en     km
en     km

ចំនួនភ្ញៀវទេសចរហក់ឡើងប្រមាណ ១លាន ២សែននាក់អំឡុងបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ

Share

ភ្នំពេញ៖ ចំនួនភ្ញៀវទេសចរនៅក្នុងរយៈពេល ៣ថ្ងៃអំឡុងពិធីបុណ្យភ្ជុំបិណ្ឌបានចេញដើរកំសាន្តកើនដល់ជាង ១លាន ២សែននាក់នៅឆ្នាំនេះ។ នេះជាសន្ទុះហក់ឡើងខ្ពស់ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២១ គឺកើនឡើងជិត ៩០ភាគរយ។

លោក ឡាក់ ច័ន្ទតារា  ជូននូវសេចក្ដីរាយការណ៍៖

កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ១លាន ២សែននាក់ ក្នុងរយៈពេលចំនួន ៣ថ្ងៃនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ពោលគឺចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងនោះខេត្តគោលដៅសម្រាប់ភ្ញៀវដើរកម្សាន្ដច្រើនជាងគេ រួមមានខេត្តបាត់ដំបង សៀមរាប និងខេត្តកែប។ នេះបើយោងទៅតាមទិន្នន័យភ្ញៀវទេសចរណ៍ប្រចាំសប្ដាហ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២២នេះ។

ក្នុងចំណោមភ្ញៀវទេសចរណ៍សរុបជាង ១លាន ២សែននាក់នោះ មានភ្ញៀវជាតិច្រើនជាងគេ ដោយភ្ញៀវបរទេសមានចំនួនជាង ១ម៉ឺននាក់តែប៉ុណ្ណោះ។ តួលេខនេះ ក្រសួងទេសចរណ៍បញ្ជាក់ថា មានកំណើន៨៩.៤៣% បើធៀបនឹងរយៈពេល ៣ថ្ងៃដូចគ្នានៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។

បើតាមក្រសួងទេសចរណ៍ដដែល ខេត្តបាត់ដំបងជាតំបន់គោលដៅទេសចរណ៍ដ៏ពេញនិយមមួយ និងមានភ្ញៀវទៅលេង លំដាប់នាំមុខគេ គឺមានជាង ២១ម៉ឺននាក់។ កន្លែងទាក់ទាញចិត្តទេសចរណ៍ទៅច្រើនមានរមណីយដ្ឋានប្រាសាទបាណន់  ភ្នំសំពៅ ប្រាសាទឯកភ្នំ និងមានកន្លែងទាក់ទាញផ្សេងៗទៀត ដូចជាវត្តអារាមជាដើម។

តែយ៉ាងណា លោក អ៊ុចអ៊ុ ភីនីហ៉្សារ៉ា ជាប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងថា មានបញ្ហាប្រឈមខ្លះ ចំពោះភ្ញៀវទេសចរច្រើន មិនអាចអនុវត្តតាមវិធានសុខាភិបាលបានល្អ និងការកកស្ទះចរាចរណ៍តាមកន្លែងទេសចរណ៍ ហើយតំបន់មាត់ស្ទឹងមួយចំនួនមានទឹកច្រើនមិនអាចឱ្យភ្ញៀវទេសចរទៅលេងកម្សាន្ដបាន។

ខេត្តបាត់ដំបងមានគោលដៅទេសចរណ៍នៅទូទាំងខេត្ត ទាំងអស់ចំនួន ១១១ទីតាំង ក្នុងនោះ រមណីយដ្ឋានទេសចរណ៍មានចំនួន២០ទីតាំង សហគមន៍និងអេកូទេសចរណ៍មានចំនួន ៤ ទីតាំងជាមួយគោលដៅទេសចរណ៍មានចំនួន ៥៤ទីតាំង។ រីឯទេសចរណ៍សាសនាវិញមានចំនួន ២៩ ទីតាំង និងកសិទេស ចរណ៍មានចំនួន ៤ ទីតាំង។ នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

យ៉ាងណាខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ដ្រ នៃឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺទទួលបានភ្ញៀវទេសចរលំដាប់ទី ២ មានជាង ១៤ម៉ឺននាក់។ បន្ទាប់ពីនេះ គឺខេត្តកែប ដែលជាទេសចរណ៍សមុទ្រ មានភ្ញៀវជាង១១ម៉ឺននាក់៕

Share

Image
Image
Image