យោងតាមបាងកកប៉ុស្ដិ៍ អ្នកព្យាករណ៍បាននិយាយថា ព្យុះទីហ្វុង Noru បានបោកបក់ចូលឆ្នេរសមុទ្រភាគកណ្តាលរបស់ប្រទេសវៀតណាមនៅព្រឹកថ្ងៃពុធ ទី២៨ កញ្ញា ដោយមានខ្យល់បក់និងភ្លៀងធ្លាក់ខ្លាំង
ខណៈដែលមនុស្សរាប់សែននាក់បានជ្រកកោននៅក្នុងទីជម្រក។
នៅទីក្រុង Danang ដែលជាទីក្រុងធំជាងគេទី 3 របស់វៀតណាម មានអគារខ្ពស់ៗរង្គើរដោយខ្យល់ព្យុះដ៏ខ្លាំង ដើមឈើបានដួលរលំ ផ្ទះរបើកដំបូល និងមានដាច់ចរន្តអគ្គិសនីផងដែរ។
មជ្ឈមណ្ឌលឧតុនិយមបាននិយាយថា “ខ្យល់ព្យុះទីហ្វុងចាប់ផ្ដើមនៅចន្លោះទីក្រុង Danang និង Quang Nam” នៅម៉ោង 4 ព្រឹកថ្ងៃទី 28 ខែកញ្ញាដោយមានល្បឿនខ្យល់ចន្លោះពី 103 ទៅ 117 គីឡូម៉ែត្រក្នុងមួយម៉ោង។
មនុស្សជាង 20ម៉ឺននាក់នៅក្នុងប្រទេសវៀតណាមបានជ្រកកោននៅក្នុងជម្រកមួយយប់ បន្ទាប់ពីអ្នកមានការព្យាករណ៍ថាព្យុះនេះនឹងជាព្យុះដ៏ធំបំផុតមិនធ្លាប់មានដែលបានវាយប្រហារប្រទេសវៀតណាម។
ល្បឿនខ្យល់ធ្លាក់ចុះបន្តិច ប៉ុន្តែអ្នកព្យាករណ៍បាននិយាយថានឹងមានភ្លៀងធ្លាក់ខ្លាំង ហើយបានព្រមានពីការបាក់ដី និងមានទឹកជំនន់ធ្ងន់ធ្ងរផងដែរ។
បើតាមប្រព័ន្ធផ្សព្វផ្សាយបានអោយដឹងថាក្រសួងការពារជាតិប្រទេសវៀតណាម បានចល័តទាហានប្រហែល 4ម៉ឺននាក់ និងកងជីវពល 20ម៉ឺននាក់ បំពាក់ដោយរថពាសដែក និងទូក ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ។
អាកាសយានដ្ឋានវៀតណាមស្ទើរតែពាក់កណ្តាលត្រូវបានបិទ សាលារៀន និងការិយាល័យនៅទូទាំងខេត្តភាគកណ្តាល រួមទាំងនៅទីក្រុងដាណាងផងដែរ ត្រូវបានបិទ។
ផ្លូវហាយវេដែលតភ្ជាប់ទីក្រុងហាណូយនៅភាគខាងជើងជាមួយទីក្រុងហូជីមិញនៅភាគខាងត្បូងក៏ត្រូវបានបិទផងដែរ។
អាជ្ញាធរបាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ពួកគេបានជម្លៀសមនុស្សជិត 26ម៉ឺននាក់ចេញពីផ្ទះរបស់ពួកគេ រួមទាំងនៅក្នុងទីក្រុងទេសចរណ៍ដ៏ពេញនិយម Hoi An អោយទៅជ្រកកោននៅសាលាបឋមសិក្សាមួយកន្លែង។
ផ្ទះចំនួន 300 ខ្នងក្នុងខេត្ត Quang Tri ជាប់មាត់សមុទ្របានរបើកដំបូលកាលពីល្ងាចថ្ងៃអង្គារ នៅពេលដែលខ្យល់បានចាប់ផ្តើមបក់បោកខ្លាំង។ នៅតំបន់ Hue ក្បែរនោះ ដើមឈើត្រូវខ្យល់បក់រលំទៅដី។
ប្រភព៖ Bangkok Post ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២