en     km
en     km

ផ្ទះនិងដំណាំក្នុងតំបន់មួយចំនួននៃខេត្តព្រះវិហាររងការខូចខាតដោយជំនន់ទឹកភ្លៀង

Share

ភ្នំពេញ៖ យ៉ាងយោចណាស់ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន១៤០ខ្នង ស្រែស្រូវជាង២ពាន់ហិកតា ស្ពានចំនួន ២កន្លែង និងផ្លូវប្រវែងជាង១០គីឡូម៉ែត្រក្នុងក្រុងស្រុកចំនួន ៦ នៃខេត្តព្រះវិហារ ត្រូវរងជំនន់ទឹកភ្លៀងនិងខ្លះត្រូវខូចខានយ៉ាងដំណំផងដែរ។

នេះបើតាមការឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះវិហារចេញផ្សាយកាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២។ ក្រុងស្រុកទាំង ៦នោះរួមមាន ក្រុងព្រះវិហារ ស្រុកជ័យសែន ស្រុកត្បែងមានជ័យ ស្រុកសង្គមថ្មី ស្រុកឆែប និងស្រុកគូលែន។

បើតាមរដ្ឋបាលខេត្តព្រះវិហារឱ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិនេះ កើតឡើងស្របពេលប្រទេសកម្ពុជាកំពុងរងនូវសំពាធទាប(ITCZ) ដែលទទួលរងខ្យល់មូសុងបក់បោកពីល្បឿនពីខ្សោយទៅបង្គួរ ហើយស្ថានភាពនេះធ្វើឲ្យខេត្តព្រះវិហារទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។
យោងតាមរបាយការណ៍របស់ក្រុមការងារគ្រប់គ្រងគ្រោះហន្តរាយខេត្តព្រះវិហារបានបញ្ជាក់ថា ផលប៉ះពាល់ដែលបង្កដោយជំនន់ទឹកភ្លៀងបានធ្វើឲ្យស្រូវស្រែចំការទូទាំងខេត្តសរុប ជិត ២ពាន់ហិចតា ស្មើនឹង១៣២០ គ្រួសារ និងលិចចម្ការចំនួន ២៦៦ ហិចតា ស្មើនឹង ១៦៨ គ្រួសារត្រូវជន់លិច។ ចំណែកផ្ទះសម្បែងរបស់ប្រជាពលរដ្ឋសរុប ១៤០ ខ្នងផ្ទះ ស្មើនឹង ១៤០ គ្រួសារ រងការលិចលង់ហើយជំនន់ទឹកភ្លៀងធ្វើខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតាមបណ្តាក្រុងស្រុកទាំង ៦នេះផងដែរ។
ស្របពេលជាមួយគ្នានេះ ក្រុមការងារបានជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពចំនួន ៦៩ គ្រួសារ។ បន្ថែមពីនោះអាជ្ញាធរមានសមត្ថកិច្ចបាន ត្រៀមកម្លាំងចុះជួយសង្គ្រោះ ក្នុងករណីចាំបាច់ជូនដល់ជាពលរដ្ឋគ្រប់ពេលវេលា៕

Share

Image
Image
Image