ដូចទៅនឹងព័ត៌មានបែកធ្លាយកន្លងមកនេះ អាចជាការគំរាម និងមានការរឹតត្បិតសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរក្នុងការបច្ចេញមតិតាមរយៈប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។
មជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរៀបចំ៖ “វេទិកាជួបជុំអ្នកប្រើប្រាស់អ៊ីនធឺណែត” និងកិច្ចពិភាក្សាស្តីពី អនាគតនៃសិទ្ធិបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ក្រុមអង្គការទាំងនោះលើកឡើងថា ប្រសិនបើរដ្ឋាភិបាលពិតជាមានគម្រោងក្នុងការចេញច្បាប់នេះមែន នោះសង្គមស៊ីវិល រួមជាមួយអ្នកប្រើប្រាស់លើបណ្តាញនេះ មិនថាក្នុងគោលបំណងបញ្ជូនព័ត៌មាន ឬការបញ្ចេញមតិទេ នឹងទទួលរងនូវផលប៉ះពាល់ ដោយការគំរាមកំហែងសិទ្ធិធ្ងន់ធ្ងរ ក្នុងការប្រើប្រាស់ ខណៈច្បាប់នេះ ចេញមកដោយមិនបានធ្វើការជជែកពិភាក្សា ឬដាក់បញ្ចូលនូវតម្រូវការ ដែលស្នើឡើងដោយក្រុមអង្គការសង្គមស៊ីវិលកន្លងមកនោះទេ។
ប្រធានបណ្តាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ បានឆ្លើយតបទៅនឹងការព្រួយបារម្ភខាងលើថា លោកពិតជាមានក្តីបារម្ភពីការធ្លាក់ចុះនៃការបច្ចេញមតិតាមបណ្តាញសង្គម ដោយសារអ្វីដែលបានដឹងមកទាក់ទងការធ្វើសេចក្ដីព្រាងច្បាប់នេះ អាចមានភាពលម្អៀង ហើយមិនបានបម្រើប្រយោជន៍អ្នកប្រើប្រាស់បណ្តាញសង្គមឡើយ។
នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានសម្ដែងកង្វល់ប្រហាក់ប្រហែលគ្នាទៅនឹងប្រធានបណ្តាញយុវជនកម្ពុជាដែរ ដោយអ្នកស្រីមានប្រសាសន៍ថា បើច្បាប់នោះត្រូវបង្កើតឡើង ដូចទៅនឹងខ្លឹមសារបែកធ្លាយកន្លងទៅមែននោះ អ្នកប្រើប្រាស់អាចនឹងប្រឈមជាមួយបញ្ហាដូចជា ទំនុកចិត្តលើការប្រើប្រាស់ និងការឆ្លៀតឱកាសណាមួយ ដែលពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិ។
អ្នកស្រី ចក់ សុភាព បានសំណូមពរទៅកាន់រដ្ឋាភិបាលថា មុននឹងបង្កើតច្បាប់នេះ ត្រូវតែមានការជជែកពិភាក្សាជាមួយអង្គការ ឬអ្នកពាក់ព័ន្ធជាមុនសិន។
ធ្លើយតបទៅនឹងក្តីបារម្ភរបស់អង្គការសង្គមស៊ីវិលនេះ លោកផៃ ស៊ីផាន ជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា អង្គការសង្គមស៊ីវិលមិនគួរមានការព្រួយបារម្ភទាកទង់នឹងច្បាប់គ្រប់គ្រងប្រព័ន្ឋបច្ចេកវិទ្យានេះទេ ព្រោះច្បាប់នេះមិនពាក់ព័ន្ធដល់អ្នកប្រើប្រាស់ប្រព័ន្ធនេះ ក្រៅពីឧក្រិដ្ឋជននោះឡើយ៕