en     km
en     km

ទិវាអន្ដរសាសនាប្រឆាំងការជួញដូរមនុស្សបានរៀបចំឡើងវិញក្រោយខកខាន២ឆ្នាំ

Share

នៅថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមទិវាអន្ដរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោយទិវានេះខកខានរយៈពេល២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ វេទិកាជាតិអន្តរសាសនាឆ្នាំ២០២២នេះ គឺជាលើកទី៦ហើយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀត ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ប្រមាណ ១,៥០០អង្គ/នាក់។

រាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានថ្លែងថា និកាយសាសនា មានចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងបង្ការការជួញដូរមនុស្សតាមរយៈការអប់រំសាសនិករបស់ខ្លួន និងបានណែនាំឱ្យគ្រប់និកាយសាសនាយកថ្ងៃទី២០ សីហា ជាពិធីជួបជុំផ្សេងៗអប់រំសកម្មភាពប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ សហរដ្ឋសហរដ្ឋអាមេរិកបានទម្លាក់ចំណាត់ថ្នាក់កម្ពុជាពីលេខ២ ទៅចំណាត់ថ្នាក់ទី៣ ។ ផ្អែកតាមរបាយការណ៍ ប្រឆាំងស្ដីពីការជួញដូរមនុស្សនៅលើពីភពលោករបស់ក្រសួងការបរទេសអាមេរិក ថារដ្ឋាភិបាលកម្ពុជាមិនបានខិតខំធ្វើអ្វីជាដុំកំភួន ដើម្បីកែលម្អ ហើយមិនបានបំពេញតាមបទដ្ឋានអប្បបរមា ដូចដែលបានកំណត់។ តែយ៉ាងណាមន្ដ្រីកម្ពុជា ទទួលបន្ទុកការជួញដូរមនុស្សបានអះអាងថា រាជរដ្ឋាភិបាលបានខិតខំក្នុងការបង្ក្រាបការជួញដូរមនុស្សគ្រប់រូបភាពកាលពីពេលកន្លងមក។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងនៅក្នុងសន្និសិតសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែសីហា កន្លងទៅថា កម្ពុជាទទួលស្គាល់ពីចំណាត់ថ្នាក់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យ និងត្រូវសិក្សាចំណុចខ្វះខាតបន្ថែមទៀតពីអ្វីដែលគេចង់បាន តែយ៉ាងណាលោកស្រីថា មានការប៉ះទង្គិចអារម្មណ៍ណាស់ ដោយកម្ពុជាប្រឹងប្រែងសឹងគ្មានពេលសម្រាកទេ ក្នុងរឿងនេះ។

រាជរដ្ឋាភិបាលសម្ដេច ហ៊ុន សែននៅថ្ងៃនេះបានអំពាវនាវបន្ថែម ឱ្យរួមគ្នាប្រយុទ្ធប្រយុទ្ធនឹងទង្វើទុច្ចរិត កុំឱ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម កន្លែងលាងលុយ និងជួញដូរមនុស្ស៕

Share

ព័ត៌មានទាក់ទង

Image