោចណាស់ 41 នាក់ត្រូវបានសម្លាប់ចាប់តាំងពីបាតុកម្មបានចាប់ផ្តើមនៅថ្ងៃទី 17 ខែកញ្ញា។ សារព័ត៌មាន Associated Press បានរាយការណ៍ថាអាជ្ញាធរបានសម្លាប់មនុស្សយ៉ាងហោចណាស់ 14 នាក់ និងបានចាប់ខ្លួនបាតុករជាង 1,500។

សេចក្តីថ្លែងការណ៍របស់លោក Qalibaf ត្រូវបានគេមើលឃើញថាជាការអំពាវនាវដល់ប្រជាជនអ៊ីរ៉ង់ឱ្យបញ្ឈប់ការតវ៉ា និងគាំទ្រប៉ូលិសក្នុងការប្រើវិធានការណ៍សន្តិសុខតឹងរឹង។ កាល​ពី​ថ្ងៃ​សៅរ៍ ការ​តវ៉ា​បាន​បន្ត​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ Tehran និង​ក្នុង​សង្កាត់​ក្បែរ​នោះ ហើយ​សាក្សី​និយាយ​ថា ពួកគេ​បាន​ឃើញ​ក្មេង​ស្រី​ជា​ច្រើន​គ្រវី​កន្សែង​គ្រប​ក្បាល​ក្នុង​កាយវិការ​ប្រឆាំងអាជ្ញាធរ។

ប្រព័ន្ធផ្សព្វផ្សាយសង្គមបានយកវីដេអូដែលបង្ហាញពីការតវ៉ាស្រដៀងគ្នានៅសាកលវិទ្យាល័យ Mashhad និង Shiraz ប៉ុន្តែសារព័ត៌មាន Associated Press មិនអាចផ្ទៀងផ្ទាត់នូវភាពត្រឹមត្រូវបានទេ។ បាតុករម្នាក់នៅជិតសាកលវិទ្យាល័យ Tehran ឈ្មោះ Fatemeh អាយុ 19 ឆ្នាំបាននិយាយថានាងបានចូលរួមក្នុងបាតុកម្ម “ដើម្បីបញ្ឈប់អាកប្បកិរិយាប៉ូលីសប្រឆាំងនឹងមនុស្សវ័យក្មេងជាពិសេសក្មេងស្រី” ។

គ្រូបង្រៀនអាយុ 63 ឆ្នាំដែលបដិសេធមិនប្រាប់ឈ្មោះបាននិយាយថាគាត់ត្រូវប៉ូលីសបាញ់ពីរដង។ គាត់​បាន​និយាយ​ថា​៖ «ខ្ញុំ​មក​នេះ​ដើម្បី​កំដរ និង​ជួយ​កូន​ស្រី​របស់​ខ្ញុំ។ ខ្ញុំធ្លាប់បានចូលរួមក្នុងបដិវត្តអ៊ីស្លាមឆ្នាំ 1979 ដែលសន្យាថានាំមកនូវយុត្តិធម៌ និងសេរីភាព។ វា​ដល់​ពេល​ហើយ​ដើម្បី​ធ្វើ​ឱ្យ​​ក្លាយជា​ការពិត​»​។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim បានឱ្យដឹងថា ការតវ៉ាបានបន្តឡើងវិញកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុងជាច្រើនរួមទាំង Mashhad នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គម និងសាកលវិទ្យាល័យ Sharif នៃទីក្រុង Tehran ។  កាលពីថ្ងៃអាទិត្យប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ពីការស្លាប់របស់សមាជិកឆ្មាំបដិវត្តន៍ម្នាក់ទៀតនៅក្នុងទីក្រុង Zahedan ភាគអាគ្នេយ៍។

នោះបានធ្វើឱ្យចំនួនសមាជិកឆ្មាំបដិវត្តន៍ IRG ប្រាំនាក់ត្រូវបានសម្លាប់។ វាមិនច្បាស់ទេថា ការវាយប្រហារដែលអាជ្ញាធរអ៊ីរ៉ង់បាននិយាយថា ធ្វើឡើងដោយពួកបំបែកខ្លួន ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាល។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មន្ត្រីប៉ូលិសម្នាក់ក៏បានបាត់បង់ជីវិតផងដែរនៅក្នុងទីក្រុង Marivan បន្ទាប់ពីរងរបួសអំឡុងពេលមានការប៉ះទង្គិចជាមួយក្រុមបាតុករ។ ការតវ៉ាបានទាក់ទាញអ្នកគាំទ្រពីក្រុមជនជាតិផ្សេងៗ រួមទាំងចលនាប្រឆាំងឃឺដនៅភាគពាយព្យនៃប្រទេសអ៊ីរ៉ង់។

ប្រភព៖ AP ថ្ងៃទី 3 ខែតុលា ឆ្នាំ 2022

Share

Image
Image
Image